ស្របពេលខ្លួនកំពុងប្រឈមនឹងការគំរាមពីប្រធានាធិបតីអាម៉េរិក ទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ ដែលព្រមានដំឡើងពន្ធគយលើស៦០%លើទំនិញចិន បណ្ដាក្រុមហ៊ុនសហគ្រាសផលិតនៅចិន កំពុងមានការព្រួយបារម្ភចំពោះបញ្ហានេះក្នុងការធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម និងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ។ កត្តានេះ បានជំរុញឱ្យក្រុមហ៊ុនជាច្រើនបង្ខំចិត្តផ្លាស់ប្ដូរទីតាំងរោងចក្ររបស់ខ្លួនមកកាន់តំបន់អាស៊ាន និងទៅឆ្ងាយលើសពីនេះ ខណៈដែលបណ្ដាអ្នកនាំចេញត្រៀមខ្លួនសម្រាប់ការរអាក់រអួលដំណើរការពាណិជ្ជកម្មដែលអាចកើតមាន។
ពាណិជ្ជកម្មបានក្លាយជាប្រភពដ៏កម្រនៃកំណើនសេដ្ឋកិច្ចចិន នាពេលថ្មីៗនេះ ខណៈដែលការធ្លាក់ចុះតម្រូវការក្នុងស្រុក និងការដាំក្បាលចុះ នៃទីផ្សារអចលនទ្រព្យ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចចិនទាំងមូលធ្លាក់ចុះ។ ក្រសួងពាណិជ្ជកម្មចិន បានអះអាងក្នុងសេចក្តីថ្លែងការណ៍មួយថា ចិននឹងលើកទឹកចិត្តឱ្យគ្រឹះស្ថានហិរញ្ញវត្ថុជួយផ្តល់ផលិតផល ឬសេវាហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីជួយក្រុមហ៊ុននានាក្នុងការគ្រប់គ្រងហានិភ័យរូបិយប័ណ្ណ ក៏ដូចជាដើម្បីពង្រឹងគោលនយោបាយនានាក្នុងគោលបំណងរក្សាប្រាក់យន់របស់ចិន ឱ្យមានស្ថិរភាពសមស្រប។
ជាមួយគ្នានេះប្រទេសចិន ក៏នឹងបង្កើនការនាំចេញផលិតផលកសិកម្ម និងគាំទ្រដល់ការនាំចូលគ្រឿងចក្រ និងឧបករណ៍សំខាន់ៗ ព្រមទាំងផលិតផលថាមពល ដូចជាប្រេង ឧស្ម័ន ធ្យូងថ្ម និងអគ្គិសនីផងដែរ។
សូមបញ្ជាក់ថា ក្រុមទីប្រឹក្សារដ្ឋាភិបាលចិន កំពុងផ្តល់អនុសាសន៍ឱ្យក្រុងប៉េកាំង ធ្វើយ៉ាងណារក្សាឱ្យបាននូវគោលដៅកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ៥% សម្រាប់ឆ្នាំ២០២៥ ដោយជំរុញឱ្យមានវិធានការសារពើពន្ធកាន់តែខ្លាំង ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកទៅលើការនាំចេញរបស់ប្រទេសចិន៕
ដោយ: តែម សុខុម