អូឡាំពិករដូវរងានៅប៉េកាំង

ចិនព្រមានអត្តពលិកកីឡាអូឡាំពិកកុំឲ្យនិយាយពាក់ព័ន្ធនឹងបញ្ហានយោបាយ


ស្របពេលដែលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងកាន់តែខិតជិតមកដល់ អាជ្ញាធរចិនកំពុងបង្កើនការដាស់តឿនដល់អ្នកចូលរួម ពិសេសក្រុមអត្តពលិកដែលចូលរួមប្រកួត កុំឲ្យនិយាយស្តីពាក់ព័ន្ធនឹងបញ្ហានយោបាយ និងប៉ះពាល់ដល់រដ្ឋាភិបាលចិន ខណៈអាជ្ញាធរក៏កំពុងដាក់ចេញនូវការពិន័យសម្រាប់អ្នកដែលធ្វើហួសពីការកំណត់នេះផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
អូឡាំពិករដូវរងានៅប៉េកាំង
ដោយ

«​អាកប្បកិរិយា ឬ​សុន្ទរកថា​ទាំងឡាយ​ណា ដែល​ប្រឆាំង​នឹង​ស្មារតី​អូ​ឡាំ​ពិ​ក ជា​ពិសេស​ប្រឆាំង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​របស់​ចិន ក៏​ត្រូវ​ទទួល​រង​ការ​ពិន័យ​ដែរ ដោយ​ក្នុង​នោះ​ការ​ដាក់​ពិន័យ​អាច​ជា​ការ​លុប​ចោលការ​ទទួលស្គាល់​អត្ត​ព​លិ​ក​តែ​ម្តង​។​»  នេះ​ជា​អ្វី​ដែល​លោក យ៉ាង​ស៊ូ (Yang Shu) អគ្គនាយករង​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​របស់​ទីក្រុង​ប៉េ​កាំ​ង បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្តី​អំពី​កីឡា​អូ​ឡាំ​ពិ​ក កាលពី​ពេល​ថ្មី​ៗ​នេះ​។

គេ​នៅ​ចាំ​បាន​ថា​កាលពី​ខែកក្កដា អំឡុង​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​នៅ​តូ​ក្យូ​ប្រទេស​ជប៉ុន គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​បាន​អនុម័ត​លើ​ការ​បន្ធូរបន្ថយ​ច្បាប់​ធម្មនុញ្ញ​អូ​ឡាំ​ពិ​ក​ទី ៥០ ដែល​ធ្លាប់តែ​រារាំង​ការ​ឃោសនា​សារ​នយោបាយ សាសនា ឬ​ការ​រើសអើង​ជាតិ​សាសន៍​នៅ​កន្លែង​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​។ ការ​កែប្រែ​កាលនោះ នៅ​តែ​មិន​អនុញ្ញាត​ឲ្យ​អត្ត​ព​លិ​ក​និយាយ​ចំ​ៗ​ដាក់​ប្រទេស ឬ​ក្រុម​បុគ្គល​ណាមួយ​ក៏​ដោយ តែ​ពួក​គេ​អាច​បង្ហាញ​ទស្សនៈ​នយោបាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ន័យ​ទូទៅ​បាន​។

ការ​ផ្លាស់​ប្តូរ​ច្បាប់​នេះ​បាន​បើកផ្លូវ​ដល់​អត្ត​ព​លិ​ក​ជា​ច្រើន​នាក់​ដែល​តវ៉ា​ប្រឆាំង​នឹង​ការ​រើសអើង​ពូជសាសន៍ និង​បញ្ហា​ផ្សេង​ទៀត​ក្នុងអំឡុងពេល​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​នៅ​ទីក្រុង​តូ​ក្យូ​កាលពី​ឆ្នាំ​មុន​។ ប៉ុន្តែ​ឥឡូវនេះ គេ​កំពុង​ផ្តោតអារម្មណ៍​មក​តាមដាន ពី​របៀប​ដែល​ទីក្រុង​ប៉េ​កាំ​ង​នឹង​ចាត់ចែង​បញ្ហា​នេះ​វិញ​ម្តង​។

បើ​តាម​អ្នកវិភាគ ច្បាស់​ណាស់​ចិន​មិន​អាច​អនុវត្ត​ដូចដែល​គេ​បាន​ធ្វើ​នៅ​តូ​ក្យូ​នោះ​ទេ ហើយ​គេ​ក៏​មិន​អាច​ធានា​បាន​ពី​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​អំឡុង​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ប៉េ​កាំ​ង​នោះ​ដែរ ជាក់ស្តែង ដូច​អាជ្ញាធរ​ចិន​បាន​អះអាង​ហើយ​ថា អ្នក​ដែល​ដើរ​ហួស​បន្ទាត់ និយាយ​ប៉ះពាល់​រឿង​នយោបាយ ដែល​គេ​កំណត់​នឹង​ត្រូវ​រង​ពិន័យ លែង​ទទួលស្គាល់​សិទ្ធិ​ក្នុង​ការ​ប្រកួត​តែ​ម្តង​។

សូម​រំឭក​ថា បណ្តា​ប្រទេស​លោក​សេរី​បាន​រិះគន់​ប្រទេស​ចិន​ជុំវិញ​ការ​រំលោភសិទ្ធិ​ជនជាតិភាគតិច Uyghurs នៅ​តំបន់ ស៊ី​ន​ជាំ​ង ក៏​ដូច​ជា​ការ​បង្ក្រាប​យ៉ាង​ចាស់ដៃ​លើ​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​ហុងកុង​ផង​ដែរ​។ ក្រោម​មូលហេតុ​សិទ្ធិ​មនុស្ស​នេះ​ហើយ​ដែល ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​ដូច​ជា ដា​ណឺ​ម៉ាក ហូ​ឡង់ អា​មេ​រិ​ក អង់គ្លេស កា​ណា​ដា ជប៉ុន និង​អូស្ត្រាលី បាន​ប្រកាស​ថា​ពួក​គេ​នឹង​មិន​បញ្ជូន​គណៈប្រតិភូ​រដ្ឋាភិបាល​ទៅ​ចូលរួម​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​នោះ​ទេ​៕
None



អត្ថបទបន្ទាប់


ពិព័រណ៍ផលិតផលខ្មែរនៅភ្នំពេញ រំពឹងថានឹងទទួលបានការគាំទ្រច្រើនដល់ក្រុមហ៊ុនផលិតក្នុងស្រុក

អតិថិជននិងអ្នកគាំទ្រផលិតផលខ្មែររាប់ពាន់នាក់ត្រូវបានរំពឹងថានឹងចូលរួមក្នុងពិព័រណ៍ផលិតផលក្នុងស្រុកដែលនឹងរៀបចំធ្វើឡើងនាពេលឆាប់ៗនេះក្នុងរា…

ពាណិជ្ជកម្មរវាងចិន និងរុស្ស៊ីកំពុងកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ ស្របពេលទំនាក់ទំនងជាមួយលោកខាងលិចកំពុងរកាំរកូស

ទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងរុស្ស៊ីកំពុងកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ ខណៈភាពរកាំរកូសរវាងប្រទេសទាំងពីរ ជាមួយលោកខាងលិចកំពុងកើនឡើងកាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ