
ស្ដេចយន្តហោះដ្រូន Mothership ដ៏អស្ចារ្យរបស់ចិន មានឈ្មោះថា ជីវធាន ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនមួយ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនសាជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិន ដែលជាក្រុមហ៊ុនរបស់រដ្ឋ។ ស្ដេចយន្តហោះដ្រូននេះមានស្លាបពីម្ខាងទៅម្ខាងប្រវែង២៥ម៉ែត្រ អាចហោះហើរបានចម្ងាយរហូតដល់ទៅ៧,០០០គីឡូម៉ែត្រ និងអាចហោះហើរមិនឈប់បានរហូតដល់ទៅ១២ម៉ោង។ មិនតែប៉ុណ្ណោះវាអាចផ្ទុកសព្វាវុធក្នុងទម្ងន់ដល់ទៅ៦តោនរួមមានយន្តហោះដ្រូនអត្តឃាត គ្រាប់បែកកំណត់គោលដៅ និងកាំជ្រួចមីស៊ីលផ្សេងៗទៀតផងដែរ។
យន្តហោះដ្រូនដ៏អស្ចារ្យរបស់ចិននេះបំពាក់ដោយប្រព័ន្ធរ៉ាដា និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដើម្បីបញ្ជាគ្រប់គ្រងកងយន្តហោះដ្រូនតូចៗសម្រាប់បេសកកម្មវាយប្រហារ និងឈ្លបយកការណ៍សម្ងាត់។
ប្រទេសជប៉ុន និងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់មានការព្រួយបារម្ភកាន់តែខ្លាំងឡើងដោយសារសម្បូរយន្តហោះដ្រូនរបស់ចិន ហោះឆ្វែលដែនអាកាសរបស់ពួកគេ។ តួយ៉ាង ប្រទេសជប៉ុន បានអះអាងថា យន្តហោះដ្រូនរបស់ចិន ដែលបានហោះឆ្វែលជុំវិញដែនអាកាសរបស់ខ្លួនបានកើនឡើងដល់៣០គ្រឿងក្នុងឆ្នាំ២០២៤ ពោលគឺកើនឡើង៣ដងបើធៀបនឹងឆ្នាំ២០២២។ យោធាជប៉ុន បានប្រឹងប្រែងព្យាយាមកម្ទេចយន្តហោះចម្បាំងនានា ដែលចូលទៅកៀក ឬក្នុងដែនអាកាសរបស់ខ្លួន មិនថា យន្តហោះដ្រូន ឬយន្តហោះមានមនុស្សបើក ដែលធ្វើឱ្យប្រព័ន្ធការពាររបស់ខ្លួនរងសម្ពាធយ៉ាងខ្លាំង។
ពេលនេះក្រសួងការពារជាតិ ជប៉ុន កំពុងពិចារណាដាក់បន្ថែមប្រព័ន្ធរ៉ាដានៅលើកោះដាច់ស្រយាលនានា ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ជាពិសេសជុំវិញកោះ Ogasawara ដែលសកម្មភាពរបស់ចិន បានចាប់ផ្តើមកើនឡើង៕
ដោយ: តែម សុខុម