ប្រភពច្បាស់ការបានទម្លាយប្រាប់សារព័ត៌មាន Bloomberg ថា ក្រុមប្រឹក្សារដ្ឋនៃមហាយក្សចិន កំពុងប្រមូលមតិយោបល់លើផែនការបឋមខាងលើនេះពីបណ្ដាខេត្ត និងស្ថាប័នរដ្ឋនៅតាមមូលដ្ឋាន។ វិស័យអចលនទ្រព្យរបស់ប្រទេសចិន បានដាំក្បាលចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីផ្ទុះវិបត្តិបំណុលជាបន្តបន្ទាប់ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ។
ចាប់តាំងពីឆ្នាំ២០២២ មក រដ្ឋាភិបាលចិន បានដាក់ចេញវិធានការគោលនយោបាយជាបន្តបន្ទាប់ ដើម្បីជួយស្រោចស្រង់វិស័យអចលនទ្រព្យ ដែលមានទំហំគ្របដណ្ដប់រហូតដល់ទៅប្រមាណ១ភាគ៥នៃសេដ្ឋកិច្ចចិនទាំងមូល ប៉ុន្តែហាក់មិនសូវបានផលជាដុំកំភួននោះទេ ដែលកត្តានេះនៅតែធ្វើឱ្យអតិជនបាត់បង់ទំនុកចិត្ត និងមិនសូវហ៊ានចំណាយលើការទិញលំនៅឋាន។
ជាវិធានការជួយស្រោចស្រង់ រដ្ឋាភិបាលចិន បានជំរុញឱ្យធនាគារនានាបង្កើនការផ្ដល់កម្ចីដល់វិស័យអចលនទ្រព្យ ប៉ុន្តែធនាគារទាំងនោះនៅមានតែមានការស្ទាក់ស្ទើរក្នុងការផ្ដល់កម្ចី ខណៈដែលកម្ចីខូចនៅក្នុងវិស័យនេះចេះតែកើនឡើង ហើយការលក់ចេញលំនៅឋានបន្តធ្លាក់ចុះខ្លាំង។
យោងតាមលទ្ធផលស្ទង់មតិថ្មីៗនេះដោយ CRIC ដែលជាក្រុមហ៊ុនផ្តល់ព័ត៌មានអចលនទ្រព្យដ៏សំខាន់មួយបង្ហាញថា ទំហំនៃការលក់លំនៅឋានរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍កំពូលទាំង១០០នៅប្រទេសចិន ក្នុងខែមេសា ឆ្នាំនេះ បានធ្លាក់ចុះរហូតដល់ទៅ៤៥%បើធៀបនឹងឆ្នាំមុន។
ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃទី៣០ ខែមេសា ហើយបាននិយាយថា ខ្លួននឹងកែលម្អគោលនយោបាយនានា ដើម្បីជម្រះបញ្ជីសារពើភ័ណ្ឌ ឬស្តុកលំនៅឋានដែលកំពុងកើនឡើងលើសតម្រូវការ។ ទីក្រុងរាប់សិបបានផ្តល់ការឧបត្ថម្ភធន ដើម្បីលើកទឹកចិត្តឱ្យអ្នកស្រុកយកអាផាតម៉ិនចាស់ប្ដូរយកអាផាតម៉ិនថ្មី ក្នុងគោលបំណងជំរុញការលក់ចេញអាផាតម៉ិនថ្មីៗ ដើម្បីជួយឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ដែលកំពុងត្រដាបត្រដួសមានរំហូរសាច់ប្រាក់ គេចផុតពីការក្ស័យធន។
ទន្ទឹមនេះ បណ្ដាសហគ្រាសរដ្ឋក្នុងមូលដ្ឋាន ក៏នឹងត្រូវបានស្នើសុំឱ្យជួយទិញលំនៅឋានលក់មិនចេញពីបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ដែលជួបវិបត្តិហិរញ្ញវត្ថុផងដែរ។
យោងតាមសារព័ត៌មានដដែលឱ្យដឹងថា ធនាគាររដ្ឋនឹងផ្តល់ប្រាក់កម្ចីដល់បណ្ដាសហគ្រាសរដ្ឋក្នុងមូលដ្ឋាន ដើម្បីឱ្យសហគ្រាសទាំងនោះមានលទ្ធភាពទិញលំនៅឋានលក់មិនចេញពីបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ជាមួយការបញ្ចុះតម្លៃយ៉ាងច្រើន ហើយមួយចំនួនធំនៃលំនៅឋានទាំងនេះនឹងត្រូវបានប្រែក្លាយទៅជាលំនៅឋានដែលមានតម្លៃធូរថ្លៃ៕
ដោយ: តែម សុខុម