
តាមរយៈលិខិតមួយច្បាប់ចុះថ្ងៃទី៩ ខែឧសភា ផ្ញើទៅកាន់រដ្ឋបាលលោក ដូណាល់ ត្រាំ ប្រធានសហព័ន្ធពាណិជ្ជកម្មតំណាងឱ្យក្រុមហ៊ុនផលិតរថយន្តធំៗជុំវិញពិភពលោក រួមមាន ក្រុមហ៊ុន General Motors ក្រុមហ៊ុន Toyota ក្រុមហ៊ុន Volkswagen ក្រុមហ៊ុន Hyundai និងក្រុមហ៊ុនផលិតរថយន្តធំៗផ្សេងទៀត បានព្រមានថា ការរឹតបន្តឹងលើរ៉ែកម្ររបស់មហាយក្សចិន អាចនឹងធ្វើឱ្យការផលិតរថយន្តជាប់គាំងក្នុងពេលដ៏ខ្លីខាងមុខ ហើយនេះ គឺជាក្ដីបារម្ភដ៏ធំដែលត្រូវដោះស្រាយជាបន្ទាន់។
សមាគមពាណិជ្ជកម្មមានមូលដ្ឋាននៅក្រុងវ៉ាស៊ីនតោន ដែលមានឈ្មោះថា សម្ព័ន្ធដើម្បីនវានុវត្តន៍រថយន្ត បានសរសេរលិខិតផ្ញើទៅរដ្ឋបាលលោក ដូណាល់ ត្រាំ ថា ប្រសិនបើគ្មានការផ្គត់ផ្គង់វត្ថុធាតុដើមដ៏សំខាន់ដូចបានរៀបរាប់ខាងលើទេ នោះបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់រថយន្តនឹងមិនអាចផលិតគ្រឿងបង្គុំរថយន្តសំខាន់ៗរួមមានប្រអប់លេខអូតូ ម៉ូទ័រ ស៊ិនស័រ អំពូលភ្លើង និងកាមេរ៉ាបានឡើយ។
លិខិតដែលបានចុះហត្ថលេខាដោយសមាគមអ្នកផលិតម៉ូទ័រ និងឧបករណ៍រថយន្ត និង សមាគមអ្នកផ្គត់ផ្គង់រថយន្តផងដែរនេះ បានគូសបញ្ជាក់ថា បើគ្មានគ្រឿងបង្គុំរថយន្តសំខាន់ៗទាំងនេះទេ វាអាចនាំឱ្យបណ្ដារោងចក្រផលិតរថយន្តអាម៉េរិក ឈានទៅដល់ការកាត់បន្ថយផលិតកម្ម ឬអាចបិទខ្សែច្រវាក់ដំឡើងរថយន្តតែម្ដង។
ទាំងលោក ចន បូហ្សេឡា (John Bozzella) នាយកប្រតិបត្តិសម្ព័ន្ធដើម្បីនវានុវត្តន៍រថយន្តនិងលោក ប៊ីល ឡង (Bill Long) នាយកប្រតិបត្តិសមាគមអ្នកផលិតម៉ូទ័រ និងឧបករណ៍រថយន្តបានលើកឡើងថា ស្ថានភាពនេះមិនទាន់មានការដោះស្រាយនៅឡើយទេ ហើយនៅតែជាក្ដីបារម្ភ។ ទន្ទឹមនេះ លោកទាំងពីរ ក៏បានបង្ហាញការអរគុណដល់រដ្ឋបាលលោក ដូណាល់ ត្រាំ ផងដែរ ចំពោះការចូលរួមទប់ស្កាត់ការរាំងស្ទះដល់ផលិតកម្មរថយន្ត និងខ្សែច្រវាក់ផ្គត់ផ្គង់របស់សហរដ្ឋអាម៉េរិក៕
ដោយ: តែម សុខុម