វិស័យលក់រាយ

ផ្សារទំនើប Parkson នឹងលក់សាខារបស់ខ្លួនមួយកន្លែងនៅវៀតណាមក្នុងតម្លៃ ១០លានដុល្លារ


ក្រុមហ៊ុន Parkson Retial Asia Ltd ដែលមានមូលដ្ឋាននៅសិង្ហបុរី បានយល់ព្រមលក់ផ្សារទំនើប Parkson TD Plaza នៅក្នុងទីក្រុង Hai Phong នៃប្រទេសវៀតណាម ដែលវាគឺជាសាខាមួយក្នុងចំណោមសាខាផ្សារទំនើប Parkson ចំនួន៤ ចុងក្រោយដែលកំពុងមានវត្តមាននៅវៀតណាម។ នេះបើយោង​តាម​ការរាយការណ៍មួយ ដោយសារព័ត៌មាន VN Express។
ផ្សារទំនើប Parkson នឹងលក់សាខារបស់ខ្លួនមួយកន្លែងនៅវៀតណាមក្នុងតម្លៃ ១០លានដុល្លារ (រូបភាព៖ VN Express)
ដោយ

ក្រុមហ៊ុន​គ្រប់គ្រង​ផ្សារទំនើប Parkson​មួយនេះ បាន​បញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍ថា ក្រុមហ៊ុន​នឹង​ស្វែងរក​ការអនុញ្ញាត​ពី​ម្ចាស់ភាគហ៊ុន​ ដើម្បីលក់​ផ្សារទំនើប​របស់ខ្លួន​ ដែលជា​សាខាមួយ ក្នុងចំណោម​សាខា​ចំនួន​៤​ចុងក្រោយ​នៅវៀតណាម ទៅឲ្យ​ក្រុមហ៊ុន​ក្នុងស្រុកក្នុង​តម្លៃ ១០លាន​ដុល្លារអាមេរិក។

អគារ​ផ្សារទំនើប​ Parkson ដែល​គ្រោងដាក់លក់នេះ មានទំហំ ២៣.០០០ ម៉ែត្រការ៉េ និងស្ថិត​នៅក្នុង​តំបន់​ពាណិជ្ជកម្ម និង​អគារស្នាក់នៅ TD Plaza នៅក្នុង​សង្កាត់​ Ngo Quyen និងត្រូវបាន​គ្រោងលក់​ទៅឲ្យ​ក្រុមហ៊ុន​ម្ចាស់អគារ​ផ្ទាល់តែម្ដង​ គឺក្រុមហ៊ុន Thuy Duong Construction and Trading Jsc។

ក្រុមហ៊ុន Thuy Duong ត្រូវបាន​បង្កើតឡើង​តាំងពីឆ្នាំ២០០៧ និងមាន​ការវិនិយោគ​លើ​អចលនទ្រព្យ និង​សំណង់​អគារស្នាក់នៅ។

ក្រុមហ៊ុន Parkson Retail Asia បាន​បញ្ជាក់ថា តម្លៃព្រមព្រៀង​លក់សាខា​ផ្សារទំនើប​ Parkson នេះ គឺមាន​ក្រោមតម្លៃ​ទីផ្សារដល់ទៅ ​៥០ម៉ឺន​ដុល្លារអាមេរិក ហើយប្រាក់ដែល​បានមកពី​ការលក់ផ្សារទំនើបនេះ នឹង​ជួយ​ពង្រឹង​លំហូរសាច់ប្រាក់ និង​កាត់បន្ថយ​បំណុល​របស់ក្រុមហ៊ុន។

បន្ទាប់ពី​ការលក់សាខាផ្សារទំនើប​នេះទៅ ក្រុមហ៊ុន​សិង្ហបុរី ដែលជាប្រតិបត្តិករ​ផ្សារទំនើប Parkson នៅវៀតណាមនេះ នឹង​បន្ដ​ប្រតិបត្តិការ​លើ​ផ្សារ Parkson ចំនួន ៣សាខា​ប៉ុណ្ណោះ គឺមាន​២សាខា​នៅ ទីក្រុង​ហូជីមិញ និង​១ទៀត​ នៅទីក្រុង ដាណាង។

ផ្សារ Parkson បាន​ចូលមកក្នុង​ប្រទេសវៀតណាម​តាំងពីឆ្នាំ២០០៥ និងបាន​បើក​សាខា​ដល់ទៅ ៩សាខា ក្នុងរយៈពេលល ៩ឆ្នាំ។ ប៉ុន្ដែ តាំងពីឆ្នាំ២០១៥មក ផ្សារទំនើបនេះ បាន​បិទទ្វារចំនួន ៣ សាខានៅ​ក្នុង​ទីក្រុង ហូជីមិញ និង​២សាខា​នៅ​ទីក្រុងហានូយ ក្រោយពី​មានបញ្ហា​ប្រាក់ចំណេញ​ធ្លាក់ចុះខ្លាំង។

តាមទិន្នន័យ​ដែល​រៀបរៀងដោយសារព័ត៌មាន​ VN Express បាន​បង្ហាញថា ក្រុមហ៊ុន​ផ្សារទំនើប Parkson នេះ មិនត្រឹមតែ​មានការធ្លាក់ចុះ​ប្រាក់ចំណេខ្លាំង​នៅវៀតណាម​ប៉ុណ្ណោះទេ នៅប្រទេស​ផ្សេងទៀត ដូចជា​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​មីយ៉ាន់ម៉ា ក៏មាន​ការធ្លាក់ចុះដែរ។

នៅវៀតណាម តាមរបាយការណ៍​ក្រុមហ៊ុន​គ្រប់គ្រងផ្សារទំនើប Parkson បាន​ឲ្យដឹងថា នៅក្នុង​៣ត្រីមាសដំបូង​​នៃឆ្នាំសាពើពន្ធ​២០២០នេះ ក្រុមហ៊ុន​មានការខាតបង់​ប្រមាណ ៨,៥លាន​ដុល្លារអាមេរិក ហើយ​ការខាតបង់​នៅទីផ្សារវៀតណាមនេះ គឺខាតបង់ធំជាងគេ​បើធៀបនឹង​ទីផ្សារផ្សេងទៀត​ដូចជា​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងកម្ពុជា។

គួរបញ្ជាក់ថា ផ្សារទំនើប Parkon នេះ​ក៏ធ្លាប់​ប្រកាស​នឹង​ចូល​មក​ក្នុងទីផ្សារ​កម្ពុជាដែរ ប៉ុន្ដែ ក៏ត្រូវ​អាក់ខានទៅវិញ។ ក្នុងនោះដែរ ក្រុមហ៊ុន​ផ្សារ Parkson នេះ ក៏មានការប្ដឹងផ្ដល់គ្នា​ជាមួយ​ក្រុមហ៊ុន​ម្ចាស់អគារ​ជួល​ ហើយតុលាការ​កម្ពុជា​ក៏បាន​កាត់ក្ដី​ឲ្យ​ក្រុមហ៊ុន​ផ្សារទំនើប​ Parksonនេះ ចាញ់ និងត្រូវបាន​បង្គាប់​ឲ្យ​សង​សំណង​ទៅកាន់​ក្រុមហ៊ុន​ម្ចាស់អគារ​ជួល​រាប់រយ​លាន​ដុល្លារ​អាមេរិក​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្ស Microsoft របស់មហាសេដ្ឋី Bill Gates កំពុងចរចាទិញយក TikTok នៅអាមេរិក

ព័ត៌មាន
ក្រុមហ៊ុនយក្ស Microsoft របស់មហាសេដ្ឋីពិភពលោក គឺលោក Bill Gates បានបញ្ជាក់នៅថ្ងៃអាទិត្យ ទី ០២ ខែសីហានេះថា ខ្លួនកំពុងចរចាជាមួយនឹងក្រុមហ…

អ្នកជំនាញ៖ អង្ករមិនត្រូវបានដាក់បញ្ចូលក្នុងមុខទំនិញនាំចេញពីកម្ពុជាទៅចិន តាមរយៈ FTA រវាងកម្ពុជា-ចិន នោះទេ!

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា អង្កររបស់កម្ពុជាមិនត្រូវបានចាត់ចូលក្នុងបញ្ចីមុខទំនិញជាង៣៤០ មុខ ដែលនឹងអនុញ្ញាតឲ្យនាំច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ