ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ចិនឯកឧត្តម វ៉ាង យី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកពីបញ្ហាកសិផលរបស់កសិករខ្មែរ ដែលបាននិងកំពុងកើតមាន នាពេលបច្ចុប្បន្ន ដល់ឯកឧត្តម វ៉ាង យី ពិសេសការនាំកសិផលកម្ពុជា ត្រង់ទៅកាន់ប្រទេសចិន ដូចជាផ្លែមៀនប៉ៃលិន ជាដើម។
ឆ្លើយតបនូវបញ្ហានេះ ដើម្បីចូលរួមដោះស្រាយបញ្ហារបស់កសិករខ្មែរ ដែលកំពុងជួបអំឡុងវិបត្តិកូវីដ-១៩ នាពេលបច្ចុប្បន្ន ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានអះអាង ប្រាប់សម្តេចតេជោ ថាចិន នឹងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យបានកើនតែច្រើន ដើម្បីប្រយោជន៍សម្រាប់កសិករខ្មែរ។
ជុំវិញការលើកឡើង របស់មន្រ្តីជាន់ខ្ពស់ចិន ឯកឧត្តម វ៉ាង យី ក្នុងការនាំយកផលិតផលកសិកម្ម កម្ពុជាកាន់តែច្រើន ទៅទីផ្សារប្រទេសចិន ត្រូវបានមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម និងក្រុមកសិករ បង្ហាញការសាទរ និងមានក្ដីរំពឹងយ៉ាងមុតមាំ ក្នុងការបើកឱកាសទីផ្សារកសិផលខ្មែរ ទៅប្រទេសចិន នាពេលខាងមុខ។
ឯកឧត្តម ចាន់ ហេង អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានក្ដីសង្ឃឹមខ្ពស់ថា កសិផលខ្មែរនឹងអាចឈានជើងចូលទឹកដីប្រទេសចិន បានក្នុងពេលដ៏ខ្លីខាងមុខ ពិសេសផ្លែមៀនប៉ៃលិន ដែលបាននិងកំពុង ជួបប្រទះបញ្ហាទីផ្សារ កន្លងមក។
ដោយឡែក លោក ថេង សាវឿន ប្រធានសមាគមកសិករ យល់ថា ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ចិន ក្នុងការនាំយកផលិតផលកសិកម្ម ទៅទីផ្សារចិន គឺជាការប្រសើរ ព្រោះនឹងជួយតម្លៃកសិផល និងបង្កើនឱកាសទីផ្សារ សម្រាប់កសិផលខ្មែរ។ ទោះបែបនេះក្ដី តំណាងកសិកររូបនេះ យល់ថា បញ្ហាដែលកសិករ តែងជួបកន្លងមក មិនត្រឹមតែបញ្ហាទីផ្សារតែម្យ៉ាងនោះទេ គឺកសិករ នៅខ្វះចន្លោះនូវបច្ចេកទេសដាំដុះ និងរបៀបកែច្នៃ បន្ថែមទៀត ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់។
ដើម្បីជំរុញការនាំចេញផលិតផលកសិកម្ម កម្ពុជា ឱ្យកាន់តែឆាប់ និងស្របជាមួយលទ្ធផលនៃកិច្ចប្រជុំរវាង សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋចិន ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងបានស្នើទៅរដ្ឋបាលគយនៃប្រទេសចិន ពន្លឿនលើកិច្ចការចុះពិធីសារ ដែលជំរុញឱ្យកម្ពុជា អាចនាំផលិតផលកសិកម្ម ទៅកាន់ទីផ្សារចិនកាន់តែឆាប់រហ័ស។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពីការនាំចេញកសិផល នៅរយៈពេល ៨ខែ ក្នុងឆ្នាំ២០២១ កម្ពុជា បានចេញផលិតផលកសិកម្ម ជាង៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងចំណោម កសិផលទាំងនោះ មានតែផលិផល ២មុខប៉ុណ្ណោះ ដែលកម្ពុជា អាចនាំចេញត្រង់ផ្លូវការទៅកាន់ទីផ្សារប្រទេសចិន រួមមាន ផ្លែចេកស្រស់ និងផ្លែស្វាយស្រស់៕