ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោក បានចាប់ផ្តើមសាកល្បងប្រើរូបិយប័ណ្ណឌីជីថលធនាគារកណ្តាលសម្រាប់ធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនជាមួយប្រទេសអារ៉ាប៊ីសាអូឌីត និងបណ្ដាដៃគូផ្សេងទៀត រួមមាន ហុងកុង ថៃ និងអេមីរ៉ាតអារ៉ាប់រួម ជាដើម។ ទន្ទឹមនេះស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងស្ថាប័នធំៗផ្សេងទៀតក៏កំពុងចូលរួមឃ្លាំមើលដំណើរការនេះផងដែរ។
សូមបញ្ជាក់ថា រូបិយប័ណ្ណឌីជីថលធនាគារកណ្តាល ប្រើប្រាស់បច្ចេកវិទ្យា Blockchain ដើម្បីកត់ត្រាប្រតិបត្តិការទូទាត់។ យោងតាមធនាគារកណ្ដាលចិន បានឱ្យដឹងថា រូបិយប័ណ្ណឌីជីថលធនាគារកណ្តាល ជួយឱ្យការទូទាត់ឆ្លងដែនបញ្ចប់ប្រតិបត្តិការដោយជោគជ័យក្នុងរយៈពេលខ្លីត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ និងកាត់បន្ថយការចំណាយរហូតដល់ទៅ៥០%។
លោក លូ ឡី (Lu Lei) ទេសាភិបាលរងធនាគារកណ្ដាលចិន បានលើកឡើងកាលពីខែកញ្ញា ថា ធនាគារកណ្តាលចិន មានគោលដៅលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធហិរញ្ញវត្ថុពិភពលោកក្រោមក្របខណ្ឌពហុភាគី។ លោកបានគូសបញ្ជាក់ថា ការសាកល្បងថ្មីនេះផ្ដោតលើការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងការទូទាត់ឆ្លងដែន។
សូមបញ្ជាក់ថា បច្ចុប្បន្នការទូទាត់ជាអន្តរជាតិ តាមរយៈប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ត្រូវឆ្លងកាត់ធនាគារអន្តរការី ឬធនាគារទំនាក់ទំនងរបស់ធនាគារអ្នកទទួលប្រាក់ជាច្រើនដែលមានលក្ខណៈស្មុគស្មាញ ហើយត្រូវការចំណាយពេលយូរចន្លោះពីពីរថ្ងៃ ទៅមួយសប្តាហ៍ ដើម្បីបញ្ចប់ប្រតិបត្តិការដោយជោគជ័យ។
ទន្ទឹមនេះ ការទូទាត់ឆ្លងដែនជាធម្មតាក៏ត្រូវបានធ្វើឡើងជាប្រាក់ដុល្លារផងដែរ។ ការផ្ទេរប្រតិបត្តិការទូទាត់ដែលអស់ថ្លៃសេវាទាបដោយប្រើរូបិយប័ណ្ណឌីជីថលធនាគារកណ្តាល (CBDC) អាចជួយលើកកម្ពស់ប្រតិបត្តិការទូទាត់ក្រៅពីប្រាក់ដុល្លារ និងទប់ស្កាត់ការពឹងផ្អែករបស់មហាយក្សចិនលើប្រាក់ដុល្លារផងដែរ៕
ដោយ: តែម សុខុម