លោក វ៉ាង យី បំពេញទស្សនកិច្ចនៅកម្ពុជា!

ប្រមុខការទូតចិន នឹងជួបពិភាក្សាជាមួយឯកឧត្តម ហ៊ុន ម៉ាណែត


លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិននឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៣។ ក្នុងអំឡុងធ្វើទស្សនកិច្ចនៅកម្ពុជានេះ មន្ត្រីការទូតជាន់ខ្ពស់របស់ចិនរូបនេះ នឹងជួបពិភាក្សាជាមួយឥស្សរជនសំខាន់ៗរបស់កម្ពុជាជាច្រើនរូប រួមទាំងឯកឧត្តម ហ៊ុន ម៉ាណែត ទើបត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងឲ្យធ្វើជានាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពេលថ្មីៗលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលឆ្លុះបញ្ចាំងអំពីវិស័យអាទិភាពរួមផងដែរ។
លោក វ៉ាង យី បំពេញទស្សនកិច្ចនៅកម្ពុជា!
ដោយ

នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានគូសបញ្ជាក់នៅថ្ងៃទី១០ សីហា ថា ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិននឹងមកបំពេញទស្សនៈកិច្ចនៅកម្ពុជាពីរថ្ងៃចាប់ពីថ្ងៃទី១២-១៣ សីហា ចុងសប្តាហ៍នេះ។ ការបំពេញទស្សនៈកិច្ចនៅកម្ពុជានេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

បើតាមការគូសបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជាក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង យី នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំង បន្ទាប់មកប្រមុខការទូតចិនជាន់ខ្ពស់រូបនេះ នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាចាំផ្ទះ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីចាត់តាំងនៃកម្ពុជា។ កិច្ចពិភាក្សាទាំងនេះនឹងផ្ដោតលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដែលឆ្លុះបញ្ចាំងអំពីវិស័យអាទិភាពរួម។ នេះបើតាមការគូសបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា។
បន្ថែមពីនេះឯកឧត្ដម វ៉ាង យី នឹងមានជំនួបដាច់ដោយឡែកជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយជំនួបនេះនឹងគ្របដណ្ដប់លើទិដ្ឋភាពចម្រុះនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដែលជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី មកកាន់កម្ពុជានាពេលខាងមុខនេះធ្វើឡើងវាស្របពេលជាមួយនឹងការប្រារព្ធខួប អនុស្សាវរីយ៍លើកទី៦៥ឆ្នាំនៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពរវាងកម្ពុជានិងចិន។ កម្ពុជារំពឹងថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកបន្ថែមទៀតក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ៕




អត្ថបទបន្ទាប់


ការនាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី កើនឡើងជាង១០០% នៅ៧ខែឆ្នាំនេះ

ទោះបីជាការនាំចេញទំនិញជាច្រើនមុខរបស់កម្ពុជាមានការថយចុះ ក៏ពិតមែន ប៉ុន្ដែសម្រាប់ការនាំចេញមុខទំនិញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី គឺនៅត…

ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបានជាង២៧ពាន់លានដុល្លារធ្លាក់ចុះ១៥% នៅ៧ខែឆ្នាំនេះ

ស្ថានភាពនៃការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារអន្តរជាតិនៅតែបន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់មិនទាន់មានសញ្ញាវិជ្ជមាននៅឡើយទេ។ ជាក់ស្តែងន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ