ប្រទេសចិន

រដ្ឋមន្ត្រីការពារជាតិចិនប្រឆាំងនឹងសម្ព័ន្ធភាព«ស្រដៀងណាតូ»នៅតំបន់អាស៊ីប៉ាស៊ីហ្វិក


រដ្ឋមន្ត្រីការពារជាតិចិនបានថ្លែងកាលពីថ្ងៃអាទិត្យ ទី ៤ មិថុនាថា ប្រទេសចិនប្រឆាំងដាច់ខាតទៅនឹងការចង់បង្កើតដោយប្រទេសណាមួយនូវ«សម្ព័ន្ធយោធាអាស៊ីប៉ាស៊ីហ្វិក»ស្រដៀងណាតូនៅអឺរ៉ុប ដោយលោកថា ការធ្វើបែបនោះនឹងនាំទៅរកជម្លោះប្រៀបដូច«ទឹកកួច»។ ការលើកឡើងរបស់ប្រមុខការពារជាតិចិននេះត្រូវបានគេម៉ៃថាចង់សំដៅទៅសហរដ្ឋអាមេរិកដែលបាននិងកំពុងបង្កើនវត្ថមានយោធារបស់ខ្លួននៅទូទាំងតំបន់នេះក្នុងគោលបំណងហ៊ុំព័ទ្ធមហាយក្សចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
រដ្ឋមន្ត្រីការពារជាតិចិនថ្លែងបញ្ឆិតបញ្ឆៀងដាក់អាមេរិកពីរឿង«ណាតូនៅអាស៊ី»
ដោយ

លោកលី សាងហ្វូ (Li Shangfu) រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនាស្តីពីសន្តិសុខ សាងហ្គ្រីឡា (Shangri-La) នៅប្រទេសសិង្ហបុរី កាលពីថ្ងៃអាទិត្យថា ការប៉ុនប៉ងជំរុញឱ្យមានសម្ព័ន្ធភាពយោធាដូចនឹងអង្គការណាតូនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកគឺជាផ្លូវដែលមានចរិតលក្ខណៈចាប់បង្ខំប្រទេសក្នុងតំបន់ ក៏ដូចជាបង្កើនជម្លោះនិងការប្រឈមមុខដាក់គ្នា។ លោកបានបន្តថា ប្រាកដណាស់វាគ្មានអ្វីប្រសើរនោះទេ ក្រៅតែពីទាញឱ្យអាស៊ីប៉ាស៊ីហ្វិកធ្លាក់ចូលជម្លោះនិងបញ្ហា ប្រៀបដូចជាទឹកកួចដូច្នោះដែរ។

លោកលី បានបន្ថែមថា អាស៊ីប៉ាស៊ីហ្វិកនាពេលបច្ចុប្បន្ននេះ ត្រូវការកិច្ចសហប្រតិបត្តិការបើកចំហនិងបរិយាប័ន្ន ដោយមិនត្រូវចងសម្ព័ន្ធភាពជាក្រុម ឬប្លុកតូចៗឡើយ។ លោកបានរម្លឹកថា គេមិនត្រូវបំភ្លេចគ្រោះមហន្តរាយធ្ងន់ធ្ងរដែលបង្កឡើងដោយសង្រ្គាមលោកទាំងពីរ មកលើប្រជាជននៃប្រទេសទាំងអស់នោះទេ ហើយគេក៏មិនត្រូវអនុញ្ញាតឱ្យប្រវត្តិសាស្ត្រសោកនាដកម្មបែបនេះកើតឡើងម្តងទៀតដែរ។

ការលើកឡើងរបស់លោក លី មិនបានបញ្ចេញឈ្មោះប្រទេសណាមួយឱ្យច្បាស់ៗនោះទេ ប៉ុន្តែគេអាចស្ទង់ឃើញថាទំនងជាចង់សំដៅទៅលើសហរដ្ឋអាមេរិក ដែលបាននិងកំពុងបង្រួបបង្រួមសម្ព័ន្ធភាព និងភាពជាដៃគូដែលជាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់។ សូមកុំភ្លេចថា សហរដ្ឋអាមេរិកគឺជាសមាជិកនៃសម្ព័ន្ធភាព AUKUS ដែលមានប្រទេសអូស្ត្រាលី និងអង់គ្លេស ជាសមាជិក ហើយទីក្រុងវ៉ាស៊ីនតោនក៏ជាសមាជិកនៃក្រុមប្រទេស QUAD ដែលមានអូស្ត្រាលី ឥណ្ឌា និងជប៉ុនផងដែរ។

ជាមួយគ្នានោះ ក្រោយការថ្លែងឡើងរបស់លោក លី បន្តិច អ្នកការទូតជើងចាស់ចិនចូលនិវត្តន៍មួយរូប គឺលោក គួយ ទៀនកៃ (Cui Tiankai) បានជំរុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយការដាក់ពង្រាយយោធានៅជិតប្រទេសចិន ដោយលោកថា វាជា«សុឆន្ទៈ»សម្រាប់ឈានឆ្ពោះទៅបើកកិច្ចសន្ទនាការពារជាតិកម្រិតខ្ពស់រវាងមហាអំណាចទាំងពីរឡើងវិញ។

ដោយឡែក លោក លី សាងហ្វូ ក៏បានលើកឡើងចំៗទៀតថា ប្រទេសចិន និងសហរដ្ឋអាមេរិក មានប្រព័ន្ធដឹកនាំផ្សេងៗគ្នា និងមានលក្ខណៈខុសៗគ្នាជាច្រើន ប៉ុន្តែរឿងនេះមិនគួររារាំងភាគីទាំងពីរមិនឱ្យស្វែងរកជំហររួម ក៏ដូចជាផលប្រយោជន៍រួមនោះទេ ដើម្បីពង្រីកទំនាក់ទំនងទ្វេភាគី និងធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀត។

លោកបានសង្កត់ធ្ងន់ថា ផ្នត់គំនិតបែបសង្រ្គាមត្រជាក់ឥឡូវនេះបានរស់ឡើងវិញ ហើយកំពុងបង្កើនហានិភ័យផ្នែកសន្តិសុខយ៉ាងខ្លាំង ដូចនេះហើយ គ្មានអ្វីក្រៅតែពីការគោរពគ្នាទៅវិញទៅមកទេ ដែលអាចយកឈ្នះលើការគំរាមកំហែង និងអនុត្តរភាពមហាអំណាចបាន៕




អត្ថបទបន្ទាប់


វិស័យសេវាកម្មនៅចិន និងជប៉ុនបានកើនឡើងក្នុងខែឧសភា ព្រោះមានតម្រូវការច្រើនជាងមុន

ការស្ទង់មតិផ្នែកឯកជនបានបង្ហាញនៅថ្ងៃចន្ទថា សកម្មភាពសេវាកម្មនៅប្រទេសចិនបានកើនឡើងកាលពីខែឧសភា ដោយសារកំណើននៃតម្រូវការដែលជួយជំរុញសេដ្ឋកិច្ចឱ្យ…

តើវៀតណាមមានសក្ដានុពល និងឧបសគ្គអ្វីខ្លះក្នុងការធ្វើជាអ្នកនាំចេញផ្លែឈើដ៏សំខាន់មួយទៅកាន់ទីផ្សារអាមេរិក?

ការិយាល័យពាណិជ្ជកម្មវៀតណាមនៅសហរដ្ឋអាមេរិកបាននិយាយថា ទីផ្សារអាមេរិកនៅតែបើកចំហច្រើនសម្រាប់ឱ្យផ្លែឈើវៀតណាមពង្រីកនិងអភិវឌ្ឍទីផ្សារនៅទីនោះ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ