ទំនប់វារីអគ្គិសនី ប៉ាយហឺថាន មានទីតាំងនៅលើដងទន្លេ ជិនសាផ្នែងខាងលើ ហើយដែលស្ថិតនៅភាគនិរតីនៃប្រទេសចិន។ ទំនប់វារីអគ្គិសនីនេះ ត្រូវបានចាត់ទុកជាទំនប់ធំជាងគេក្នុងពិភពលោក ដោយវាមានម៉ាស៊ីនសម្រាប់ផលិតអគ្គិសនីចំនួន១៦ ដោយម៉ាស៊ីនផលិតនីមួយៗមានសមត្ថភាពផលិតអគ្គិសនីបាន ១លានគីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ ដូចច្នេះនៅក្នុងពេលពេញមួយឆ្នាំ ទំនប់ប៉ាយហឺថាន អាចផលិតអគ្គិសនីបានជាង ៦២ពាន់លានគីឡូវ៉ាត់ម៉ោង។
ទំនប់វារីអគ្គិសនីធំជាងគេក្នុងលោកមួយនេះ សាងសង់ឡើងជាមួយនឹងទំហំទឹកប្រាក់ ជិត ៣៥ពាន់លានដុល្លារអាមេរិក ដោយបានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០១៧មកម្ល៉េះ។ បច្ចុប្បន្នគេសាងសង់បានចំនួន ២ម៉ាស៊ីន ហើយម៉ាស៊ីនទាំងពីរក៏កំពុងដំណើរការផលិតផងដែរ ខណៈ១៤ម៉ាស៊ីនទៀតគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង ត្រឹមខែកក្កដាឆ្នាំ២០២២។
ការកសាងទំនប់នេះឡើង គឺជាគម្រោងដ៏សំខាន់មួយនៅក្នុងកម្មវិធីបញ្ចូនថាមពលអគ្គិសនីពីភាគខាងលិចទៅភាគខាងកើតប្រទេសចិន ព្រមទាំងចូលរួមដល់កម្មវិធីថែរក្សាបរិស្ថានរបស់រដ្ឋចិន តាមរយៈការកាត់បន្ថយថាមពល ដែលប៉ះពាល់ដល់ធម្មជាតិ និងបង្កើនការប្រើប្រាស់ថាមពលដែលអាចក៏កើតឡើងវិញ ឬហៅថាមពលបៃតង។
ជាក់ស្តែង ជាមួយនឹងអគ្គិសនីដែលផលិតបានពីម៉ាស៊ីនទាំង១៦របស់វា អាចយកទៅជំនួស និងសន្សំសំចៃ ការប្រើប្រាស់អគ្គិសនីដែលបានពីថាមពលធ្យូងថ្មដល់ទៅជាង ២០លានតោន ដែលប្រការនេះនឹងជួយកាត់បន្ថយ ការបំភាយឧស្ម័នកាបូនឌីអុកស៊ីតចំនួន ៥០ លានតោន ស៊ុលហ្វាតឌីអុកស៊ីត ១៧ម៉ឺនតោន និងអុកស៊ីដអាសូត ១៥ម៉ឺនតោនជារៀងរាល់ឆ្នាំ។
សូមបញ្ជាក់ថា ឧស្ម័នទាំងនេះសុទ្ធសឹងជាឧស្ម័នដែលបំផ្លាញស្រទាប់អូហ្សូន ប៉ះពាល់ខ្លាំងដល់បរិយាកាសផែនដី និងធ្វើឲ្យភពផែនដីឡើងកំដៅជាដើម៕