«អន្ទាក់បំណុលចិន» ពាក្យនេះ គឺមានការពេញនិយមលើកឡើងច្រើន ពិសេសនៅលើបណ្ដាញសារព័ត៌មានអន្តរជាតិធំៗ និងការធ្វើបទវិភាគនានា។ អន្ទាក់បំណុលចិននេះ គឺគេច្រើននិយាយសម្ដៅទៅលើ ការផ្ដល់កម្ចីរបស់ចិនទៅដល់ប្រទេសនានា ពិសេសប្រទេសក្រីក្រ ដែលប្រទេសខ្លះមិនមានលទ្ធភាពសង ហើយជ្រុលខ្លួនជំពាក់បំណុលវណ្ឌកជាដើម។ ក្នុងចំណោមប្រទេសដែលជំពាក់បំណុលចិន ប្រទេសនៅតំបន់អាហ្វ្រិក គឺជាប្រទេសដែលគេច្រើនលើកឡើងថា កំពុងប្រឈមនឹងការធ្លាក់ចូលអន្ទាក់បំណុលរបស់ចិនខ្លាំងជាងគេ។ តើវាជាការពិតដែរឬទេដែលមានការលើកឡើងបែបនេះ? បើតាមការអះអាងរបស់ប្រមុខការទូតចិន លោក វ៉ាង យី បានចេញមុខអះអាងដោយច្រាលចោល ចំពោះការលើកឡើងថា ប៉េកាំងកំពុងអូសទាញបណ្ដាប្រទេសនៅអាហ្វ្រិកឲ្យធ្លាក់ចូលក្នុងអន្ទាក់បំណុលរបស់ខ្លួន ហើយចិនចាត់ទុកគំនិតលើកឡើងនេះថា ជាការពិពណ៌នា ប្រឆាំងនឹងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍នៅតំបន់អាហ្វ្រិក។
ថ្លែងនៅក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសនៅតំបន់អាហ្វ្រិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន បានលើកឡើងថា ប្រាក់កម្ចីរបស់ចិនជាច្រើនផ្ដល់ទៅឲ្យប្រទេសអាហ្វ្រិក គឺ “ផ្ដល់ផលប្រយោជន៍ទៅវិញទៅមក” ហើយមិនមែនជាយុទ្ធសាស្ត្រទាញយកសម្បទានការទូត និងពាណិជ្ជកម្មនោះទេ។ ឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មាននៅអាហ្វ្រិកដែលចោទសួរថា តើប្រទេសជាច្រើនក្នុងតំបន់អាហ្វ្រិកពិតជាធ្លាក់ចូលអន្ទាក់បំណុលចិនមែនទេ? លោក វ៉ាង យី ឆ្លើយតបថា វាមិនមែនជាការពិតនោះទេ ការលើកឡើងអំពីអន្ទាក់បំណុលនេះ គ្រាន់តែជាការលើកឡើង ជាល្បែងលេងរបស់អ្នកដែលមានចេតនាទុច្ចរិតតែប៉ុណ្ណោះ។ លោក វ៉ាង យី បន្ថែមថា ការពិពណ៌នារបស់អ្នកទិៈតៀនរឿងជំពាក់បំណុលចិននេះ គឺពួកគេមិនចង់ឃើញការអភិវឌ្ឍនៅក្នុងតំបន់អាហ្វ្រិកនោះទេ។
យ៉ាងណាក៏ដោយចុះ បើតាមស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF បានចាត់ថ្នាក់ប្រទេសនៅតំបន់អាហ្វ្រិកជាង ២០ប្រទេស ដែលកំពុងស្ថិតនៅក្នុងហានិភ័យវិបត្តិបំណុល ឬក៏ជួបវិបត្តិបំណុលរួចទៅហើយ ហើយចំនួនបំណុលនៃប្រទេសទាំងអស់នៅតំបន់អាហ្វ្រិកនេះ ក៏មានការកើនឡើងដែរ ដោយសារតែមេរោគរាតត្បាតកូវីដ១៩។
លោក វ៉ាង យី បានធ្វើដំណើរទៅកាន់ប្រទេសចំនួន ៣នៅអាហ្រ្វិក នៅក្រោយដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខេន កាលពីខែវិច្ឆិកា ដោយគោលបំណងរបស់អាមេរិកនៅអាហ្វ្រិក គឺប្រឆាំងនឹងឥទ្ធិពលចិនដែលកំពុងកើនឡើងនៅក្នុងតំបន់នេះ។
គួរបញ្ជាក់ថា តួលេខផ្លូវការពីរដ្ឋាភិបាលចិននៅឆ្នាំ២០១៩ បង្ហាញថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាហ្វ្រិក ដោយមានទំហំពាណិជ្ជកម្មដោយផ្ទាល់ប្រមាណ២០០ពាន់លានដុល្លារអាមេរិក។
ការផ្ដល់ប្រាក់កម្ចីរបស់ចិនទៅកាន់អាហ្វ្រិកបានកើនឡើងខ្ពស់ខ្លាំងបំផុតនៅឆ្នាំ២០១៦ ដែលមានដល់ទៅជាង ២៩ពាន់លានដុល្លារ ប៉ុន្ដែ បានធ្លាក់ចុះមកនៅជាង ៧ពាន់លានដុល្លារនៅឆ្នាំ២០១៩។
យ៉ាងណាមិញ តាមការប្រកាសរបស់លោក ប្រធានាធិបតីចិន ស៊ី ជីន ពីង កាលពីខែធ្នូឆ្នាំ២០២១កន្លងទៅ បានឲ្យដឹងថា ប្រទេសចិនសន្យានឹងផ្ដល់ទឹកប្រាក់៤០ពាន់លានដុល្លារអាមេរិក ទៅកាន់ប្រទេសនៅអាហ្វ្រិកសម្រាប់រយៈពេល៣ឆ្នាំ តាមរយៈការវិនិយោគ ការផ្ដល់កម្ចី និងហិរញ្ញប្បទានពាណិជ្ជកម្មជាដើម។ ប៉ុន្ដែ ទឹកប្រាក់នេះ ហាក់មានចំនួនតិចជាងការសន្យាផ្ដល់ជូនកាលពីមុន ដែលចិនធ្លាប់សន្យាថានឹងផ្ដល់ប្រមាណ ៦០ពាន់លានដុល្លារអាមេរិក។ សូមបញ្ជាក់ថា ប្រទេសអាហ្វ្រិក ដែលជំពាក់បំណុលចិនច្រើនជាងគេមានដូចជា ប្រទេសហ្សាំប៊ី, កេនយ៉ា, អាំងហ្គូឡា អេត្យូពី និងប្រទេសជាច្រើនទៀត៕