អាល្លឺម៉ងសច្ចាពង្រីកវត្តមានយោធានៅឥណ្ឌូប៉ាស៊ីហ្វិក

មហាអំណាចអាល្លឺម៉ងអះអាងថា ខ្លួននឹងពង្រីកវត្តមានយោធានៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក


ប្រមុខការពារជាតិអាល្លឺម៉ង់បានប្រាប់ទីភ្នាក់ងាររ៉យទ័រថា អាល្លឺម៉ង់ ដែលត្រូវបានគេប្រដូចនឹងយក្សទើបងើបពីដំណេកប្រចាំតំបន់អឺរ៉ុបនោះ នឹងពង្រីកវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយខ្លួនសន្យានឹងបញ្ចូននាវាចម្បាំងបន្ថែមទៀតទៅកាន់ទីនោះ ព្រមទាំងចូលរួមសមយុទ្ធជាមួយសម្ព័ន្ធមិត្តជាទៀងទាត់ ដើម្បីរក្សាឃ្លាំមើលនូវការរះឡើងនៃឥទ្ធិពលយោធាដ៏សម្បើមរបស់ចិននៅក្នុងតំបន់នេះផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
មហាអំណាចអាល្លឺម៉ងអះអាងថា ខ្លួននឹងពង្រីកវត្តមានយោធានៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

ការប្រកាសពីឈានជើងឥទ្ធពលយោធា ទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាល្លឺម៉ងនេះ ត្រូវបានគេមើលឃើញថា ប្រទេសនេះ កំពុងពួតដៃគ្នាជាមួយប្រទេសលោកខាងលិចឯទៀត ក្នុងការសម្ញែញសាច់ដុំនៅក្នុងតំបន់យុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក ដោយមើលឃើញ និងព្រួយបារម្ភកាន់តែខ្លាំងឡើងពីមហិច្ឆតារបស់ទីក្រុងប៉េកាំង ពិសេសដែនសមុទ្រចិនខាងត្បូងតែម្តង។

គួររលឹកថា កាលពីឆ្នាំមុន ទីក្រុងប៊ែរឡាំងបានបញ្ជូននាវាចម្បាំងរបស់ខ្លួនជាលើកដំបូង ក្នុងរយៈពេលជិត ២០ ឆ្នាំ ទៅកាន់ដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូង ហើយនៅក្នុងខែសីហានេះទៀតសោត អាល្លឺម៉ង់ក៏បានបញ្ចូនយន្តហោះយោធាចំនួន ១៣ គ្រឿងទៀត ទៅធ្វើសមយុទ្ធរួមគ្នានៅប្រទេសអូស្ត្រាលីផងដែរ។

លោកឧត្តមសេនីយ អេវើហាដ ហ្សូន (Eberhard Zorn) ដែលជាមេបញ្ជាការកំពូលរបស់កងទ័ពអាល្លឺម៉ង់ បានប្រាប់ទីភ្នាក់ងាររ៉យទ័រថា កងទ័ពជាតិអាលឺម៉ង់ (Bundeswehr) គ្រោងនឹងបញ្ជូនទាហានទៅចូលរួមក្នុងសមយុទ្ធហ្វឹកហ្វឺននៅប្រទេសអូស្ត្រាលីនៅឆ្នាំក្រោយ ខណៈដែលកងទ័ពជើងទឹករបស់ខ្លួននឹងបញ្ជូននាវាចម្បាំងជាច្រើនបន្ថែមទៀត ទៅកាន់ទីនោះនៅឆ្នាំ ២០២៤។

មែនទែនទៅ ប្រទេសអាល្លឺម៉ង់ដែលធ្លាប់ប្រព្រឹត្តកំហុសយ៉ាងធំធេងនៅក្នុងសង្គ្រាមលោកទាំងពីរ បានអនុវត្តគោលនយោបាយការបរទេសរបស់ខ្លួន ដែលភាគច្រើនគឺ ផ្តោតទៅលើទំនាក់ទំនងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងទៀត ជាពិសេសជាមួយប្រទេសចិន ដែលនៅក្នុងឆ្នាំ ២០១៦ កន្លងទៅ ប្រទេសទាំងពីរបានក្លាយទៅជាដៃគូពាណិជ្ជកម្មដែលខ្វះគ្នាមិនបាន។

បើទោះជាយ៉ាងណា ប្រទេសដៃគូជិតស្និទ្ធឯទៀតបានអំពាវនាវឲ្យអាល្លឺម៉ង់បង្ហាញពីភាពជាអ្នកដឹកនាំថែមមួយកម្រិតទៀត ឲ្យសមទៅនឹងមាឌរបស់មហាយក្សសេដ្ឋកិច្ចនៅអឺរ៉ុបមួយនេះ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតក្នុងទ្វីបអឺរ៉ុប និងមានប្រជាជនច្រើនជាងគេផងដែរនោះ។

កាលពីឆ្នាំ ២០២០ ទីក្រុងប៊ែកឡាំងបានប្រកាសពីយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកថ្មី ដោយផ្តោតលើការពង្រឹងសម្ព័ន្ធភាពនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់ ដែលចាត់ទុកជាចំណុចរបត់មួយនៃនយោបាយការបរទេសរបស់អាល្លឺម៉ង់។

មួយវិញទៀត ក្រោយពីការឈ្លានពានរបស់រុស្សីនៅខែកុម្ភៈ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានសន្យានឹងដំឡើងការចំណាយទៅលើវិស័យយោធាបន្ថែមទៀតផងដែរ។

នៅពេលទីភ្នាក់ងាររ៉យទ័រសួរថា តើអាល្លឺម៉ង់នៅពេលខាងមុខ អាចនឹងបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដូចសហរដ្ឋអាមេរិកធ្វើដែរឬទេ លោកឧត្តមសេនីយ អេវើហាដ ហ្សូន បាននិយាយថា «វាជាបញ្ហាដ៏រសើបមួយ ដែលមិនអាចសន្មតត្រឹមកម្រិតយោធានោះឡើយ»។

មេបញ្ជាការកងទ័ពអាល្លឺម៉ង់រូបនេះបានបញ្ជាក់ថា «អល្លឺម៉ង់មិនចង់បង្កហេតុណាមួយ ដោយសារវត្តមានរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះទេ ប៉ុន្តែវាជាការផ្ញើសញ្ញាដ៏រឹងមាំមួយនៃសាមគ្គីភាពជាមួយសម្ព័ន្ធមិត្ត ហើយអាល្លឺម៉ង់នឹងឈរជាមួយសេរីភាពនៃការធ្វើនាវាចរណ៍ និងការពារសណ្តាប់ធ្នាប់អន្តរជាតិទាំងឡាយ»៕




អត្ថបទបន្ទាប់


មេទ័ពកំពូលអាល្លឺម៉ង់ព្រមានថា «កុំមើលស្រាលកម្លាំងយោធារុស្សីឲ្យសោះ» ខណៈចារកម្មអាមេរិថា ម៉ូស្គូកំពុងខ្វះខាតកងទ័ពប្រយុទ្ធលើសមរភូមិ

ព័ត៌មាន
ប្រមុខការពារជាតិអាល្លឺម៉ង់បានព្រមានថា ប្រទេសលោកខាងលិចមិនត្រូវមើលស្រាលកម្លាំងយោធារបស់ទីក្រុងម៉ស្គូនោះឡើយ ព្រោះវិមានក្រឹមឡាំងអាចមានសមត្ថភា…

គណៈប្រតិភូនៃសមាគមបណ្ដាញលក់រាយម៉ាឡេស៊ី (MRCA) ស្ងើចសរសើរការអភិវឌ្ឍគម្រោងទំនើបចម្រុះ របស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប ព្រមទាំងចុះអនុស្សារណៈនៃការយោគយល់ជាមួយគ្នា

ព័ត៌មាន
ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះគឺមានការរីកចម្រើនគួរឱ្យសម្គាល់ ទោះជាស្ថិតនៅក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ