រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉ាង វិនតាវ (Wang Wentao) កាលពីដើមសប្តាហ៍នេះ បានសម្តែង «ការមិនពេញចិត្តយ៉ាងខ្លាំង» ចំពោះសហភាពអឺរ៉ុប ដែលកំពុងធ្វើការស៊ើបអង្កេតលើការនាំចេញយានយន្តអគ្គិសនី និងផលិតផលពាក់ព័ន្ធរបស់ប្រទេសចិនមួយចំនួនទៀត ដោយទីក្រុងប៉េកាំងចាត់ទុកទង្វើរបស់សហភាពអឺរ៉ុបថា ជា«ការស៊ើបអង្កេតដែលខ្វះភស្តុតាងជាក់ស្តែង»។
ការមិនពេញចិត្តរបស់រដ្ឋមន្ត្រីរូបនេះបានធ្វើឡើងបន្ទាប់ពីសភាពាណិជ្ជកម្មចិន ប្រចាំនៅសហភាពអឺរ៉ុបបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងបង្កើតក្រុមការងារមួយដើម្បីជា «សំឡេងរួម» មួយ សម្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់ចិន នៅតំបន់អឺរ៉ុប។
ជាមួយគ្នានេះខាងស្ថាប័នរដ្ឋចិន ក៏មានការស្នើឱ្យស្វែងរកការទទួលស្គាល់ទៅវិញទៅមកសម្រាប់«ស្តង់ដារ» របស់យានយន្តអគ្គិសនីជាមួយនឹងសហភាពអឺរ៉ុប ដោយជំរុញសិទ្ធិកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនចិននៅបរទេស និងការកែលម្អការតភ្ជាប់ដឹកជញ្ជូនទាក់ទងនឹងពាណិជ្ជកម្ម។
សូមរំលឹកថា គណៈកម្មការអឺរ៉ុបបានចាប់ផ្តើមធ្វើការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនទៅលើយានយន្តអគ្គិសនីរបស់ចិន កាលពីឆ្នាំមុន ខណៈដែលសហរដ្ឋអាម៉េរិក បានរារាំងសម្ភារផលិតថ្មអាគុយសម្រាប់យានយន្តអគ្គីសនី មកពីប្រទេសចិន ដោយអាមេរិកបានចាត់ទុកថាជា«អង្គភាពបរទេសបង្កការព្រួយបារម្ភសម្រាប់អាម៉េរិក»។
ក្រុមអ្នកវិភាគរបស់ក្រុមហ៊ុនហិរញ្ញវត្ថុ Moody នៅសហរដ្ឋអាម៉េរិក បាននិយាយកាលពីដើមខែកុម្ភៈថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី របស់ចិនទទួលបាន«ការឧបត្ថម្ភធនពីរដ្ឋាភិបាលច្រើនខុសពីធម្មតា ដែលបានជួយកាត់បន្ថយចំណាយលើខ្សែច្រវាក់ផលិតកម្មរបស់ពួកគេ»៕
អត្ថបទ៖ សុខ ជា