ការប្ដេជ្ញាចិត្ដដ៏សម្បើមនេះ ត្រូវបានធ្វើឡើង ស្របពេលដែលប្រទេសទាំងពីរ បានយល់ព្រមហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា លើឯកសារសំខាន់ៗចំនួន៥ សំដៅដល់ការជំរុញកំណើនសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី ឲ្យកាន់តែខ្លាំងក្លាថែមទៀតនៅអនាគត។
លោក Uttama Savanayana រដ្ឋមន្ត្រី ក្រសួងឧស្សហកម្មថៃ បានឲ្យដឹងថា រដ្ឋាភិបាលប្រទេសទាំងពីរ គឺចិន និងថៃ បានចុះអនុស្សារណៈយោគយល់គ្នា ចំនួន ៥ នៅលើគម្រោងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ដោយការចុះហត្ថលេខានេះ នឹងនាំឲ្យប្រទេសថៃ មានការអភិវឌ្ឍកម្លាំងពលកម្មក្នុងស្រុកសម្រាប់ឧស្សាហកម្មគោលដៅចំនួន ១១ និងជួយដល់ការអនុវត្ដបច្ចេកវិទ្យា និងការច្នៃប្រឌិត ដើម្បីបម្រើឲ្យប្រទេសថៃនូវចក្ខុវិស័យឧស្សហកម្ម 4.0 ។
តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះដែរ ប្រទេសថៃ និងចិន បានដាក់គោលដៅរួមគ្នានឹងបង្កើនយុទ្ធសាស្ត្រពាណិជ្ជកម្ម និងភាពជាដៃគូវិនិយោគ ឲ្យបានដល់ ១៤០ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២១ ខណៈដែលបច្ចុប្បន្នមាន ៧៣ពាន់លានដុល្លារអាមេរិក។
ឧបនាយករដ្ឋមន្ត្រីថៃ លោក Somkid Jatusripitak បាននិយាយថា ប្រទេសថៃ នឹងស្វាគមន៍វិនិយោគិនចិន ហើយលោកជឿជាក់ថា ប្រទេសថៃ នឹងក្លាយជាផ្លូវចូលដ៏សំខាន់សម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍ផ្សេងទៀត ដែលជាកន្លែងសម្រាប់ប្រទេសចិន ពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងតំបន់។
លោក វ៉ាង យ៉ុង សមាជិក ក្រុមប្រឹក្សារដ្ឋចិន បានលើកឡើងដែរថា ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត EEC នេះ បានធ្វើឲ្យថៃមានភាពទាក់ទាញសម្រាប់ការវិនិយោគកាន់តែខ្លាំងនៅក្នុងតំបន់ ហើយវិនិយោគិនចិន ក៏កំពុងតែដាក់ការចាប់អារម្មណ៍យ៉ាងខ្លាំង លើការវិនិយោគ គម្រោងទាក់ទងនឹងច្រករបៀង EEC នេះ ដូចជា គម្រោងផ្លូវរថភ្លើងល្បឿនលឿនដែលតភ្ជាប់ទៅអាកាសយានដ្ឋានអន្តរជាតិចំនួន៣ ក្នុងប្រទេសថៃ គម្រោងយានយន្ដជំនាន់ថ្មី ការដឹកជញ្ជូនឆ្លាតវៃ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអប់រំ ថាមពល ទេសចរណ៍ និងផ្កាយរណបជាដើម។
ក្រៅអំពី ជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ប្រទេសចិន ក៏ត្រូវបានគេស្គាល់ថា ជាវិនិយោគិនបរទេសធំបំផុតលំដាប់ទី ៥ ដែលបានវិនិយោគក្នុងប្រទេសថៃផងដែរ ដែលមានទុនវិនិយោគពី ១២០០ លានដុល្លារ ទៅ ១៨០០ លានដុល្លារអាមេរិក។
គួរជម្រាបថា បើគិតនៅក្នុងតំបន់អាស៊ាន មិនត្រឹមតែប្រទេសថៃតែមួយនោះទេ ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ចិន។ តួយ៉ាង ទំហំពាណិជ្ជកម្ម រវាង ចិន និងម៉ាឡេស៊ី ឆ្នាំ២០១៧ មានជាង ៩៦ពាន់លានដុល្លារ និងរំពឹងថា នឹងកើនដល់ ១០០ពាន់លានដុល្លារ នៅឆ្នាំ២០១៨នេះ។ ដោយឡែក ទំហំពាណិជ្ជកម្មរវាង ចិន និងវៀតណាមវិញ នៅឆ្នាំ២០១៧ មានជាង ៩៣ពាន់លានដុល្លារអាមេរិក ហើយនៅឆ្នាំនេះ រំពឹងថា នឹងកើនដល់ ១០០ពាន់លានដុល្លារអាមេរិក។
រីឯទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជា ហាក់មាននៅមានចំនួនតិចតួចនៅឡើយបើធៀបនឹងប្រទេសក្នុងតំបន់ខាងលើនេះ តែយ៉ាងណាបើគិតក្នុងក្របខណ្ឌនៃប្រទេសកម្ពុជាខ្លួនឯងវិញ ពាណិជ្ជកម្មរវាងកម្ពុជា និងចិន គឺមានទំហំធំ បើធៀបនឹងទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយនឹងប្រទេសផ្សេងទៀត។ ជាក់ស្ដែង នៅឆ្នាំ ២០១៧ ទំហំពាណិជ្ជកម្ម កម្ពុជា និងចិន មានជាង ៥ពាន់លានដុល្លារ និងគ្រោងជំរុញឲ្យបានដល់ ជាង ៦ពាន់លាននៅឆ្នាំនេះ និងឆ្នាំក្រោយ៕