ពិព័រណ៌ផ្សារភាគហ៊ុនកម្ពុជា ២០២២

ក្រុមអ្នកជំនាញបង្ហាញក្ដីរំពឹងខ្ពស់ចំពោះការតាំងពិព័រណ៌ផ្សារភាគហ៊ុនកម្ពុជាលើកទី៥


ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានប្រារព្ធពិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា«My First Stock 2022» ជាលើកទី៥ របស់ខ្លួន ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់វិស័យមូលបត្រនៅកម្ពុជាទៅកាន់សាធារជនឲ្យកាន់តែទូលំទូលាយ។
ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ប្រារព្ធពិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា«My First Stock 2022» ជាលើកទី៥ របស់ខ្លួន ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់វិស័យមូលបត្រនៅកម្ពុជា។

តាមរយៈពិព័រណ៍នេះ ក្រុមអ្នកជំនាញរំពឹងថា នឹងកាន់តែធ្វើឲ្យ​វិស័យផ្សារ​មូលបត្រកម្ពុជា នឹងកាន់តែរីកចម្រើនខ្លាំង​នៅឆ្នាំបន្តបន្ទាប់ ស្របទៅតាម​ការលូតលាស់​ឆាប់រហ័ស​នៃកំណើន​សេដ្ឋកិច្ចជាតិ។

ក្រុមអ្នកជំនាញក្នុងវិស័យផ្សារមូលបត្រកម្ពុជា និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានអះអាងថា ភាពរីកចម្រើននៃវិស័យមូលបត្រកម្ពុជា នាពេលបច្ចុប្បន្ន ដោយសារតែមានការចូលរួមបោះផ្សាយលក់មូលបត្រពីសំណាក់ក្រុមហ៊ុនជាច្រើន ពិសេសធនាគារធំៗ នៅកម្ពុជា តួយ៉ាងដូចជា ធនាគារ អេស៊ីលីដា ជាដើម ខណៈការចូលរួមរបស់ធនាគារដ៏ធំមួយនេះ កាន់តែធ្វើឲ្យវិស័យផ្សារមូលបត្រកម្ពុជា បង្ហាញសក្ដានុពលរបស់ខ្លួនកាន់តែខ្លាំង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ថ្លែងនាឱកាសពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា«My First Stock 2022» នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា កម្មវិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock ឆ្នាំ ២០២២ នេះ ជាគំនិតផ្តួចផ្តើមដ៏ល្អរបស់ផ្សារមូលបត្រកម្ពុជា ក្នុងការលើកកម្ពស់ការយល់ដឹង និងជំរុញការសិក្សាស្វែងយល់​អំពី​កាលានុវត្តភាព​នៃការវិនិយោគ​ក្នុងផ្សារភាគហ៊ុនកម្ពុជា ពីសំណាក់​សាធារណជន។

ទន្ទឹមនេះ ការពង្រឹងតម្លាភាព ទំនុកចិត្ត និងភាពឤចប៉ាន់ប្រមាណបាន ជាកត្តាចាំបាច់ ដើម្បីអនុញ្ញាតឱ្យទីផ្សារមូលបត្រកម្ពុជាធ្វើដំណើរទៅមុខ និង អភិវឌ្ឍប្រកបដោយនិរន្តភាព។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ វិស័យមូលបត្រកម្ពុជា មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ បើទោះបី វិស័យនេះ​មិនទាន់មានភាពរីកចម្រើន​ដូចបណ្ដាប្រទេសមួយចំនួន​នៅអាស៊ាន ដូចជា ទីផ្សារប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរីក៏ដោយ ក៏ប៉ុន្តែ កម្ពុជា កំពុងបោះជំហ៊ានទៅមុខយ៉ាងលឿន។ បើតាម​ឯកឧត្តម ស៊ូ សុជាតិ ដើម្បីជំរុញទីផ្សារមូលបត្រកម្ពុជា ឲ្យកាន់តែសកម្ម និងអាចប្រកួតប្រជែងជាមួយទីផ្សារ​ផ្សេងទៀតក្នុងតំបន់ ឯកឧត្តមក៏បានស្នើឲ្យក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុន​បោះផ្សាយមូលបត្រ ចូលរួមយ៉ាងសកម្មនៅក្នុងការជំរុញការផ្សព្វផ្សាយអំពីទីផ្សារមូលបត្រកម្ពុជា ដើម្បីជំរុញនូវសកម្មភាពជួញដូរឲ្យកាន់តែសកម្ម និងទាក់ទាញក្រុមហ៊ុនឲ្យងាកមករកជម្រើសហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រ។

ឯកឧត្តម ហុង សុហូរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានបង្ហាញក្ដីរំពឹងខ្ពស់ចំពោះវិស័យមូលបត្រកម្ពុជា ថានៅឆ្នាំបន្តបន្ទាប់វិស័យនេះ នឹងកាន់តែរីកចម្រើនខ្លាំង ថែមទាំងអាចប្រកួតប្រជែងនឹងទីផ្សាររបស់ប្រទេសមួយចំនួនក្នុងតំបន់ ផងដែរ។ ការរំពឹងខ្ពស់របស់អគ្គនាយកផ្សារមូលបត្រកម្ពុជា បែបនេះ ក៏ដោយសារតែឯកឧត្តម​កបានកត់សម្គាល់ឃើញថា នៅឆ្នាំ២០២២នេះសម្ទុះ​នៃវិនិយោគិនដែលបានចាប់អារម្មណ៍វិស័យនេះ កាន់តែច្រើន បើប្រៀបនឹងប៉ុន្មានឆ្នាំមុន។ បើតាមឯកឧត្តម ហុង សុហូរ នៅឆ្នាំ២០២២នេះ ទំហំជួញដូរបានកើនឡើងយ៉ាងឆាប់រហ័ស បើធៀបនឹងឆ្នាំ២០២១ ខណៈរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ ទំហំជួញដូរប្រចាំថ្ងៃជាមធ្យមបានកើនដល់ប្រមាណ ៦០ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ។ យ៉ាងណាមិញ អ្នកជំនាញក្នុងវិស័យមូលបត្ររូបនេះ នៅតែបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា ទំហំនៃការជួញដូរមូលបត្រនៅកម្ពុជា នឹងបន្តកើនឡើងជាបន្តបន្ទាប់។ លើសពីនោះ ក្រុមហ៊ុនមូលបត្រកម្ពុជា បានដាក់ក្ដីរំពឹង​ជាថ្មីថា នៅរយៈពេល ៧ឆ្នាំបន្ទាប់ ទំហំជួញដូរក្នុងវិស័យមូលបត្រនឹងសម្រេចបានរហូត ១០០លានដុល្លារ ក្នុងមួយថ្ងៃ។

សូមបញ្ជាក់ថា ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា«My First Stock 2022» នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣តុលា ឆ្នាំ២០២២ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ក្នុងគោលបំណង បន្តផ្សព្វផ្សាយ និងបង្កើនទំនុកចិត្តដល់វិនិយោគិន ដែលមានស្រាប់ឱ្យបន្តជឿជាក់មកលើទីផ្សារភាគហ៊ុន តាមរយៈការជួបផ្ទាល់ជាមួយនឹងក្រុមហ៊ុនចុះបញ្ជី។ ការផ្ដល់ឱកាសដល់សាធារណជនឱ្យបានយល់ដឹងកាន់តែទំលំទូលាយ ទៅលើការវិនិយោគក្នុងទីផ្សារភាគហ៊ុន។ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីទូរសព្ទផ្សារហ៊ុន ជំនាន់ទី២ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកញ្ចប់ប្រូម៉ូសិនពិសេសសម្រាប់វិនិយោគិនថ្មី៕




អត្ថបទបន្ទាប់


តើវេទិកាសហគ្រិនវ័យក្មេងអាស៊ានដែលត្រៀមធ្វើឡើងនៅខែក្រោយ នឹងផ្ដល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់កម្ពុជា?

ព័ត៌មាន
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះមហាស្រពសហគ្រិនវ័យក្មេងអាស៊ានលើកដំបូងចន្លោះពីថ្ងៃទី១២-១៣ វិច្ឆិកា ឆ្នាំ២០២២ ដែលមានសហគ្រិនវ័យក្មេងមកពីប្រទេសក្នុងតំ…

សង្វៀនប្រជែងតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសចាប់ផ្តើមជាថ្មី ក្រោយលោកស្រី Liz Trussប្រកាសលាលែង

ព័ត៌មាន
លោកស្រី Liz Truss បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស បន្ទាប់ពីកាន់តំណែងនេះបានរយៈពេល៤៤ថ្ងៃ ដែលជាការកាន់តំណែងនាយករដ្ឋមន្ត្រីដ៏ខ្លីប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ