ក្រុមវិស្វករចិនដែលដឹកនាំដោយលោក ហ្គៅ រួ បានសរសេរនៅក្នុងព្រឹត្តបត្រស្តង់ដារផ្លូវរថភ្លើងរបស់ចិនកាលពីខែមុនតាមសំណេរដើមថា៖ «ខណៈពេលដែលគម្រោងនៃកិច្ចសហប្រតិបត្តិការផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិនកាន់តែស៊ីជម្រៅ បំណងប្រាថ្នារបស់ថៃក្នុងការកសាងផ្លូវរថភ្លើងដោយខ្លួនឯងបាននិងកំពុងកើនខ្លាំងឡើងៗ។ ពួកគេសង្ឃឹមថានឹងដើរតួនាទីកាន់តែសំខាន់ឡើងក្នុងកិច្ចសហប្រតិបត្តិការនាពេលអនាគត»។
តាមសារព័ត៌មាននេះ លោក ហ្គៅ រួ ដែលជាវិស្វករជាន់ខ្ពស់នៅក្រុមហ៊ុនផ្លូវរថភ្លើងអន្តរជាតិចិន ដែលគ្រប់គ្រងដោយរដ្ឋ និងជាសមាជិកនៃក្រុមចរចានិងរៀបចំផ្នែកបច្ចេកវិទ្យាវិស្វកម្មនៅបរទេសរបស់ប្រទេសចិនដែរនោះ បានគូសបញ្ជាក់ទៀតថា ឆ្លើយតបនឹងការស្នើសុំផ្ទួនៗពីសំណាក់ប្រទេសថៃចំពោះការផ្ទេរបច្ចេវិទ្យាផ្លូវរថភ្លើងល្បឿនលឿននៅឯកិច្ចប្រជុំរួម ប្រទេសចិនបានសម្រេចផ្ទេរបច្ចេកវិទ្យាទាំងនោះមួយចំនួនទៅឱ្យប្រទេសថៃ ដោយមិនរំលោភច្បាប់ប្រទេសចិន»។
សោស ឆៃណា ម័រនីង ប៉ុស្តិ៍ បានរំលេចថា នៅក្រោមច្បាប់ប្រទេសចិន ក្រុមហ៊ុននិងបុគ្គលត្រូវគោរពតាមការសម្រេចយល់ព្រមពីរដ្ឋាភិបាលក្នុងការចែករំលែកបច្ចេកវិទ្យាដែលចាត់ទុកជាបច្ចេកវិទ្យាសំខាន់ចំពោះសន្តិសុខជាតិឬផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេស។
ប្រភពដដែលរាយការណ៍ទៀតថា បើតាមក្រុមវិស្វករទាំងនោះ ប្រទេសចិនបានយល់ព្រមជាគោលការណ៍ក្នុងការផ្ទេរបច្ចេកវិទ្យា ជំនាញ និងការយល់ដឹង១១កម្រិត ក្នុងការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដោយភ្ជាប់លក្ខខណ្ឌទៅឱ្យប្រទេសថៃ។ ទន្ទឹមនឹងនេះ អ្នកវិទ្យាសាស្ត្រផ្លូវដែកនៅទីក្រុងប៉េកាំង ដែលមិនមែនជាផ្នែកនៃការចរចា និងដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងប្រាប់សារព័ត៌មានថា បច្ចេកវិទ្យាដែលត្រូវផ្ទេររួមមានការផ្ទេរសិទ្ធស្របច្បាប់ អាជ្ញាប័ណ្ណ ឬកម្មសិទ្ធិបញ្ញាផ្សេងទៀតពីប្រទេសទៅប្រទេស ឬពីស្ថាប័នទៅស្ថាប័ន។
ក្រុមវិស្វករចិនបានសង្កត់ធ្ងន់ថា ចិនអាចនឹងផ្តល់ឱ្យប្រទេសថៃនូវព័ត៌មានទាក់ទិននឹងសម្ភារៈប្រើប្រាស់សម្រាប់ការសាងសង់ផ្លូវ និងការអនុវត្តជាក់ស្តែងសម្រាប់ការសាងសង់ផ្លូវលើប្រភេទដីផ្សេងៗគ្នា។ នេះបើយោងតាមកាសែតចិនដដែល។ ប្រភពបានបន្តថា ក្រៅពីនោះ ការផ្ទេរអាចរួមមានការច្នៃស្ថានីយរថភ្លើងដើម្បីសម្រួលដល់អ្នកដំណើរ ការសាងសង់ស្ពាននៅលើទន្លេ និងការរៀបចំផ្លូវក្រោមដីនិងក្នុងរូងភ្នំដោយសុវត្តិភាពនិងល្អប្រសើរផងដែរ។
សារព័ត៌មាន សោស ឆៃណា ម័រនីង ប៉ុស្តិ៍ បានរៀបរាប់ថា គិតមកទល់នឹងពេលនេះ គម្រោងផ្លូវរថភ្លើងចិន-ថៃនៃកំណាត់ទី១ បាននិងកំពុងសាងសង់ក្នុងប្រវែង២៥០គីឡូម៉ែត្រ ភ្ជាប់ពីរាជធានីបាងកកទៅខេត្តណាខនរាជសីមា និងកំណាត់ទី២ មានប្រវែង៣៥៥គីឡូម៉ែត្រដែលបាននិងកំពុងសាងសង់ដូចគ្នា ភ្ជាប់ពីខេត្តណាខនទៅខេត្តណងខៃ ដែលជាប់នឹងព្រំដែនថៃ-ឡាវ។ គម្រោងផ្លូវរថភ្លើងចិន-ថៃនេះនឹងបន្តពង្រីកឱ្យដល់ទៅ៨៧៣គីឡូម៉ែត្រ ភ្ជាប់ពីខេត្តគុនមីង ភាគនិរតីនៃប្រទេសចិនទៅកាន់ទីក្រុងបាងកកក្នុងប្រទេសថៃ ដែលមានរថភ្លើងធ្វើដំណើរក្នុងល្បឿនដល់ ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង៕