វិស័យអចលនទ្រព្យ

ការលក់អចលនទ្រព្យនៅចិន រំពឹងសម្រេចបានតែជាង១ទ្រីលានដុល្លារប៉ុណ្ណោះនៅឆ្នាំនេះ


ការលក់អចលនទ្រព្យរបស់ប្រទេសចិន នៅឆ្នាំ២០២៤ ត្រូវបានគេវាយតម្លៃថា ទំនងជាអាចបានត្រឹមពាក់កណ្តាលនៃចំនួនដែលលក់បានខ្ពស់បំផុតកាលពី៣ឆ្នាំមុនប៉ុណ្ណោះ បើទោះបីជាបរិមាណលក់មានការកើនឡើងបន្តិចនៅក្នុងខែវិច្ឆិកា យ៉ាងណាក្តី។ តាមរយៈការវាយតម្លៃនេះ បានបង្ហាញឱ្យឃើញថា ការដាក់ចេញគោលនយោបាយរបស់ទីក្រុងប៉េកាំង ក្នុងការជួយស្តារវិបត្តិអចលនទ្រព្យមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់នៅឡើយទេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
វិស័យអចលនទ្រព្យ
ដោយ

ការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា ការលក់អចលនទ្រព្យពាណិជ្ជកម្មថ្មី ដែលភាគច្រើនជាលំនៅឋាន និងអគារការិយាល័យ​ បានធ្លាក់ចុះជាង១៩% នៅ១១ខែឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយបានធ្លាក់មកនៅត្រឹមជាង១ទ្រីលានដុល្លារ។ តែយ៉ាងណា ការលក់អចលនទ្រព្យរបស់ចិន នៅពេញមួយខែវិច្ឆិកា សម្រេចបានជាង១១៣ពាន់លានដុល្លារ កើនឡើង១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងកើនឡើង៣.៧% បើធៀបនឹងខែតុលា ក្រោយរដ្ឋាភិបាលចិន បានដាក់ចេញគោលនយោបាយជាច្រើនដើម្បីសម្រួលដល់ការទិញផ្ទះដូចជាការកាត់បន្ថយអត្រាការប្រាក់បញ្ចាំជាដើម។

អ្នកនាំពាក្យការិយាល័យស្ថិតិជាតិចិន លោក ហ្វូ លីងហួយ (Fu Linghui) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីដើមសប្តាហ៍នេះថា មានការផ្លាស់ប្តូរជាវិជ្ជមានបន្ថែមទៀតនៅក្នុងទីផ្សារអចលនទ្រព្យនៅក្នុងខែវិច្ឆិកា កន្លងទៅ។​

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការលក់នៅក្នុងខែធ្នូ ឆ្នាំនេះបានត្រឹមស្មើនឹងបរិមាណលក់នៅក្នុងខែធ្នូ ឆ្នាំមុន នោះការលក់អចលនទ្រព្យសរុបរបស់ចិន នៅឆ្នាំនេះ នឹងមានប្រហែលជាង១.៣ទ្រីលានដុល្លារ ពោលគឺបានតែជិតពាក់កណ្តាលនៃកម្រិតលក់បានច្រើនបំផុតកាលពីឆ្នាំ២០២១ ប៉ុណ្ណោះ ដែលមានរហូតដល់ជាង២,៤ទ្រីលានដុល្លារ ហើយជាតួលេខទាបបំផុតបើគិតចាប់តាំងពីឆ្នាំ២០១៦ មក។

ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិន បានបង្ហាញដែរថា តម្លៃផ្ទះនៅចិន នៅតែបន្តធ្លាក់ចុះដោយតម្លៃផ្ទះថ្មីនៅតាមទីក្រុងធំៗទាំង៧០នៅទូទាំងប្រទេសចិន ជាមធ្យមបានធ្លាក់ចុះ៦,១% នៅក្នុងខែវិច្ឆិកា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺបានធ្លាក់ចុះបន្តិចបើធៀបនឹងអត្រានៅខែតុលា ដែលមានចំនួន៦,២% ខណៈតម្លៃផ្ទះដែលប្រើហើយបានធ្លាក់ចុះ៨,៥% នៅក្នុងឆ្នាំនេះ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងទេសចរណ៍រំពឹងជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍អន្តរជាតិនឹងក្លាយជាការតភ្ជាប់កញ្ចប់ទស្សនកិច្ចទេសចរជាមួយបណ្ដាប្រទេសនានា

តំណាងក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ និងអាជីវកម្មទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនរូបបានជួបពិភាក្សាគ្នានៅក្នុងកម្មវិធីផ្លាស់ប្តូរពាណិជ្ជកម្មទេស…

មេធំក្រុមហ៊ុន TikTok ស្កាត់ជួបលោក ដូណាល់ ត្រាំ ដើម្បីរកដំណោះស្រាយបញ្ចៀសការបិទកម្មវិធីនេះលែងឱ្យប្រើប្រាស់នៅសហរដ្ឋអាម៉េរិក

នាយកប្រតិបត្តិក្រុមហ៊ុន TikTok លោក សូ ជី ជូ (Shou Zi Chew) បានខំស្កាត់ជួបប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ យ៉ាងតក់ក្រហល់ កាលព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ