កិច្ចព្រមព្រៀង CPTPP

តើអង់គ្លេសអាចនឹងផ្តល់ប្រយោជន៍ច្រើនកម្រិតណា ប្រសិនអាចចូលជាសមាជិកកិច្ចព្រមព្រៀង CPTPP បានសម្រេច?


អង់គ្លេសបានបង្ហាញពីឆន្ទៈក្នុងការចូលក្នុងកិច្ចព្រមព្រៀង CPTPP កាន់តែខ្លាំងក្រោយពីប្រទេសនេះ បានចាកចេញពីសហភាពអឺរ៉ុប។ ក្រុមអ្នកជំនាញជឿថា ការចូលនៅក្នុងកិច្ចព្រមព្រៀង CPTPP របស់ចក្រភពអង់គ្លេស នឹងជួយឲ្យប្រទេសនានាទូទាំងតំបន់អាចធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់ឆ្លងព្រំដែនបានងាយស្រួលជាងមុន។ ជាមួយនឹងទីផ្សារដែលមានអ្នកប្រើប្រាស់រហូតដល់ ៦៧ លាននាក់ និងជាមហាអំណាចសេដ្ឋកិច្ចទី៦ របស់ពិភពលោក ចក្រភពអង់គ្លេសនឹងក្លាយជាទីផ្សារដ៏ទាក់ទាញសម្រាប់ក្រុមប្រទេសនៃ CPTPP ដទៃទៀតផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei
តើការចូលជាសមាជិកក្នុង កិច្ចព្រមព្រៀងនិងភាពជាដៃគូអន្តរប៉ាស៊ីហ្វិករបស់ចក្រភពអង់គ្លេស នឹងផ្ដល់ផលវិជ្ជមានដូចម្ដេចខ្លះ?

សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងភាពច្របូកច្របល់ជាច្រើន ក្រោយពីការងើបឡើងវិញពីជំងឺរាតត្បាត និងភាពវឹកវរនៃសង្គ្រាមនៅអ៊ុយក្រែន ជាពិសេស គឺការប្រែប្រួលអាកាសធាតុ។ ដូចនេះ កិច្ចសហប្រតិបត្តិការជាសកល ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ហើយពាណិជ្ជកម្មអន្តរជាតិទៀតសោត គឺមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវស្ថិរភាព នៃកំណើនសេដ្ឋកិច្ចពិភពលោក។ ក្នុងនោះ គោលដៅរបស់អង់គ្លេសក្នុងការចូលជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) គឺរឹតតែសំខាន់សម្រាប់ប្រទេសនេះខ្លួនឯងផង ហើយក៏សំខាន់សម្រាប់ប្រទេសសមាជិកផ្សេងទៀតដែរ។

យ៉ាងណាមិញ នៅឆ្នាំ២០២៣នេះ តំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានឱកាសពង្រឹងទំនាក់ទំនងពហុភាគីកាន់តែស៊ីជម្រៅ ខណៈដែលចក្រភពអង់គ្លេសមានគោលបំណងបញ្ចប់ការចរចា ដើម្បីឈានទៅទទួលបានការអនុម័ត ឲ្យចូលជាសមាជិកនៃកិច្ចព្រមព្រៀង CPTPP នៅក្នុងឆ្នាំនេះផងដែរ។

គួរជម្រាបថា ចក្រភពអង់គ្លេស គឺជាអ្នកវិនិយោគដ៏សំខាន់សម្រាប់សេដ្ឋកិច្ចនៅទូទាំងតំបន់ ហើយការចូលជាសមាជិកនៃកិច្ចព្រមព្រៀង CPTPP នឹងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធសម្រាប់ឆ្នាំខាងមុខជាបន្តបន្ទាប់។ ជាក់ស្ដែង ការវិនិយោគភាគហ៊ុនពីសំណាក់ប្រទេសអង់គ្លេសនៅក្នុងប្រទេសសមាជិកនៃកិច្ចព្រមព្រៀង CPTPP គិតនៅត្រឹមឆ្នាំ២០២១ បានកើនឡើងដល់ជាង ១៦០ ពាន់លានដុល្លារ។

គេរំពឹងថា ផលិតផលក្នុងស្រុកសរុបនៃ CPTPP នឹងកើនឡើងពីជាង ១០ ទ្រីលានដិល្លារ ដល់ជាង ១៤ ទ្រីលានដុល្លារ ឬពី ១២,២% ទៅ ១៥,៤% នៃផលិតផលក្នុងស្រុកសរុបនៃពិភពលោក នៅពេលដែលអង់គ្លេសបានចូលជាសមាជិកនៃកិច្ចព្រមព្រៀងនេះ។

ជាមួយនឹងទីផ្សារដែលមានអ្នកប្រើប្រាស់ ៦៧លាននាក់ និងជាសេដ្ឋកិច្ចធំជាងគេបំផុតទី៦ក្នុងពិភពលោក ចក្រភពអង់គ្លេស នឹងក្លាយជាសមាជិកធំបំផុតទី២ របស់កិច្ចព្រមព្រៀង CPTPP ហើយក៏ជាទីផ្សារដ៏ទាក់ទាញមួយសម្រាប់ប្រទេសសមាជិកផ្សេងទៀតផងដែរ។

ចក្រភពអង់គ្លេស ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានឆន្ទះក្នុងការសហការជាមួយក្រុមប្រទេសទាំង៧ និងក្រុមប្រទេសទាំង២០(G20) ដើម្បីដណ្តើមយកតម្លៃរួមដ៏ទូលំទូលាយមួយនៃ CPTPP ដូចជាការដោះស្រាយការប្រែប្រួលអាកាសធាតុ ការពង្រឹងសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍន៍ស្តង់ដារឌីជីថលជាដើម។

សូមជម្រាបថា ចក្រភពអង់គ្លេស គឺជាកន្លែងសម្រាប់វិស័យបច្ចេកវិទ្យាដែលមានតម្លៃតម្លៃទីផ្សារជាង ១ទ្រីលានដុល្លារ ហើយជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៣ នៅលើពិភពលោកដែលឈានដល់ការវាយតម្លៃដ៏ខ្ពស់បែបនេះ។ អង់គ្លេសក៏ប្រទេស ដែលពូកែខាងរក្សាសុវត្ថិភាពលំហអ៊ីនធើណែត (Cyber) ដែលអាចអនុញ្ញាតឲ្យសហគ្រិនជំនាន់ក្រោយងាយស្រួលក្នុងការភ្ជាប់អាជីវកម្មទៅនឹងប្រព័ន្ធឌីជីថលផងដែរ។ ជាក់ស្ដែងកាលពីឆ្នាំ២០២២ ការវិនិយោគក្នុងវិស័យបច្ចេកវិទ្យារបស់ចក្រភពអង់គ្លេសបានវ៉ាដាច់ប្រទេសចិនទៅទៀត៕




អត្ថបទបន្ទាប់


កូរ៉េខាងជើងសាកល្បងមីស៊ីលពីរគ្រាប់ទៀត ខណៈអាមេរិក និងកូរ៉េខាងត្បូងសមយុទ្ធយោធា ជាការឆ្លើយតប

ព័ត៌មាន
មីស៊ីលបាលីស្ទិកពីរគ្រាប់ទៀតត្រូវបានបាញ់ចេញពីឆ្នេរភាគខាងកើតកូរ៉េខាងជើងនៅព្រឹកថ្ងៃចន្ទទី២០ខែកុម្ភៈ ស្របពេលដែលប្អូនស្រីដ៏មានឥទ្ធិពលរបស់លោកគ…

តម្លៃទំនិញឡើងថ្លៃខ្ពស់ ជំរុញឲ្យឥណ្ឌូនេស៊ីសម្រេចបានអតិរេកគណនីចរន្ដជាង ១៣ពាន់លានដុល្លារនៅឆ្នាំ២០២២

ព័ត៌មាន
ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍ សម្រេចបាននូវទំហំអតិរេកគណនីចរន្ដសរុបជាង ១៣ពាន់លានដុល្លារន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ