លោក វ៉ាង សៅតៅ ប្រធាននៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន បានលើកឡើងថា ប្រទេសចិន ជាប្រទេសកំពុងតែអភិវឌ្ឍន៍ ដែលមានបញ្ហាប្រឈមជាច្រើននៅក្នុងស្រុក ដែលត្រូវដោះស្រាយ ដូចជា ការអភិវឌ្ឍទីក្រុង និងជនបទ គ្មានតុល្យភាពជាដើម ហើយរឿងជំនួយបរទេស ជារឿងដែលត្រូវពិចារណាឡើងវិញ។
លោក ពន្យល់ថា ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន ត្រូវបានបង្កើតឡើងកាលពី ពាក់កណ្តាលឆ្នាំ ២០១៨ ដែលជាការកែទម្រង់ថ្មី សម្រាប់ការគ្រប់គ្រងជំនួយបរទេស ស្របតាមផ្នត់គំនិត គិតធំ និងគិតឲ្យបានវែងឆ្ងាយ របស់រដ្ឋាភិបាលចិន។
លោក វ៉ាង សៅតៅ បានបញ្ជាក់ថា សម្រាប់យុគសម័យថ្មី គឺមានតម្រូវការថ្មី ហើយជំនួយបរទេស ក៏ត្រូវមានទំនួលខុសត្រូវថ្មីដែរ ពោលគឺ ត្រូវបម្រើដល់ចំណងការទូត របស់ប្រទេសជាដៃគូ និងបង្ហាញពី យុត្តិធម៌ និងមេត្តាធម៌ ដែលប្រទេសចិន ភ្ជាប់ជាមួយជំនួយនោះ។
គួរជម្រាបដែរថា ប្រទេសចិន បានផ្តល់ជំនួយបរទេសដល់ បណ្តាប្រទេសចំនួន ១២១ ដែលមានទំហំទឹកប្រាក់ ខុសៗគ្នាទៅតាមប្រទេសនីមួយៗ ហើយកាលពីឆ្នាំ ២០១៨ ប្រទេសចិន បានផ្តល់ជំនួយជាង ៦០ពាន់លានដុល្លារអាមេរិកដល់ ប្រទេសមួយចំនួន ក្នុងទ្វីបអាហ្រ្វិក និងផ្តល់កម្ចីប្រមាណ ២០ពាន់លានដុល្លារដល់ ប្រទេសមួយចំនួន នៅមជ្ឈឹមបូព៌ា៕