គម្រោងវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនចិន CMEC គ្រោងបោះទុន៣ពាន់លានដុល្លារ វិនិយោគវិស័យថាមពលហ្គាស


ក្រុមហ៊ុនយក្សរបស់ចិន China Machinery Engineering Corporation(CMEC) គ្រោងបោះទុនប្រមាណ៣ពាន់លានដុល្លារអាមេរិក វិនិយោគលើវិស័យថាមពលហ្គាសនៅកម្ពុជា ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍ និងត្រៀមឆ្លើយតមនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ក្រៅពីក្រុមហ៊ុននេះ ក៏មានក្រុមហ៊ុនចិនដ៏ធំមួយទៀត ក៏បានបង្ហាញការប្តេជ្ញាចិត្តបោះទុនប្រមាណ៦រយលានដុល្លារបន្ថែម ដើម្បីពង្រីកផលិតកម្ម និងវិយោគលើវិស័យថាមពលដើរដោយថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ផងដែរ។
គម្រោងវិនិយោគនៅកម្ពុជា
ដោយ

នាជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំង ប្រទេសចិន លោក វ៉ាង ប៉ូ (Wang Bo)ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC ដែលកំពុងមានការវិនិយោគក្នុងវិស័យជាច្រើននៅកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល១០ឆ្នាំបន្តទៅមុខ ក្រុមហ៊ុនលោកគ្រោងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរក្នុងទំហំទឹកប្រាក់ប្រមាណ៣ពាន់លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាស។

ជាមួយគ្នានេះថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CMEC បានថ្លែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈកាលកន្លងមក ហើយលោកក៏បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងមានការរីកលូតលាស់ជឿនលឿនថែមទៀត ហើយដែលនេះ ក៏ជាកត្តាទាក់ទាញគួរជាទីទុកចិត្តសម្រាប់ពង្រីកការវិនិយោគនៅកម្ពុជា។

ក្រៅពីក្រុមហ៊ុនខាងលើសម្តេចធិបតី ក៏បានជួបពិភាក្សាការងារជាមួយលោក ចូវ ឡី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation ដើម្បីបង្ហាញ និងជំរុញការវិនិយោគនៅកម្ពុជាផងដែរ។

ទន្ទឹមនឹងអរគុណកម្ពុជាដែលបានជួយគាំទ្រដល់ការវិនិយោគរបស់ក្រុមហ៊ុនខ្លួននៅកម្ពុជា លើគម្រោងសំខាន់ៗ ដូចជាគម្រោងវារីអគ្គិសនី និងគម្រោងខ្សែបញ្ជូន និងអនុស្ថានីយ៍តង់ស្យុងខ្ពស់ ពីភ្នំពេញ-បាត់ដំបង ថ្នាក់ដឹកនាំរូបនេះបានប្តេជ្ញាបង្កើនទុនវិនិយោគចំនួន៦រយលានដុល្លាអាមេរិកបន្ថែមទៀតលើគម្រោងវិនិយោគក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ដើម្បីជាការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ថ្មីនេះ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនយក្សរបស់ចិនទាំងពីរខាងលើ និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលកន្លងមកបានបណ្តាក់ទុនវិនិយោគលើគម្រោងក្នុងវិស័យថាមពលនៅកម្ពុជា ហើយដែលបានដំណើរការដោយជោគជ័យ។ ទន្ទឺមនឹងនេះ សម្តេចធិបតី ក៏បានបញ្ជាក់អំពីការបន្តជួយគាំទ្រ និងលើកទឹកចិត្តចំពោះគម្រោងវិយោគផ្សេងទៀតរបស់ក្រុមហ៊ុនក្នុងវិស័យថាមពលនៅកម្ពុជា ជាពិសេសគម្រោងដែលពាក់ព័ន្ធនឹងការផ្ទេរបច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ ដោយក្នុងនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់លើការវិនិយោគផ្នែកបច្ចេកវិទ្យាថ្មីៗ ដែលអាចជួយពង្រឹងបន្ថែមទៀតដល់ប្រសិទ្ធភាព និងការប្រកួតប្រជែងផ្នែកតម្លៃផងដែរ។

យោងតាមការបញ្ជាក់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ការអញ្ជើញចូលរួមរបស់ សម្ដេចធិបតី ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣នេះ នឹងបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជា ចំពោះគំនិតផ្តួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដែលគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយមិត្តចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់ សម្រាប់កំណើនរួម សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់និងអន្តរជាតិ។

បើតាមក្រសួងការបរទេសដដែល ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវនេះ សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះ ស្ដីពី«សេដ្ឋកិច្ចឌីជីថល ជាប្រភព នៃកំណើនថ្មី» ហើយអំឡុងពេលចូលរួមវេទិកានេះ សម្តេចនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាជាមួយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងមានជំនួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយឥស្សរជនបរទេសដទៃទៀត ផងដែរ។

សូមបញ្ជាក់ថា នៅរយៈពេល ៩ខែ ឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសចិន សម្រេចបានទំហំទឹកប្រាក់ប្រមាណ ៩ពាន់លានដុល្លារអាមេរិក បានកើនឡើងជាង ៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន សម្រេចបានទំហំទឹកប្រាក់សរុបប្រមាណ ១ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៨% បើធៀបនឹងឆ្នាំមុន។ ខណៈការនាំចូលពីប្រទេសចិនវិញ មានទំហំទឹកប្រាក់សរុបប្រមាណ ៨ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

None



អត្ថបទបន្ទាប់


សម្តេចធិបតី មានសុទិដ្ឋិនិយមថា សហគ្រិនកម្ពុជា នឹងប្រើប្រាស់ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធ Alibaba ដើម្បីទាញយកប្រយោជន៍ពីទីផ្សារអន្តរជាតិឱ្យបានជាអតិបរមា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ លោកស្រី វិន ជែ (WEN…

ក្រុមហ៊ុនយក្សចិនធំៗពីរ បង្ហាញបំណងវិនិយោគលើគម្រោងផ្លូវដែកធុនធ្ងន់ និងស្រាលនៅកម្ពុជា

កន្លងមក ក្រុមហ៊ុនចិន China Railway Construction Corporation (CRCC) បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ