ស្បៀងអាហារសកលលោក

ប្រទេសជាង៥០ នឹងស្នើឲ្យអង្គការពាណិជ្ជកម្មពិភពលោក ដោះស្រាយក្ដីបារម្ភអំពីបញ្ហាកង្វះស្បៀងអាហារសកលលោក


ប្រទេសជាង ៥០ ដែលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នឹងដាក់ស្នើទៅកាន់អង្គការមួយនេះ ដើម្បីឲ្យជួយដោះស្រាយលើបញ្ហាហាមឃាត់ការនាំចេញស្បៀងអាហារ និង ផលិតផលកសិកម្មរបស់ប្រទេសមួយចំនួន ខណៈប្រទេសដែលពឹងផ្អែកលើការនាំចូលស្បៀងអាហារទាំងស្រុងនោះ បានលើកឡើងពីការព្រួយបារម្ភអំពីកង្វះខាតស្បៀងអាហារ ដែលកំពុងកើតមានឡើង បណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩ និង សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bangkok Post។
ក្ដីបារម្ភអំពីបញ្ហាកង្វះស្បៀងអាហារសកលលោក

អគ្គនាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​របស់​ប្រទេស​ថៃ លោកស្រី អូ​រ៉ា​មុន សុ​ប​ថា​វី​ថុ​ម (Auramon Supthaweethum) បាន​អះអាង​ថា ប្រទេស​ជា​ច្រើន​បាន​ដាក់​កំហិត​លើ​ការ​នាំ​ចេញ​ស្បៀងអាហារ និង ផលិតផល​កសិកម្ម ដែល​បាន​ជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រទេស​ដែល​ពឹងផ្អែក​លើ​ការ​នាំ​ចូល​ស្បៀងអាហារ​ពី​ក្រៅប្រទេស​។

លោកស្រី Auramon បាន​និយាយ​ថា ប្រទេស​ចំនួន ៥៣ កំពុង​ស្នើ​សុំ​ឱ្យ​អង្គការ WTO ដែល​មាន​សមាជិក​សរុប​ចំនួន ១៦៤ ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ការ​ហាមឃាត់​ការ​នាំ​ចេញ​ស្បៀងអាហារ​នេះ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​។

គួរ​កត់​សម្គាល់ថា បន្ទាប់​ពី​មានការ​ដាក់​សំណើ​ពី​បណ្តា​ប្រទេស​ជា​ច្រើន រដ្ឋមន្ត្រី​ទី​១២ របស់​អង្គការ WTO គ្រោង​នឹង​បើក​កិច្ច​ពិភាក្សា​អំពី​បញ្ហា ពាណិជ្ជកម្ម និង​សុខភាព ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត​កូ​វីត ១៩ ដែល​បាន​បង្ក​ឱ្យ​មាន​កង្វះខាត​ការ​ផ្គត់ផ្គង់​ស្បៀង ការ​ទទួល​បាន​ថ្នាំ និង វ៉ាក់សាំង​សំខាន់​ៗ ដើម្បី​ទប់ទល់​នឹង​ជំងឺ​រាតត្បាត និង ការ​កាត់​បន្ថយ​ការ​ឧបត្ថម្ភ​ធន​ដល់​ផ្នែក​ជលផល​ដែល​រួមចំណែក​ដល់​ការ​នេសាទ​លើស​ចំណុះ និង ការ​នេសាទ​លើស​កម្រិត​ជាដើម​។ លោកស្រី Auramon បាន​និយាយ​ថា កិច្ចប្រជុំ​នឹង​ពិចារណា​លើ​ការ​រឹត​បន្តឹង និង កាត់​បន្ថយ​ការ​ឧបត្ថម្ភ​ធន​កសិកម្ម ក៏​ដូច​ជា​ដំណោះស្រាយ​សម្រាប់​ការ​ហាមឃាត់​ការ​នាំ​ចេញ​កសិផល​ផង​ដែរ​។

យោង​តាម​ការ​សិក្សា​របស់ WTO ទោះបីជា​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​មាន​ទំហំ​តូច​ក្នុង​ទំហំ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ពិភពលោក​ក៏​ដោយ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​វិស័យ​ផលិតកម្ម​មួយ​ចំនួន និង​ជា​អ្នក​នាំ​ចេញ​ទំនិញ​សំខាន់​ៗ​ជា​ច្រើន​ផង​ដែរ​។ សង្គ្រាម​បាន​ធ្វើ​ឱ្យ​តម្លៃ​ទីផ្សារ​ពិភពលោក​កើនឡើង ជា​ពិសេស​ទំនិញ​កសិកម្ម និង​ស្បៀងអាហារ ដូច​ជា​ស្រូវ​សាលី សណ្តែកសៀង អង្ករ ពោត និង​សាច់ ជាដើម ដែល​ទាំង​អស់នេះ​បាន​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង​នៅ​ក្នុង​ប្រទេស​ក្រីក្រ ដែល​ពឹងផ្អែក​លើ​ការ​នាំ​ចូល​ពី​ប្រទេស​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​។

លើស​ពី​នេះ សង្គ្រាម​បាន​បង្កើន​តម្លៃ​ផលិតផល​ថាមពល និង​វត្ថុធាតុដើម​ដូច​ជា​ប្រេង និង​ជី ដែល​ប៉ះពាល់​ដោយ​ប្រយោល​ដល់​តម្លៃ​ម្ហូបអាហារ​នៅ​ក្នុង​ទីផ្សារ​ពិភពលោក​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​ផលិតផល ដែល​ប្រឈម​នឹង​ការ​ខ្វះខាត និង ការ​រាំងស្ទះ​ក្នុង​ផលិតកម្ម គឺ​ផលិតផល​ដែល​ទាក់ទង​នឹង​ប្រេង​ផ្កាឈូករ័ត្ន ស្រូវ​សាលី និង​ជី ដោយសារ​ប្រទេស​រុ​ស្ស៊ី និង អ៊ុយ​ក្រែ​ន​មាន​សមាមាត្រ​ទិន្នផល​ខ្ពស់ ហើយ​មាន​ប្រទេស​ផលិត​ជំនួស​តិចតួច​។ ក្នុង​នោះ​ប្រទេស​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​រួម​គ្នា​មាន​ចំណែក​ការ​នាំ​ចេញ​ផលិតផល​ស្រូវ​សាលី​ជាង ៤៥% និង ប្រេង​ផ្កាឈូករ័ត្ន ២៥% ទៅ​កាន់​ទីផ្សា​សកល​។

គួរ​ជម្រាប​ថា លោក​ភី​ម​ឆា​នូ​ក ភី​ត​ហ្វៀ​ល (Pimchanok Pitfield) ឯកអគ្គរដ្ឋទូត និង ជា​តំណាង​អចិន្ត្រៃយ៍​ថៃ​ប្រចាំ WTO បាន​បង្ហាញ​របាយការណ៍​ចុង​ក្រោយ​ថា វិបត្តិ​សង្គ្រាម​រុ​ស្ស៊ី និង អ៊ុយ​ក្រែ​ន​បាន​ផល​ប៉ះពាល់​ដល់ ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ​សកល​យ៉ាងធ្ងន់ធ្ងរ ដែល​ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​ពិភពលោក​នឹង​មាននៅ​ត្រឹម​ចន្លោះ​ពី ៣,១% ទៅ ៣,៧% ប៉ុណ្ណោះ​នៅ​ឆ្នាំ​នេះ​៕

អត្ថបទ​៖ វ៉ា​ន់ ស្រី​រ័​ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ីច្រានចោលព័ត៌មានថា ខ្លួននឹងប្រកាសសង្គ្រាមលើអ៊ុយក្រែនជាផ្លូវការនៅថ្ងៃទី៩ឧសភា

ព័ត៌មាន
រុស្ស៊ីបានច្រានចោលព័ត៌មានដែលថា ខ្លួននឹងប្រកាសសង្គ្រាមលើអ៊ុយក្រែនជាផ្លូវការនៅថ្ងៃទី ៩ ឧសភា ខាងមុខនេះ។ វិមានក្រឹមឡាំងនៅថ្ងៃពុធទី០៤ឧសភា បា…

តើសង្គ្រាមដោយផ្ទាល់រវាងប្រទេសរុស្ស៊ី និងក្រុមប្រទេសបស្ចិមលោកពិតជាអាចកើតមានដែរឬយ៉ាងណា?

ព័ត៌មាន
យើងឃើញថាសង្គ្រាម និងជម្លោះវោហាសាស្ត្ររវាងទីក្រុងមូស្គូ និងបណ្ដាប្រទេសលោកខាងលិចកាន់តែមានភាពគឃ្លើនដាក់គ្នាទៅវិញទៅមកកាន់តែខ្លាំងឡើងៗ ចាប់ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ