បញ្ហារបស់ក្រុមហ៊ុនអចលនទ្រព្យចិន កំពុងបញ្ជូនសញ្ញាអាសន្ន និងគម្រាមកំហែងថ្មីដល់អាជ្ញាធរក្រុងប៉េកាំង ក្រោយវិស័យនេះកំពុងជះឥទ្ធិពលមិនល្អលើឧស្សាហកម្មផលិតដែកក្នុងស្រុករបស់ចិន។ ក្រៅតែបញ្ហាដែក វត្ថុធាតុដើមផ្សេងទៀត ដូចជា កញ្ចក់ ស៊ីម៉ងត៍ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះទាំងអស់ កំពុងក្លាយជាវិស័យដែលងាយរងគ្រោះ ដោយសារតម្រូវការធ្លាក់ចុះ។
ជាក់ស្តែង តម្លៃដែកបានធ្លាក់ចុះពីកម្រិតខ្ពស់បំផុតដែលមិនធ្លាប់បានឃើញចាប់តាំងពីដើមឆ្នាំនេះ ដោយសារតែការកាត់បន្ថយតម្រូវការ ក្នុងសកម្មភាពសំណង់។ តម្រូវការដែកសម្រាប់សំណង់ តំណាងឲ្យពាក់កណ្តាលនៃការប្រើប្រាស់លោហៈសរុបក្នុងប្រទេសចិននៅរៀងរាល់ឆ្នាំ រីឯតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអ្នកផលិតដែកថែប ក៏រងផលប៉ះពាល់ផងដែរ។
នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២១នេះ ទីផ្សារអចលនទ្រព្យត្រូវបានវាយលុកបន្ថែមទៀត ដោយសារភាពរង្គោះរង្គើនៃវិស័យមួយនេះនៅបន្តអូសបន្លាយ និងបានធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តនៃអ្នកទិញគេហដ្ឋានថ្មីៗ។ ប្រការនេះ ធ្វើឲ្យបញ្ជីលំនៅដ្ឋានដែលមិនទាន់បានលក់ចេញ នៅក្នុងទីក្រុងធំៗចំនួន ១០០របស់ប្រទេសចិនកាលពីខែវិច្ឆិកា បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ នៅពេលគេហដ្ឋានថ្មីៗ នៅសល់ក្នុងស្តុកច្រើន មិនទាន់អាចលក់ចេញបាន ធ្វើឲ្យការសាងសង់ផ្ទះថ្មីៗ ត្រូវបានផ្អាក ឬត្រូវពន្យារពេលផងដែរ។
សូមជម្រាបថា ការសាងសង់ផ្ទះថ្មីៗ ត្រូវពន្យារពេល ធ្វើឲ្យតម្រូវការវត្ថុធាតុដើមដទៃទៀតក្រៅពីដែកក៏ត្រូវរងផលប៉ះពាល់ដូចគ្នាដែរ។ ជាក់ស្តែង ការផលិតស៊ីម៉ងត៍ ដែលជាសម្ភារៈសំណង់មួយសំខាន់ដែរ បានធ្លាក់ចុះប្រហែល១៦% សម្រាប់ខែកញ្ញាដល់ខែវិច្ឆិកាឆ្នាំនេះ ហើយចំនួននេះមានការថយចុះខ្លាំង បើធៀបនឹងរយៈពេលដូចគ្នារវាងឆ្នាំ ២០១៧ ដល់ ២០១៩។ តម្រូវការសម្រាប់គ្រឿងចក្រធំៗក៏បានធ្លាក់ចុះផងដែរ នៅក្នុងប៉ុន្មានខែចុងក្រោយនេះ។ បន្ថែមពីលើនេះ សូម្បីតែ តម្រូវការឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះ ដូចជាទូរទឹកកក ម៉ាស៊ីនបោកគួក និងសម្ភារៈដទៃទៀត ក៏បានដាំក្បាលចុះដែរ ចាប់តាំងពីខែឧសភាមក៕