ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម លោក តូ ឡឹម ទៅកាន់ទីក្រុងប៉េកាំង ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកចាប់តាំងពីត្រូវបានតែងតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម កាលពីដើមខែសីហា នេះ បានបង្ហាញពីបំណងចង់ពង្រឹងទំនាក់ទំនងជាមួយមហាយក្សចិន ស្របពេលដែលពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរកើនឡើង ទោះបីជាមានការប៉ះទង្គិចម្តងម្កាលលើព្រំដែននៅសមុទ្រចិនខាងត្បូង យ៉ាងណាក្ដី។
លោក ស៊ី ជីនភីង បានលើកឡើងថា ប្រទេសចិន តែងតែចាត់ទុកប្រទេសវៀតណាម ជាអាទិភាពមួយក្នុងទំនាក់ទំនងការទូតរបស់ខ្លួន ដែលនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងការងារល្អ និងមិត្តភាពផ្ទាល់ខ្លួនរបស់លោក ស៊ី ជីនភីន ជាមួលោក តូ ឡឹម។ ចំណែកឯលោក តូ ឡឹម បានចាត់ទុកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរថា ជាអាទិភាពកំពូលក្នុងគោលនយោបាយខាងក្រៅរបស់វៀតណាម ហើយថា ដំណើររបស់លោកទៅកាន់ប្រទេសចិន បង្ហាញពីជំហររបស់បក្សកុម្មុយនីស្តវៀតណាម និងរដ្ឋាភិបាលវៀតណាម ដែលឱ្យតម្លៃទំនាក់ទំនងជាមួយប្រទេសចិន។
យោងតាមសេចក្តីថ្លែងការណ៍មួយផ្សាយលើគេហទំព័ររបស់រដ្ឋាភិបាលវៀតណាម បានឱ្យដឹងថា លោក តូ ឡឹម អំឡុងជំនួបជាមួយលោក ស៊ី ជីនភីង បានស្នើឱ្យភាគីចិន ផ្តល់ឥណទានការប្រាក់ទាប និងបច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងប្រទេសលោក ហើយបានយល់ព្រមជាមួយលោក ស៊ី ជីនភីង ថានឹងពង្រឹងទំនាក់ទំនងផ្នែកការពារជាតិ និងសន្តិសុខ។
មេដឹកនាំទាំងពីរក៏បានព្រមព្រៀងធ្វើឱ្យប្រសើរឡើងផងដែរនូវការតភ្ជាប់ផ្លូវដែក និងផ្លូវហាយវេរវាងប្រទេសទាំងពីរ ហើយលោក ស៊ី ជីនភីង បានសន្យាថា នឹងនាំចូលផលិតផលកសិកម្មរបស់វៀតណាមបន្ថែមទៀត៕
ដោយ: តែម សុខុម