កុមារឆ្លងកូវីដ-១៩

កុមារឆ្លងកូវីដ-១៩ កើនឡើង ចំពេលវត្តមានកូវីដ-១៩បំប្លែងថ្មី ឌែលតា បន្ដការរាតត្បាតខ្លាំង


ករណីឆ្លងកូវីដ១៩ ចំពោះកុមារកំពុងកើនឡើងនៅទូទាំងពិភពលោក ចំពេលដែលមានការផ្ទុះឡើងនៃមេរោគកូវីដ១៩បំប្លែងខ្លួនឌែលតា ដែលកំពុងចរាចរណ៍យ៉ាងសកម្មនៅពាសពេញពិភពលោក បានជំរុញឱ្យមន្ទីរពេទ្យ និង កន្លែងសម្រាកព្យាបាល ត្រូវបន្ថែមបន្ទុកមួយកម្រិតទៀត ព្រមទាំងបង្កើនការយកចិត្តទុកដាក់ខ្ពស់ជាងមុនផងដែរ។ ប្រការនេះហើយ បានចោទជាក្តីព្រួយបារម្ភថា កុមារអាចនឹងត្រូវប្រឈមមុខនឹងការឆ្លងជំងឺកូវីដ-១៩ ក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ។ តើកូវីដ-១៩បំប្លែងខ្លួនថ្មី កំពុងគំរាមកំហែងដល់កុមារនៅទូទាំងពិភពលោកយ៉ាងដូចម្ដេចខ្លះ?
រូបភាពកុមារពាក់ម៉ាសដើម្បីការពារជំងឺឆ្លងកូវិដ១៩ ជាពិសេសមេរោគបំប្លែងថ្មី ឌែលតា

បើ​តាម​ការ​ស្រាវជ្រាវ និង ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន ដូច​ជា Bloomberg បាន​ឲ្យ​ដឹង​ថា មាន​៤​ចំណុច​សំខាន់​ៗ ដែល​អ្នក​គួរ​ស្វែង​យល់​ពី​ឥទ្ធិពល​របស់​កូ​វី​ដ​១៩ និង កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ឌែ​លតា ចំពោះ​កុមារ ដោយ​ក្នុង​នោះ​មាន​ដូច​ជា​៖

១) ករណី​ឆ្លង​លើ​កុមារ​បាន​កើនឡើង​ច្រើន ដោយសារ​តែ​មេរោគ​បំប្លែង​ថ្មី​ឌែ​លតា 

នៅ​សហរដ្ឋអាមេរិក ចាប់តាំងពី​មានការ​ឆ្លង​រាតត្បាត​កូ​វី​ដ​១៩ មក​ដល់​ដើមខែ​កញ្ញា​នេះ មាន​កុមារ និង​មនុស្ស​វ័យ​ជំទង់ ជាង​៥​លាន​នាក់ បាន​ធ្វើតេស្ត​រក​ឃើញ​មេរោគ​កូ​វី​ដ​១៩​។ ចំនួន​នេះ​តំណាង​ឱ្យ ១៥, ៥% នៃ ករណី​ឆ្លង​ទាំងអស់ ខណៈ​ដែល​មនុស្ស​មាន​អាយុ​ក្រោម​១៨​ឆ្នាំ ក្នុង​សហរដ្ឋអាមេរិក​មាន​ចំនួន ២២,២% នៃ ប្រជាជន​អា​មេ​រិ​ក​ទាំងអស់​។ បើ​គិត​ជា​តួលេខ​ត្រឹម​ចុង​ស​ប្តា​ហ៍​ទី​១ នៃ ខែកញ្ញា ករណី​ឆ្លង​លើ​កុមារ បាន​កើនឡើង​ដល់ ជាង​២៤​ម៉ឺន​ករណី​។ ការ​កើនឡើង​នេះ ស្រប​ពេល​គ្នា​ជាមួយនឹង​ការ​កើនឡើង នៃ ករណី​ឆ្លង​កូ​វី​ដ​១៩ ឌែ​លតា ដែល​រុញច្រាន​ឲ្យ​កុមារ​ត្រូវ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​កាន់តែ​ច្រើន​ផង​ដែរ ប៉ុន្តែ​ករណី​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​នៅ​មិន​ទាន់​កើត​មាន​ច្រើន​នៅឡើយ​ទេ​។

២) តើ​មេរោគ​កូ​វី​ឌ​-១៩ បំប្លែង​ថ្មី មាន​ឥទ្ធិពល​បែប​ណា​ចំពោះ​កុមារ?

កូ​វី​ដ​១៩​ឌែ​លតា មាន​ឥទ្ធិពល​ឆ្លង​យ៉ាង​ហោច​ណាស់​ទ្វេ​ដង បើ​ធៀប​នឹង​វីរុស​កូ​រ៉ូ​ណា​ដើម​ដែល​បាន​លេច​ចេញ​វត្តមាន​ដំបូង​នៅ​ចុងឆ្នាំ​២០១៩​។ ប៉ុន្ដែ មិន​មាន​ភស្តុ​តាង​ណាមួយ ដែល​បង្ហាញ​ថា កូ​វី​ដ​១៩​ឌែ​លតា អាច​ឆ្លង​លើ​កុមារ​ច្រើន​ជាង​ក្រុម​មនុស្ស​ពេញវ័យ​នោះ​ទេ ប៉ុន្តែ​ករណី​ឆ្លង​លើ​កុមារ​កើនឡើង​ច្រើន​ដូច​បាន​រៀបរាប់​ខាងលើ​នេះ វា​អាច​បណ្តាល​មក​ពី​អត្រា​ចាក់​វ៉ាក់សាំង​លើ​កុមារ​នៅ​មាន​កម្រិត​ទាប បើ​ធៀប​នឹង​មនុស្ស​ធំ​។

៣) បើសិនជា​កុមារ​បាន​ឆ្លង​កូ​វី​ដ​១៩​ឌែ​លតា តើ​វា​អាច​ធ្ងន់ធ្ងរ​កម្រិត​ណា?

សម្រាប់​កុមារ ទោះបី​កូ​វី​ដ​១៩ ធម្មតា ឬ​បំប្លែង​ខ្លួន​ក្តី ក៏​មិន​អាច​ធ្វើ​ឲ្យ​កុមារ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​បាន​ដែរ ហើយ​ករណី​នេះ បន្ត​ស្ថិត​ក្នុង​ករណី​កម្រ​នៅឡើយ ទោះបី​មាន​ករណី​មួយ​ចំនួន ត្រូវ​ប​ញ្ចូ​ន​មក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ក៏​ដោយ ប៉ុន្តែ​សម្រាប់​កម្រិត​ធ្ងន់ គឺ​កម្រ​មាន​ណាស់​។ នៅ​សហរដ្ឋអាមេរិក ចាប់តាំងពី​ផ្ទុះ​កូ​វី​ដ​១៩​ភ្លាម មាន​ករណី​កុមារ​ត្រូវ​ប​ញ្ចូ​ន​ចូល​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ប្រមាណ ៤% នៃ ចំនួន​អ្នក​សម្រាក​ក្នុង​មន្ទីរពេទ្យ​ទាំងអស់​។

គួរ​ជម្រាប​ថា កុមារ​កម្រ​នឹង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ក៏​ដោយសារ​តែ​ពួក​គេ​មានការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាពស៊ាំ​ពី​កំណើត ដែល​រឹង​មាំ​ជាង​មនុស្ស​ពេញវ័យ​។ និយាយ​ឲ្យ​ងាយ​យល់ ពួក​គេ​មាន​ប្រព័ន្ធ​ការពារ​សារពាង្គកាយ​ខ្លាំង​ជាង​។

៤) តើ​កុមារ​គួរតែ​ចាក់​វ៉ាក់សាំង​ដែរ ឬទេ?

មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺឆ្លង ហៅ​កាត់​ថា CDC របស់​អា​មេ​រិ​កបាន​អនុម័ត ឲ្យ​មានការ​ចាក់​វ៉ាក់សាំង​សម្រាប់​កុមារ និង​មនុស្ស​វ័យ​ជំទង់ អាយុ​លើស ១២​ឆ្នាំ​រួច​ហើយ ខណៈ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ក៏​កំពុង​ប្រព្រឹត្តិ​ទៅ​ដែរ​។ ដោយឡែក សម្រាប់​សហរដ្ឋអាមេរិក​ដដែល អ្នកជំនាញ​កំពុង​សិក្សា ការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ក្រោម​១២​ឆ្នាំ​បន្ត​ទៀត​។ 

យ៉ាងណាមិញ បើ​តាម​ការ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​បាន​បង្ហាញ​ថា ដើម្បី​ឲ្យ​មាន​ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ​នៅ​ក្នុង​សហគមន៍ គេ​ត្រូវ​ចាំបាច់​ចាក់​វ៉ាក់សាំង​សូ​ម្បី​តែ កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី ៥​ឆ្នាំ ទៅ​១៥​ឆ្នាំ​។ ធ្វើ​ដូចនេះ ទើប​គេ​អាច​កាត់​ផ្តាច់​ប្រភព​ចម្លង​កូ​វី​ដ​១៩​ដោយ​មាន​ប្រសិទ្ធភាព និង មិន​ឲ្យ​វា​មានការ​រាលដាល​ឆ្លង​បន្ត​ទៀត​។

សូម​ជម្រាប​ថា គិត​ត្រឹម​ដើមខែ​កញ្ញា សហរដ្ឋអាមេរិក​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប កើន​ដល់ ៤០​លាន​ករណី​ហើយ រីឯ​អ្នក​ស្លាប់មាន​ជាង ៦៥​ម៉ឺន​នាក់ ខណៈ​រលក​ឆ្លង​ទី​៤​នៅ​អា​មេ​រិ​ក​កំពុង​វាយលុក​ដែល​ភាគច្រើន​គ្របដណ្តប់​ដោយ​កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ឌែ​លតា​៕

None



អត្ថបទបន្ទាប់


នាយករដ្ឋមន្រ្តីសិង្ហបុរី សម្រេចចាក់វ៉ាក់សាំងដូសជំរុញ និងណែនាំពលរដ្ឋវ័យចំណាស់ឲ្យចាក់តាមដែរ

នៅថ្ងៃទី ១៧ ខែកញ្ញានេះ នាយករដ្ឋមន្រ្តីសិង្ហបុរី លី ស៊ានឡុង បានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី ៣ ដែលជាដូសជម្រុញរួចហើយ ដោយមានគម្លាតពីការចាក…

ឥណ្ឌូនេស៊ីកំពុងចរចាជាមួយ WHO ដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងសកល

បន្ទាប់ពីអង្គការសុខភាពពិភពលោកមើលឃើញថា អាហ្វ្រិកខាងត្បូងជាទីតាំងទីមួយសម្រាប់ជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងសកល នៅពេលនេះប្រទេសឥណ្ឌូនេស៊ីកំពុងពិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ