នេះបើយោងតាមអត្ថបទវិភាគមួយចុះផ្សាយដោយគេហំទំព័រ Foreign Affairs កាលពីថ្ងៃទី៨ ខែកញ្ញា។ ហេតុអ្វីអ៊ីរ៉ង់នៅតែអាចទប់ទល់សម្ពាធដ៏ខ្លាំងក្លានេះបាន?
អាម៉េរិកបានដាក់សម្ពាធលើអ៊ីរ៉ង់ជាបន្តបន្ទាប់រាប់ចាប់ពីទណ្ឌកម្មក្នុងសម័យលោក បារ៉ាក់ អូបាម៉ា រហូតដល់យុទ្ធនាការដាក់សម្ពាធក្នុងកម្រិតអតិបរមារបស់លោក ដូណាល់ ត្រាំ និងការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុនាពេលថ្មីៗនេះ។ ទណ្ឌកម្មទាំងនេះបានធ្វើឱ្យកំណើនសេដ្ឋកិច្ចអ៊ីរ៉ង់ចុះខ្សោយ អតិផរណាហក់ឡើងខ្ពស់ និងរូបិយប័ណ្ណធ្លាក់ថ្លៃយ៉ាងខ្លាំង ខណៈសង្គ្រាមនៅឆ្នាំ២០២៦ នេះ ក៏បានធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ ដោយការវាយប្រហារបានបំផ្លិចបំផ្លាញរោងចក្រឧស្សាហកម្មសំខាន់ៗ និងធ្វើឱ្យរាំងស្ទះពាណិជ្ជកម្មតាមច្រកសមុទ្រ Hormuz។
ប៉ុន្តែអ៊ីរ៉ង់បានបង្កើតយុទ្ធសាស្ត្រសម្របខ្លួនដើម្បីទប់ទល់នឹងទណ្ឌកម្ម ដោយប្រទេសនេះនៅតែអាចបន្តនាំចេញប្រេង ជាពិសេសទៅកាន់ប្រទេសចិន ខណៈឧស្សាហកម្មមិនមែនប្រេងបានងាកទៅពឹងផ្អែកលើទីផ្សារក្នុងតំបន់កាន់តែច្រើន។ បណ្ដាក្រុមហ៊ុនអ៊ីរ៉ង់ ក៏បានរក្សាស្តុកវត្ថុធាតុដើម និងផលិតផលសម្រេចក្នុងបរិមាណយ៉ាងច្រើន ដើម្បីទប់ទល់នឹងការរាំងស្ទះខ្សែច្រវាក់ផ្គត់ផ្គង់។
ជាមួយគ្នានេះរដ្ឋាភិបាលក្រុងតេអេរ៉ង់ បានទទួលយកអតិផរណា និងការធ្លាក់ចុះការប្រើប្រាស់ធ្វើជាផ្នែកមួយនៃវិធីសាស្ត្ររបស់ខ្លួន ដែលធ្វើឱ្យផលប៉ះពាល់សេដ្ឋកិច្ចភាគច្រើនធ្លាក់ទៅលើគ្រួសារពលរដ្ឋ និងអាជីវកម្ម។ ដូចនេះទោះបីជាសេដ្ឋកិច្ចអ៊ីរ៉ង់កំពុងចុះខ្សោយយ៉ាងខ្លាំងក៏ដោយ ក៏វាមិនមានន័យថា រដ្ឋាភិបាលអ៊ីរ៉ង់កំពុងឈានទៅរកការដួលរលំនោះឡើយ។ មេរៀនដ៏សំខាន់ គឺថាទណ្ឌកម្មអាចធ្វើឱ្យប្រជាជនកាន់តែរងទុក្ខវេទនា និងធ្វើឱ្យសេដ្ឋកិច្ចចុះខ្សោយ ប៉ុន្តែវាមិនមែនមានន័យថា អាចបង្ខំឱ្យរដ្ឋាភិបាលក្រុងតេអេរ៉ង់ចុះចាញ់ដោយស្វ័យប្រវត្តិនោះឡើយ៕
ដោយ: តែម សុខុម