
អត្រាកំណើនសេដ្ឋកិច្ច៥.៤%របស់ការិយាល័យស្ថិតិជាតិដែលបានប្រកាសនៅថ្ងៃពុធនេះបានកើនលើសពីការព្យាករចំនួន៥%របស់អ្នកសេដ្ឋកិច្ចដែលបានស្ទង់មតិដោយសារព័ត៌មាននីកេ ហើយវាត្រូវគ្នានឹងអត្រាកំណើន៥.៤%ដែលបានកត់ត្រាទុកសម្រាប់ត្រីមាសទីបួនឆ្នាំមុន។
ខណៈប្រទេសចិនកំពុងទប់ទល់នឹងសម្ពាធអប្បផរណា កំណើនសេដ្ឋកិច្ចនេះត្រូវបានជំរុញដោយសកម្មភាពផលិតកម្ម និងវិធានការជំរុញទឹកចិត្តរបស់រដ្ឋាភិបាលដោយផលិតកម្មឧស្សាហកម្មបានកើនឡើងចំនួន៦.៥%នៅត្រីមាសទីមួយឆ្នាំនេះបើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុនដោយមួយផ្នែកដោយសារតែការប្រញាប់ប្រញាល់ក្នុងការបញ្ជាទិញនាំចេញឱ្យបានមុនពេលពន្ធរបស់អាម៉េរិកចូលជាធរមាន។
ការវិនិយោគថេរបានកើនឡើង៤.២%ដោយសារការពង្រីកនៅក្នុងវិស័យផលិតកម្មប៉ះប៉ូវដល់ការធ្លាក់ចុះជិត១០%ក្នុងការអភិវឌ្ឍអចលនទ្រព្យ។
ចំណែកការលក់រាយបានកើនឡើង៤.៦%នៅក្នុងត្រីមាសទីមួយជាមួយនឹងកំណើនកើនឡើងដល់ជិត៦%នៅក្នុងខែមីនា។ លោក សេង ឡៃយុន (Sheng Laiyun) ស្នងការរងនៃការិយាល័យស្ថិតិជាតិរបស់ចិនបានសន្មតកំណើននេះថាបានមកពីកម្មវិធីឧបត្ថម្ភធនលើទំនិញប្រើប្រាស់ដែលបានពង្រីកនៅក្នុងខែមករាដោយបានជំរុញការលក់របស់របរដូចជាឧបករណ៍ទំនាក់ទំនង រថយន្ត និងឧបករណ៍ប្រើប្រាស់ជាដើម។ លោកបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធនេះថាឥទ្ធិពលនៃគោលនយោបាយគឺមានសារៈសំខាន់យ៉ាងច្បាស់៕