
ក្រុមអ្នកជំនាញយល់ឃើញថា ការផ្អាកនេះ ក៏អាចជាឱកាសមួយសម្រាប់កម្ពុជា ក្នុងជំរុញការដាំដុះ និងនាំចេញសណ្តែកសៀងទៅកាន់ទីផ្សារចិន ផងដែរ ប្រសិនបើកម្ពុជា ខិតខំទំនាក់ទំនង និងចរចាជាមួយភាគីចិន។ តែយ៉ាងណាចំនួននៃការផ្គត់ផ្គង់សណ្ដែកសៀងនៅកម្ពុជា ហាក់មានតិចតួចនៅឡើយ។
ក្រោមសម្ពាធពន្ធរបស់សហរដ្ឋអាម៉េរិក បានជំរុញឱ្យចិនសម្រេចផ្អាកនាំចូលសណ្តែកសៀង និងពោតពីសហរដ្ឋអាម៉េរិក ជាបណ្តោះអាសន្ន ដើម្បីផ្ចាញ់តបនឹងវិធានការពន្ធរបស់មហាអំណាចផុតលេខមួយនេះ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ការផ្អាកនាំចូលសណ្តែងសៀងរបស់ចិននេះ អាចជាការបើកឱកាសមួយសម្រាប់កម្ពុជា ក្នុងការជំរុញការដាំដុះ និងនាំចេញសណ្តែងសៀងទៅកាន់ទីផ្សារចិន ប្រសិនបើប្រទេសនេះពិតជាមានតម្រូវការនាំចូលពីកម្ពុជា។ សម្រាប់អ្នកជំនាញរូបនេះ ប្រសិនបើកម្ពុជា ពិតជាអាចនាំចេញសណ្តែកសៀងទៅកាន់ទីផ្សារចិន មែននោះ វារឿងល្អសម្រាប់កសិករ និងវិស័យកសិកម្មរបស់កម្ពុជា។ តែយ៉ាងណាលោកជឿជាក់ថា មហាអំណាចទាំងពីរនេះអាចនឹងមានការចរចាគ្នានាពេលខាងមុខ។
ជាមួយគ្នានេះ លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ យល់ឃើញថា ការនាំចេញសណ្ដែកសៀងរបស់កម្ពុជា ទៅកាន់ប្រទេសចិន អាចមានឱកាស ប្រសិនបើចិន មានទំនាក់ទំនងកម្មង់ទិញពីកម្ពុជា ដោយបង្ហាញពីតម្រូវការជាក់លាក់ ប្រភេទពូជ គុណភាព និងតម្លៃរបស់សណ្ដែកសៀង ដែលចិន អាចទិញពីកម្ពុជាបាន។ តែយ៉ាងណាអ្នកជំនាញរូបនេះជឿជាក់ថា សណ្តែងសៀងរបស់កម្ពុជា អាចនឹងពិបាកប្រកួតប្រជែងជាមួយសណ្តែងសៀងរបស់បណ្តាប្រទេសដទៃ ដោយកសិករដាំសណ្ដែកសៀងនៅកម្ពុជា ធ្វើលើទំហំដីតូចៗ ប្រើកម្លាំងពលកម្មច្រើន ការចំណាយថ្លៃដើមខ្ពស់ រួមផ្សំការរើសពូជក៏មិនទាន់បានល្អផងនោះ ត្រូវទាមទារឱ្យលក់ចេញក្នុងតម្លៃសមរម្យ។
បើតាមលោក ច័ន្ទ សុផល ដើម្បីអាចនាំចេញសណ្ដែកសៀងពីកម្ពុជា ទៅកាន់ប្រទេសចិន តម្រូវឱ្យមានការឯកភាពរវាងភាគីទាំងពីរជាមុនសិន ដូចជាចរចាកំណត់ស្ដង់ដា និងអនាម័យមុននឹងនុញ្ញាតឱ្យនាំចូលទៅទីផ្សារប្រទេសចិន។ ជាមួយគ្នានេះ ខ្សែច្រវាក់ផ្គត់ផ្គង់សណ្ដែកសៀងនៅកម្ពុជាវិញនៅមានតិចតួចនៅឡើយ គឺមិនអាចជួយផ្គត់ផ្គង់បានគ្រប់គ្រាន់តាមតម្រូវការរបស់ប្រទេសចិន ដែលមានរាប់លានតោនបាននោះទេ៕
អត្ថបទ ៖ ជា ម៉ារ៉ា