ប្រទេសវៀតណាម

តើវៀតណាមមានសក្ដានុពល និងឧបសគ្គអ្វីខ្លះក្នុងការធ្វើជាអ្នកនាំចេញផ្លែឈើដ៏សំខាន់មួយទៅកាន់ទីផ្សារអាមេរិក?


ការិយាល័យពាណិជ្ជកម្មវៀតណាមនៅសហរដ្ឋអាមេរិកបាននិយាយថា ទីផ្សារអាមេរិកនៅតែបើកចំហច្រើនសម្រាប់ឱ្យផ្លែឈើវៀតណាមពង្រីកនិងអភិវឌ្ឍទីផ្សារនៅទីនោះ ដោយសារតែមានតម្រូវការប្រើប្រាស់ដ៏ធំមួយប្រកបដោយភាពចម្រុះ។ តើប្រទេសវៀតណាមមាន សក្ដានុពល និងឧបសគ្គអ្វីខ្លះ នៅក្នុងការធ្វើជាអ្នកនាំចេញផ្លែឈើដ៏សំខាន់មួយទៅកាន់ទីផ្សារនៅសហរដ្ឋអាមេរិកនោះ?
វៀតណាមមានសក្ដានុពលនាំចេញផ្លែឈើទៅអាមេរិក ប៉ុន្តែមានឧបសគ្គខ្លះៗ

យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Vietnam Times, នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានធ្វើ«សន្និសីទស្ដីពីការជំរុញពាណិជ្ជកម្មជាមួយប្រព័ន្ធការិយាល័យពាណិជ្ជកម្មវៀតណាមនៅបរទេសក្នុងខែឧសភា ឆ្នាំ២០២៣» ក្រោមប្រធានបទ«ការលើកកម្ពស់ពាណិជ្ជកម្មផ្លែគូលែននិងផ្លែមៀន»។

នៅក្នុងសន្និសីទនេះ លោក ដូ ង៉ុក ហុង (Do Ngoc Hung) ទីប្រឹក្សាពាណិជ្ជកម្មនៅការិយាល័យពាណិជ្ជកម្មវៀតណាមនៅអាមេរិក បាននិយាយថា ដោយមានប្រជាជនចំនួន ៣៣១ លាននាក់ សហរដ្ឋអាមេរិកគឺជាទីផ្សារដ៏សំខាន់សម្រាប់ផលិតផលកសិកម្មនិងអាហារ រួមទាំងផ្លែឈើនិងបន្លែស្រស់ផងដែរ។

កាលពីឆ្នាំ២០២២ សហរដ្ឋអាមេរិកបាននាំចូលបន្លែ និងផ្លែឈើ ក្នុងបរិមាណច្រើនរហូតដល់ជាង ៣១ ពាន់លានដុល្លារអាមេរិក។ នៅក្នុងនោះតម្លៃជាង ១៩ ពាន់លានដុល្លារគឺផ្លែឈើស្រស់និងផ្លែឈើក្លាស្សេដែលស្មើនឹងទម្ងន់ជាង ២៣ លានតោន។ តួលេខនេះបានកើនឡើង ១០% បើធៀបនឹងឆ្នាំ២០២១។ ភាគច្រើននៃផលិតផលនាំចូលគឺមកពីប្រទេសកាណាដា ម៉ិកស៊ិក និងប្រទេសមួយចំនួននៅអាមេរិកកណ្តាល និងអាមេរិកខាងត្បូង។

ផ្លែឈើស្រស់ៗមួយចំនួនដែលបាននាំចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក រួមមានផ្លែបឺរ ចេក ទំពាំងបាយជូ និងក្រូចឆ្មា ហើយដើម្បីឆ្លើយតបនឹងតម្រូវការផ្លែគូលែនដែលចេះតែកើនឡើងនោះ សហរដ្ឋអាមេរិកបាននាំចូលផ្លែឈើនេះមកពីប្រទេសចិន វៀតណាម ឥណ្ឌា និងថៃ ខណៈដែលផ្លែគូលែននៅទីក្រុងបាក់យ៉ាង (Bac Giang) ប្រទេសវៀតណាម តែងតែទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកប្រើប្រាស់នៅអាមេរិក ចំពោះគុណភាពរបស់ផ្លែឈើនេះ។

លោក ហុង បានវាយតម្លៃថា ពេលអនាគត ទីផ្សារអាមេរិកនៅតែមានកន្លែងច្រើនសម្រាប់ឱ្យផ្លែឈើវៀតណាមពង្រីកនិងអភិវឌ្ឍទីផ្សារអាមេរិកថែមទៀត ព្រោះអាមេរិកជាទីផ្សារប្រើប្រាស់ផ្លែឈើដ៏ធំដែលមានតម្រូវការចម្រុះ និងដែលផ្ដោតកាន់តែខ្លាំងលើបន្លែនិងអាហារសរីរាង្គ។

ទោះយ៉ាងណា លោក ហុង បាននិយាយថា វៀតណាមមានឧបសគ្គខ្លះៗ ក្នុងការប្រកួតប្រជែងជាមួយចិន និងម៉ិកស៊ិក ដែលមានបទពិសោធន៍យូរឆ្នាំមកហើយ។ ប្រទេសទាំងពីរនេះក៏មានប្រព័ន្ធចែកចាយទូលំទូលាយ តម្លៃប្រកួតប្រជែងខ្លាំង និងតម្លៃដឹកជញ្ជូនទាបដែរ។

ការចូលទៅកាន់ទីផ្សារអាមេរិកសម្រាប់ផលិតផលកសិកម្មវៀតណាមទូទៅ និងជាពិសេសផ្លែគូលែនតែម្ដង គឹនៅតែប្រឈមមុខនឹងឧបសគ្គមួយចំនួន។ ទីមួយគឺចម្ងាយភូមិសាស្ត្រឆ្ងាយពេកដែលប៉ះពាល់ដល់គុណភាពនិងទម្ងន់ផ្លែឈើ ហើយការចំណាយក៏ច្រើនជាងគូប្រែជែង។ ទីពីរគឺកង្វះកន្លែងត្រួតពិនិត្យស្តង់ដារអាមេរិកនៅភាគខាងជើងវៀតណាម គឺត្រូវដឹកនៅពិនិត្យនៅទីក្រុងហូជីមិញ ជាហេតុនាំឱ្យកើនចំណាយ ហើយថយបរិមាណនិងគុណភាពផ្លែគូលែន។ ទីបីគឺដំណើរការចាប់ពីការប្រមូលផល ការដឹកជញ្ជូន រហូតដល់អ្នកប្រើប្រាស់នៅអាមេរិក គឺនៅតែចំណាយពេលយូរព្រោះគេត្រូវរៀបចំវេចខ្ចប់ និងរក្សាទុកដាក់ឱ្យត្រូវតាមស្តង់ដារ ដើម្បីកុំឱ្យខូចគុណភាពផ្លែគូលែន ទំរាំដឹកទៅដល់ទីផ្សារទំនើបៗនៅអាមេរិក៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការពារជាតិចិនប្រឆាំងនឹងសម្ព័ន្ធភាព«ស្រដៀងណាតូ»នៅតំបន់អាស៊ីប៉ាស៊ីហ្វិក

ព័ត៌មាន
រដ្ឋមន្ត្រីការពារជាតិចិនបានថ្លែងកាលពីថ្ងៃអាទិត្យ ទី ៤ មិថុនាថា ប្រទេសចិនប្រឆាំងដាច់ខាតទៅនឹងការចង់បង្កើតដោយប្រទេសណាមួយនូវ«សម្ព័ន្ធយោធាអាស…

ក្រុមប្រទេសផលិតប្រេងប្រកាសកាត់បន្ថយផលិតកម្មប្រេងបន្ថែមទៀតចាប់ពីខែកក្កដាតទៅ

ព័ត៌មាន
អារ៉ាប៊ីសាអូឌីតបានប្រកាសកាត់បន្ថយផលិតកម្មប្រេងដ៏សម្បើមនៅក្នុងខែកក្កដា ខណៈដែលប្រទេសផ្សេងទៀតនៅក្នុងចំណោមក្រុមប្រទេសនាំចេញប្រេងធំៗ ដែលហៅកាត់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ