តើកត្តាអ្វីខ្លះជំរុញទឹកចិត្តឲ្យសហគ្រិនជោគជ័យក្នុងវិស័យជំនួញរូបនេះ លះបង់ថវិការាប់លានដុល្លារជួយដល់និស្សិតក្រីក្រយ៉ាងដូច្នេះ?
បើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post លោក Cui Peijun គឺជាអតីតក្មេងដែលមិនបានរៀនខ្ពង់ខ្ពស់នោះឡើយ ដោយសារតែគ្រួសារមិនមានលទ្ធភាពចំណាយលើការសិក្សា។ កត្តានេះ បានធ្វើឲ្យលោកដិតដាមនៅក្នុងចិត្ត មិនចង់ឃើញយុវជន ត្រូវជួបការលំបាកខ្វះលទ្ធភាពសិក្សាដូចដែលលោកបានឆ្លងកាត់មកនោះទេ។ សេដ្ឋីចិត្តធម៌រូបនេះ បាននិយាយថា «ភាពក្រីក្រមិនគួរត្រូវបានបន្ដទៅកាន់មនុស្សជំនាន់ក្រោយទៀតទេ។ ពួកគេគួរតែត្រូវបានជួយឲ្យជៀសផុតពីការបោះបង់ការសិក្សាដោយសារតែលក្ខស្ថានភាពគ្រួសារក្រីក្រ»។
យ៉ាងណាមិញ នៅពេលថ្មីៗនេះ លោក Cui Peijun ត្រូវបានអ្នកលេងបណ្ដាញសង្គមនៅប្រទេសចិនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្រោយពេលមានការចែករំលែកនូវវីដេអូ ដែលបានថតអំឡុងពេលចែកលុយដល់និស្សិត ជាមួយនឹងការស្លៀកពាក់ និងអង្គុយលើតុយ៉ាងសាមញ្ញបំផុត។ លុយដែលរៀបចំ ដាក់នៅលើតុសម្រាប់ចែកនោះ ត្រូវបានគេដឹងថា មានរៀបចំខ្ទាស់ជាដុំៗក្នុងចំនួនផ្សេងគ្នា គឺមានដុំចំនួន៣ពាន់យន់ ឬស្មើនឹងប្រហែល ៤៣៨ដុល្លារ និងមួយដុំ៥ពាន់យន់ ឬស្មើនឹងជាង ៧២៣ដុល្លារ។
លោក លោកស៊ុយ បាននិយាយថា នៅឆ្នាំនេះ លោកបានបរិច្ចាគប្រាក់អស់ប្រហែល១៦ម៉ឺនដុល្លារហើយទៅឲ្យនិស្សិត១៦០នាក់ ដោយលុយទាំងអស់នេះ គឺជាប្រាក់សន្សំផ្ទាល់ខ្លួនរបស់លោក។ លោកបានបញ្ជាក់ថា «លោកបានបោះបង់ការសិក្សាដោយសារតែភាពក្រីក្រ ដូច្នេះ លោកបានបង្កើតមូលនិធិនេះ ដោយផ្ទាល់ខ្លួនរបស់លោកដើម្បីជួយដល់និស្សិតក្រីក្រ ឲ្យទទួលបានការសិក្សា។»