ក្រោយហេតុការណ៍នេះ ក្រុមហ៊ុនស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI អាម៉េរិក ដែលគ្រប់គ្នាស្គាល់ច្បាស់ថា OpenAI ដែលជាអ្នកបង្កើត ChatGPT ដ៏ល្បីរន្ទឺពាសពេញពិភពលោកបានប្ដេជ្ញាធ្វើការជាមួយរដ្ឋាភិបាលអាម៉េរិក ដើម្បីការពារឧស្សាហកម្ម AI របស់សហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
ជាការពិតណាស់ ការលេចឡើងនៃវត្តមាន AI ជំនាន់ថ្មីរបស់ក្រុមហ៊ុនចិន DeepSeek កាលពីថ្ងៃទី២៧ ខែមករា ដែលបានក្លាយជា App ហ្វ្រីឥតគិតថ្លៃដ៏កំពូលនៅលើ App Store របស់ Apple នៅសហរដ្ឋអាម៉េរិក បានធ្វើឱ្យផ្សារហ៊ុនអាម៉េរិក នៅសង្កាត់ហិរញ្ញវត្ថុ Wall Street ក្រឡាប់ចាក់បណ្ដាលឱ្យខាតបង់សរុបរហូតដល់ទៅជាង១ទ្រីលានដុល្លារត្រឹមតែរយៈពេលមួយថ្ងៃ ក្នុងនោះក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាម៉េរិក Nvidia រងការខាតបង់ធ្ងន់ធ្ងរជាងគេបំផុតរហូតដល់ទៅជិត៦០០ពាន់លានដុល្លារ នៅពេលដែលបណ្ដាវិនិយោគិនបានផ្អើលសម្រុកលក់ចេញភាគហ៊ុនបច្ចេកវិទ្យាអាម៉េរិកនេះ។
ស្ថានការណ៍ក្រឡាប់ចាក់ដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងផ្សារហ៊ុនអាម៉េរិកនេះបានធ្វើឱ្យប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ចេញមុខព្រមានបណ្ដាក្រុមហ៊ុនអាម៉េរិកឱ្យបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីដណ្ដើមជ័យជម្នះនៅក្នុងការប្រកួតប្រជែង ជាពិសេសជាមួយមហាយក្សចិនតែម្ដង។
ក្រោយលោក ដូណាល់ ត្រាំ ព្រមានបែបនេះ ក្រុមហ៊ុនស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI អាម៉េរិក OpenAI ដែលជាអ្នកបង្កើត ChatGPT ដ៏ល្បីរន្ទឺពាសពេញពិភពលោកបានប្រកាសកាលពីថ្ងៃទី២៨ ខែមករា ថា ខ្លួនប្ដេជ្ញាធ្វើការជាមួយរដ្ឋាភិបាលអាម៉េរិក ដើម្បីការពារឧស្សាហកម្ម AI របស់សហរដ្ឋអាម៉េរិក។
ក្រុមហ៊ុន OpenAI បាននិយាយថា បណ្ដាក្រុមហ៊ុនចិន កំពុងព្យាយាមឥតឈប់ឈរ និងប្រើគ្រប់មធ្យោបាយ ដើម្បីលួចយកបច្ចេកវិទ្យា AI របស់សហរដ្ឋអាម៉េរិក ហើយដើម្បីការពារកម្មសិទ្ធិបញ្ញារបស់ខ្លួន ក្រុមហ៊ុន OpenAI ត្រូវរឹតបន្តឹងការគ្រប់គ្រងដោយប្រុងប្រយ័ត្ននូវមុខងារទំនើបៗដែលដាក់បញ្ចូលទៅក្នុងម៉ូឌែល AI របស់ខ្លួន ហើយប្ដេជ្ញាធ្វើការជាមួយរដ្ឋាភិបាលអាម៉េរិក ដើម្បីការពារទប់ស្កាត់កុំឱ្យគូប្រជែងលួចយកបាននូវបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិក។
សូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីសេតវិមាន បានប្រកាសថា ខ្លួនកំពុងពិនិត្យមើលឡើងវិញនូវកង្វល់សន្តិសុខជាតិ ដែលអាចបង្កឡើងដោយក្រុមហ៊ុនចិន DeepSeek។ ទីប្រឹក្សាទទួលបន្ទុកផ្នែក AI នៅសេតវិមាន លោក ដេវីត ស៊ែក (David Sacks) បានព្រមានថា បណ្ដាក្រុមហ៊ុនចិនអាចនឹងប្រើប្រាស់បច្ចេកទេសពិសេសដើម្បីលួចចម្លងបច្ចេកវិទ្យា AI របស់សហរដ្ឋអាម៉េរិក។
ហើយអ្វីដែលជាការកត់សម្គាល់ ក្រោយការចេញមុខអន្តរាគមន៍របស់លោក ដូណាល់ ត្រាំ និងការប្រកាសប្ដេជ្ញារបស់ក្រុមហ៊ុន OpenAI ភាគហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិក បានហក់ឡើងវិញស្រឺតៗកាលពីថ្ងៃអង្គារ ទី២៨ ខែមករា ដោយក្នុងនោះផ្សារហ៊ុនអាម៉េរិក Nasdaq បានហក់ឡើងខ្ពស់ជាងគេដល់ទៅ២% ក្រោយពីបានដាំក្បាចុះជាង៣%កាលពីថ្ងៃចន្ទ។
ទន្ទឹមនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនយក្ស Nvidia បានហក់ឡើងវិញ៨,៩% ក្រោយពីធ្លាក់ចុះជិត១៧%ដែលបណ្ដាលឱ្យខាតបង់ជិត៦០០ពាន់លានដុល្លារ ហើយផ្សារហ៊ុនអាម៉េរិក S&P 500 បានហក់ឡើង៣,៦% ផ្សារហ៊ុន Dow Jones បានហក់ឡើង០,៣% ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានហក់ឡើង៣,៧%៕
ដោយ: តែម សុខុម