កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន

តើរដ្ឋមន្ត្រីការបរទេសអាស៊ាន និងប្រទេសដៃគូបានជួបពិភាក្សាគ្នាលើប្រធានបទក្តៅៗអី្វខ្លះក្នុងតំបន់?


ថ្នាក់ដឹកនាំដែលជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនៃសមាជិកអាស៊ានបានមកជួបពិភាក្សាគ្នា ជាមួយប្រទេសដៃគូរសំខាន់ៗជាច្រើនទៀត រួមមានជប៉ុន ចិន និងកូរ៉េខាងត្បូងផងដែរ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី លើកទី២២ ដែលរៀបចំឡើងស្របពេលជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៤ កាលពីថ្ងៃអង្គារទី៣ សប្តាហ៍នេះ។ ក្នុងនោះរបៀបវារៈ និងប្រធានបទជាច្រើនត្រូវបានអាស៊ាន និងប្រទេសទាំងបីលើកយកមកពិភាក្សា ដូចជា កិច្ចសហប្រតិបត្តិការដោះស្រាយវិបត្តិកូវីដ-១៩ សេដ្ឋកិច្ច ពាណិជ្ជកម្ម អាកាសធាតុ និង បញ្ហានយោបាយជាដើម។
ថ្នាក់ដឹកនាំដែលជារដ្ឋមន្ត្រីការបរទេសរបស់អាស៊ានបានមកជួបពិភាក្សាគ្នា ជាមួយប្រទេសដៃគូរសំខាន់ៗជាច្រើន ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី លើកទី២២

យ៉ាងណាមិញ​គេ​សង្កេត​ឃើញ​ថា បញ្ហា​ជម្លោះ​ដែល​កំពុង​តែ​កើត​មាន និង​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ នៅ​តែ​ជា​ប្រធានបទ​ក្តៅ ដែល​ត្រូវ​បាន​គេ​យកចិត្តទុកដាក់​ខ្លាំង ពិសេស​សម្រាប់​ប្រទេស​សា​ម៉ី ដែល​កំពុង​តែ​មាន​ជម្លោះ​ផ្ទាល់​តែ​ម្តង​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​អន្តរជាតិ​ជា​ច្រើន​។

ជាក់ស្តែង សារព័ត៌មាន​ជប៉ុន Kyodo បានអោយ​ដឹង​ថា អាស៊ាន និង​ភាគី​ជប៉ុន​បាន​ឯកភាព​គ្នា​រួច​ហើយ អំពី​សារៈសំខាន់​នៃ​សេរីភាព​ផ្លូវ​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​កំពុង​មាន​ទំនាស់​ទាមទារ​តំបន់​កាន់កាប់​រវាង​ចិន និង​ប្រទេស​មួយ​ចំនួន​របស់​អាស៊ាន​។

ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​-​កូរ៉េ តាម​ប្រព័ន្ធ​វី​ដេ​អូ លោក តូ​ស៊ី​មី​ស៊ូ ម៉ូ​តេ​ហ្គី (Toshimitsu Motegi) បាន​សង្កត់ធ្ងន់​ថា ជប៉ុន​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​ពី​ភាគី​ទាំងឡាយ​ណា ដែល​ចង់​បង្ក​អោយ​មាន​អ​ស្ថិរភាព​នៅ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​។

ដោយ​មិន​និយាយ​ចំ​ៗ​លើ​ប្រទេស​ចិន ការ​លើក​ឡើង​នេះ​ច្បាស់​ណាស់​ជប៉ុន​ចង់​បង្ហាញ​ប្រាប់​អាស៊ាន​ពី​ការ​ប្រឆាំង​របស់​ខ្លួន ក្នុង​ការ​វាតទី មក​លើ​ដែនទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​បាន​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​ប្រទេស​អាស៊ាន​មួយ​ចំនួន​ដូច​ជា វៀតណាម និង ហ្វី​លី​ពី​ន​ជាដើម​។

ដោយឡែក សារព័ត៌មាន​កូរ៉េ​ខាងត្បូង The Korea Herald បាន​ចុះ​ផ្សាយ​ថា រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងត្បូង លោក ឆុង អ៊ីយ៉ុង (Chung Eui-yong) បាន​ស្នើ​ឲ្យ​អាស៊ាន​ដើរតួ​នាទី​ក្នុង​ន័យ​ស្ថាបនា និង​ជួយ​គាំទ្រ​ដល់​ផែនការ​រំសាយ​អាវុធ នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ដើម្បី​ធានា​បាន​ពី​សុខ​សន្តិភាព និង​សុវត្ថិភាព​ក្នុង​ឧបទ្វីប​កូរ៉េ និង​ក្នុង​តំបន់​ទាំងមូល​។

ការ​ស្នើ​ឡើង​បែប​នេះ គឺ​ស្រប​ពេល​ដែល​ទំនាក់ទំនង​រវាង​បងប្អូន​កូរ៉េ​ទាំង​ពីរ​កំពុង​មាន​សញ្ញា​ល្អ​ឡើង​វិញ បន្ទាប់​ពី​ផ្តាច់ទំនាក់ទំនង​រវាង​គ្នា​អស់​ជា​ច្រើន​ឆ្នាំ​។ 

ជាមួយ​គ្នា​នេះ ចំពោះ​សំណុំរឿង​ក្តៅ​ក្នុង​ប្រទេស​ភូមា​ឯណោះ​វិញ ក៏​ត្រូវ​បាន​អាស៊ាន និង​ប្រទេស​ជា​គូរ​ទាំង​បី លើកយក​មក​ពិភាក្សា​ផង​ដែរ​។ ជាក់ស្តែង​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន ឥណ្ឌូ​នេ​ស៊ី The Jarkata Post បាន​រាយការណ៍​ថា នៅ​ក្រោយ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន និង​អាស៊ាន​បូក រដ្ឋមន្ត្រី​ការ​បរទេស​ប្រុយ​ណេ លោក អេ​រី​វ៉ា​ន់ យូ​សូ​ហ្វ (Erywan Yusof) ត្រូវ​បាន​អាស៊ាន​ចាត់តាំង ជា​ប្រេសិត​ពិសេស​ដែល​នឹង​ចូលខ្លួន​ទៅ​សម្របសម្រួល​ដោះស្រាយ​វិបត្តិ​នយោបាយ ក្នុង​ប្រទេស​ភូមា​ដែល​បាន​អូស​បន្លាយ​អស់​ពេល​ជា​ច្រើន​ខែ​មក​ហើយ​។

គួរ​ជម្រាប​ថា ការ​ចាត់តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន​នេះ​ធ្វើ​ឡើង ស្រប​ទៅ​តាម​ការ​ព្រមព្រៀង​គ្នា​ទាំង​៥​ចំណុច ដែល​ជា​លទ្ធផល​របស់​កិច្ចប្រជុំ​បន្ទាន់​អាស៊ាន​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​កាលពី​ចុង​ខែមេសា​។

អាស៊ាន​រំពឹង​ថា យោធា​ភូមា និង​ស្វាគមន៍​ការ​ចាត់តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន​នេះ រួច​នឹង​ឈាន​ទៅ​ដោះស្រាយ​ជម្លោះ​ដែល​បាន​អូស​បន្លាយ​ដ៏​យូរ​នេះ ឲ្យ​បាន​កាន់តែ​ឆាប់​។

គួរ​បញ្ជាក់​ដែរ​ថា បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​ក្រសួងការបរទេស​កម្ពុជា​យើង​ឯណោះ​វិញ ភាគី​កម្ពុជា​តាម​រយៈ​រដ្ឋមន្ត្រី​ការ​បរទេស​និង​កិច្ច​សហ​ប្រតិបត្តិ​អន្តរជាតិ ឯកឧត្តម ប្រាក់ សុ​ខុន ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​អាស៊ាន​ផង​ដែរ ឱ្យ​ជួយ​សម្រាល​ការ​លំបាក​របស់​ប្រជាជន​ក្រីក្រ ក្នុង​នោះ​ក៏​មាន​ពលរដ្ឋ​កម្ពុជា​ផង​ដែរ ដែល​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​តែ​ជំងឺ​កូ​វី​ដ ១៩៕ 

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យឯកជនស្នើរដ្ឋឲ្យបន្ធូរបន្ថយការធ្វើចត្តាឡីស័កសម្រាប់វិនិយោគិនបរទេស ដែលចាក់វ៉ាក់សាំងរួច

ព័ត៌មាន
អ្នកជំនាញ និងអ្នកជំនួញរកស៊ីក្នុងវិស័យឯកជន ស្នើឲ្យរដ្ឋាភិបាលជួយសម្របសម្រួល និងបន្ធូរបន្ថយវិធានការចត្តាឡីស័ក និង ការបង់ប្រាក់តម្កល់ចំពោះវ...

កូវីដ-១៩បំប្លែងថ្មី «ឌែលតាបូក» ត្រូវបានរកឃើញជាបន្ដបន្ទាប់នៅប្រទេសតំបន់អាស៊ី

ព័ត៌មាន
ក្នុងតំបន់អាស៊ីបានបង្កើនក្តីព្រួយបារម្ភក្រោយប្រទេសឥណ្ឌូនេស៊ី និងកូរ៉េខាងត្បួងរកឃើញកូវីដ-១៩បំប្លែងខ្លួន «ឌែលតាបូក» ជាបន្តបន្ទាប់ បន្ទាប់ព...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ