នៅក្នុងចំណោមក្រុមហ៊ុនផលិតឈីបក្នុងស្រុករបស់ចិនទាំង ១៩០ ដែលទទួលបានប្រាក់ឧបត្ថម្ភធនពីរដ្ឋនោះ មានក្រុមហ៊ុនធំជាងគេបំផុតចំនួន១០ ទទួលបានការឧបត្ថម្ភធនរហូតដល់ ៤៥% នៃទំហំទឹកប្រាក់សរុបជិត២ពាន់លានដុល្លារដែលរដ្ឋបានផ្ដល់ជូននោះ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានចិន អ៊ីជីវៃ (Ijiwei) ដែលបានចងក្រងទិន្នន័យនេះ។
របាយការណ៍នេះ គឺមានគ្របដណ្ដប់តែលើក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងចិនដីគោកប៉ុណ្ណោះ ដែលរួមទាំងនៅក្នុងទីក្រុងស៊ាងហៃ និងស៊ិនជីន។ ទោះយ៉ាងណា ក្រុមហ៊ុនជាច្រើនទៀត ដែលមិនបានចុះបញ្ជី ក៏ទទួលបានការគាំទ្រពីរដ្ឋាភិបាលចិនដែរ រួមទាំងការផ្ដល់ជាប្រាក់កម្ចី និងការវិនិយោគផ្ទាល់។
ក្នុងចំណោមក្រុមហ៊ុនផលិតបន្ទះឈីបទាំងអស់ គឺក្រុមហ៊ុនចិន SMIC គឺទទួលបានការឧបត្ថម្ភធនច្រើនជាងគេបំផុតដល់ទៅប្រមាណជាង ២៨០លានដុល្លារអាមេរិក។
ការទទួលបានដើមទុនបន្ថែមពីរដ្ឋសម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុករបស់ចិននេះ គឺបង្ហាញឲ្យឃើញពីការជំរុញបង្កើនសមត្ថភាព និងប្រសិទ្ធភាពក្នុងការផលិតបន្ទះឈីបដោយខ្លួនឯងរបស់ទីក្រុងប៉េកាំង នៅចំពេលដែលសង្គ្រាមបច្ចេកវិទ្យារវាងចិន និងអាមេរិកកំពុងកើនឡើងកាន់តែខ្លាំង។
សហរដ្ឋអាមេរិក នៅមួយរយៈចុងក្រោយនេះ មានការរឹតត្បិតខ្លាំងមែនទែន លើការនាំចេញឧបករណ៍សម្រាប់បម្រើដល់ការផលិតបន្ទះឈីបទៅកាន់ប្រទេសចិន ដោយក្នុងនោះក្រុមហ៊ុនឈីបរបស់ចិនចំនួន៣០ ត្រូវបានអាមេរិកដាក់ចូលក្នុងបញ្ជីរឹតត្បិតការនាំចេញ។ មិនត្រឹមតែប៉ុណ្ណោះ អាមេរិកថែមទាំងបានកៀរគរសម្ព័ន្ធមិត្តបស់ខ្លួនមួយចំនួនទៀត ដូចជាជប៉ុន និងនូវេសេឡង់ជាដើម ឲ្យចូលរួមក្នុងការររិតត្បិតការនាំចេញឧបករណ៍ទាំងនេះទៅកាន់ប្រទេសចិនដូចគ្នាដែរ៕