Advertisement
ច្បាប់គណនេយ្យ និងសវនកម្ម

បណ្ឌិត អ៊ិន ចាន់នី៖ «ច្បាប់គណនេយ្យ​និងសវនកម្ម» នឹង​ជួយ​ដល់​អ្នក​វិនិយោគ​បាន​កាន់​តែ​ច្រើន


លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា ច្បាប់គណនេយ្យ និងសវនកម្ម បានចូលរួមចំណែកជួយដល់វិស័យសាធារណៈ ក្រុមហ៊ុននិងសហគ្រាសឯកជន ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ លើសពីនេះ អ្នកវិនិយោគ ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនពីច្បាប់នេះផងដែរ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា
ដោយ
Advertisement

លោកពន្យល់យ៉ាងដូច្នេះថា៖ «ច្បាប់នេះ បានជួយច្រើន ព្រោះ ដែលហៅថា គណនេយ្យ គឺជាការទទួលខុសត្រូវឆ្លើយតបនឹងភាគីពាក់ព័ន្ធទាំងអស់។ ឧបមាថា ម្ចាស់​ភាគហ៊ុននិក គាត់ជួលយើងឲ្យគ្រប់គ្រងឲ្យចាត់ចែង គាត់មិនមែនចាត់ចែងផ្ទាល់ទេ។ អ៊ីចឹង គាត់ត្រូវការអ្នកចាត់ចែងធ្វើឲ្យត្រឹមត្រូវទៅតាមបទដ្ឋានដែលគាត់ចង់បាន ដែលស្របតាមខ្នាតអន្តរជាតិ ដោយភាគីពាក់ព័ន្ធ មិនចាំខ្វាយខ្វល់ថា តើគេបានចុះបញ្ជីស្នាមត្រឹមត្រូវឬអត់ទេ?ព្រោះ យើងមានច្បាប់ជាតិជាសំខាន់។ ហើយបទបង្ហាញអម្បិញមិញ គឺនិយាយអំពីច្បាប់គោលសំខាន់ៗដែលយើងត្រូវធ្វើតាម និយាយពីទោសបញ្ញប្បត្តិបើយើងមិនធ្វើតាម បានបែងចែកទាំងអស់ត្រឹមត្រូវច្បាស់លាស់ទៀត។ ដូច្នេះ ធ្វើឲ្យអ្នកប្រតិបត្តិធ្វើត្រឹមត្រូវ ដែលបម្រើផលប្រយោជន៍ទាំងអស់គ្នា»។ 

ការថ្លែងរបស់លោក អ៊ិន ចាន់នី គឺធ្វើឡើងក្នុងសិក្ខាសាលាមួយស្តីពី៖ច្បាប់គណនេយ្យ និងសវនកម្ម» នៅវិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា ក្រោមអធិបតីភាព លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។ 

ច្បាប់ស្តីពី៖ «គណនេយ្យ និងសវនកម្ម» មានចែងអំពីការកំណត់ស្តង់ដារគណនេយ្យ ស្តង់ដារសវនកម្ម  និងក្រមសីលធម៌វិជ្ជាជីវៈរបស់គណនេយ្យករ និងសវនករ ការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនសវនកម្ម និងទោសបញ្ញប្បត្តិជាដើម។

លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (សៃ វណ្ណដា)

លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា ច្បាប់នេះ ធ្វើឡើងដើម្បីតម្រែតម្រង់អ្នកវិនិយោគ និងម្ចាស់សហគ្រាស ឲ្យដើរស្របតាមច្បាប់ និងដើរលើផ្លូវតែមួយ។ លោកសង្ឃឹមថា ក្នុងរយៈពេលខាងមុខដ៏ខ្លី នៅកម្ពុជានឹងមានសវនករ និងអ្នកជំនាញគណនេយ្យ​គ្រប់គ្រាន់សម្រាប់បម្រើការងារនេះនៅតាមសហគ្រាស និងក្រុមហ៊ុននានានៅកម្ពុជា។

លោកថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្តែងការដឹងគុណដល់អ្នកស្រឡាញ់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម ដែលបានជួយណែនាំដល់អ្នកវិនិយោគ និងសហគ្រិន ដើម្បីឲ្យទៅវិនិយោគ ធ្វើម៉េចបានផលចំណេញ។ ម៉្លោះហើយយើងត្រូវការអ្នកជំនាញដែលប៉ិនប្រសប់ ដើម្បីឲ្យយោបល់ផ្នែកហិរញ្ញវត្ថុនេះ។ ហើយអ្នកជំនាញនេះ លោកជាអ្នកប្រថាប់ត្រានៅលើរបាយការណ៍ហិរញ្ញវត្ថុតាំងពីធនាគារ និងសហគ្រាស ហើយជាពិសេស លោកជួយណែនាំសហគ្រិន ដើម្បីឲ្យរបាយការណ៍ហិរញ្ញវត្ថុកាន់តែមានតម្លាភាព ប្រសិទ្ធភាព ក្នុងការទៅប្រកាសពន្ធ ព្រោះ របាយការណ៍ហិរញ្ញវត្ថុធំបំផុត គឺដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនីមួយៗ»។


លោក ប៊ូ ថារិន អគ្គលេខាធិការក្រុមប្រឹក្សាជាតិគណនេយ្យ (សៃ វណ្ណដា)

លោក ប៊ូ ថារិន អគ្គលេខាធិការក្រុមប្រឹក្សាជាតិគណនេយ្យ ដែលជាអ្នកធ្វើបទបង្ហាញច្បាប់ស្ដីពី«គណនេយ្យ និងសវនកម្ម» បានប្រាប់ខេមបូណូមីសថា បច្ចុប្បន្ននេះ នៅកម្ពុជាមានក្រុមហ៊ុនសវនកម្មមានជាង៥០ក្រុមហ៊ុន ប៉ុន្ដែ ក្រុមហ៊ុនមានអាជ្ញាប័ណ្ណមានចំនួន៤៦ក្រុមហ៊ុន។ មួយវិញទៀត នៅកម្ពុជា សវនករដែលមានសិទ្ធិចុះហត្ថលេខាលើរបាយការណ៍សវនកម្ម មានប្រហែល៥៥រូប ឯសវនករដែលមានសញ្ញាបត្រ និងជាបុគ្គលិកធម្មតាមានចំនួនជាង១០០នាក់។ 

លោកថ្លែងថា៖ «ដូច្នេះ មានន័យថា ការអនុវត្តក្របខណ្ឌច្បាប់គណនេយ្យ និងសវនកម្មនេះ នៅមិនទាន់មានលក្ខណៈទូលំទូលាយទេ ប៉ុន្ដែ ក្រុមប្រឹក្សាជាតិគណនេយ្យ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតែរកមធ្យោបាយ ដើម្បីផ្សព្វផ្សាយ និងជំរុញឲ្យក្រុមហ៊ុន និងអង្គភាពមិនស្វែងរកប្រាក់ចំណេញទាំងអស់ អនុវត្តន៍ច្បាប់នេះ ឲ្យមានប្រសិទ្ធភាព»៕            

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ ត្រៀមកញ្ចប់ថវិកា ៦ ពាន់លានដុល្លារ សម្រាប់ជួយកសិករដាំដុះស្រូវ

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ សន្យាបែងចែកកញ្ចប់ថវិកា ២០០ពាន់លានបាត ឬស្មើនឹងប្រមាណ ៦ពាន់លានដុល្លារអាមេរិក សម្រាប់ជាជំនួយហិរញ្ញប្បទាន ទ្រទ្រង់ដល់កសិក...

វៀតណាម រីកមុខរីកមាត់ ក្រោយឭថា អឺរ៉ុបនឹងដកកាតលឿង ពិន័យលើបទល្មើសនេសាទ ចេញវិញ

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម បានអះអាងថា នៅឆ្នាំក្រោយនេះ អឺរ៉ុប នឹងពិចារណាដកកាតលឿងចេញពីវៀតណាមវិញ ដែលកាតលឿងនេះ ជាការពិន័យ ទាក់ទងនឹងការរកឃើញ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ