ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា ការផ្ដល់ជូនវ៉ាក់សាំងទៅកាន់ប្រទេសក្រីក្រ អាចនឹងពង្រីកឥទ្ធិពលក្រុងប៉េកាំងកាន់តែខ្លាំងឡើង ប៉ុន្ដែ វ៉ាក់សាំងទាំងនោះ ក៏ត្រូវតែមានការបញ្ជាក់គុណភាពដែលត្រូវទៅតាមស្ដង់ដារអន្តរជាតិផងដែរ។
ប្រទេសចិន បានដាក់គោលដៅ ផលិតវ៉ាក់សាំងសម្រាប់ចាក់ជូនពលរដ្ឋរបស់របស់ខ្លួនឲ្យបានដល់ ៧០% នៃប្រជាជនសរុប ឬស្មើនឹងចំនួនប្រជាជនជិត ១ពាន់លាននាក់ ដែលចំនួននេះ គឺប្រហាក់ប្រហែលនឹងចំនួនវ៉ាក់សាំងដែលនឹងត្រូវនាំចេញគិតត្រឹមចុងឆ្នាំ២០២១ដែរ។ នេះបើតាមការអះអាងពី ប្រធានសមាគមវ៉ាក់សាំងចិន។
កាលពីខែ មីនា មានវ៉ាក់សាំងកូវីដ-១៩ ជាង ១០០លានដូសត្រូវបានចិននាំចេញ ដែលមានប្រហែលគ្នាទៅនឹងវ៉ាក់សាំងនាំចេញរួមគ្នា ដោយឥណ្ឌា និងសហភាពអឺរ៉ុប។
ប្រធានសមាគមវ៉ាក់សាំងចិន បាននិយាយថា ចិនមានគោលដៅ ផលិតវ៉ាក់សាំងកូវីដ-១៩ ឲ្យបានដល់ ៥ពាន់លានដូសនៅត្រឹមចុងឆ្នាំ២០២២ ខណៈដែលបច្ចុប្បន្ន ប្រទេសចិនកំពុងសាងសង់អគារខ្សែចង្វាក់ផលិតកម្មវ៉ាក់សាំងខ្នាតធំចំនួន ១៨អគារ។
ក្រុមហ៊ុន Biotec ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរដ្ឋចិន China National Pharmaceutical Group ដែលផលិត វ៉ាក់សាំង Sinopharm និង Sinovac បានផលិតវ៉ាក់សាំង ២៥០លានដូសរួចហើយ ដែលត្រូវបានចាក់នៅក្នុងប្រទេសចិន និងនៅប្រទេសមួយចំនួនទៀត។
កំណើនផលិតកម្មនៅក្នុងប្រទេសចិន មានន័យថាចិននឹងមានឱកាសកាន់តែប្រសើរ នៅក្នុងការបង្កើនឥទ្ធិពលក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍ ហើយជាមួយគ្នានេះ ឥណ្ឌា និងរុស្ស៊ីក៏នឹងចូលរួមចំណែកក្នុងការចែកចាយវ៉ាក់សាំងនៅក្នុងសកលលោកផងដែរ។ ក៏ប៉ុន្ដែ វ៉ាក់សាំងរបស់ចិន ក៏ត្រូវបានអ្នកជំនាញមួយចំនួនព្រមានផងដែរថា វាត្រូវការបង្កើនគុណភាពឲ្យល្អថែមទៀត ដើម្បីត្រូវតាមស្ដង់ដារអន្តរជាតិ និងទទួលបានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក មុននឹងត្រូវបានពិភពលោកទទួលស្គាល់ថា ចិនជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងដ៏ធំជាអន្តរជាតិបាន៕