ក្រុមហ៊ុនរថយន្ត Ford

Ford កាត់បន្ថយការងារបុគ្គលិកដើម្បីបន្ទាបចំណាយ ត្រៀមប្រជែងទប់ទល់នឹងការលក់បញ្ចុះថ្លៃរបស់ Tesla


ក្រុមហ៊ុនរថយន្តខ្នាតយក្ស Ford ត្រូវបានគេដឹងថា កំពុងមានផែនការកាត់បន្ថយការងាររាប់ពាន់កន្លែងនៅតំបន់អឺរ៉ុប ជាពិសេសគឺ ក្នុងប្រទេសអាល្លឺម៉ង់ ដែលក្នុងនោះ គឺមានគោលដៅកាត់បន្ថយការងារនៅក្នុងរោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួន។ ផែនការនេះ ទំនងជាធ្វើឡើងនៅចំពេលដែលក្រុមហ៊ុនគូប្រជែង Tesla បានលក់បញ្ចុះតម្លៃរថយន្តអគ្គិសនីនៅអាល្លឺម៉ង់ និងនៅតំបន់អឺរ៉ុបទាំងមូល ក៏ដូចជានៅអាមេរិក និងចិនផងដែរ។ ការលក់បញ្ចុះតម្លៃរបស់ Tesla អាចនឹងធ្វើឱ្យ Ford មានការបារម្ភខ្លាំងពីការធ្លាក់ចុះនូវចំនួនលក់រថយន្តអគ្គិសនីរបស់ខ្លួន។
Ford គ្រោងកាត់បន្ថយការងារសម្រាប់ EV ចំពេល Tesla លក់ចុះថ្លៃ

នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Reuter។ ក្រុមហ៊ុន Ford Motor គ្រោងកាត់បន្ថយការងារដល់ចំនួន ៣២០០កន្លែងនៅទូទាំងតំបន់អឺរ៉ុប ហើយនឹងគ្រោងរើការងារផ្នែកអភិវឌ្ឍផលិតកម្មទៅទឹកដីអាមេរិកវិញ។ ក្នុងនោះ ប្រទេសអាល្លឺម៉ង់ នឹងរងផលប៉ះពាល់ជាងគេ ដោយសហជីពរបស់ប្រទេសមួយនេះ គឺសហជីព IG Metall បានហៅគម្រោងនេះថា ជាសកម្មភាពដែលបង្កការអាក់ខានដល់ Ford នៅទូទាំងអឺរ៉ុប ប្រសិនបើពិតជាកាត់បន្ថយការងារនេះមែន។ ទោះយ៉ាងណាក្រុមហ៊ុន Ford មិនបានចេញមកប្រតិកម្ម បញ្ជាក់ច្បាស់អ្វីពីផែនការនេះនៅឡើយ។

បើតាមសហជីព IG Metall បានឱ្យដឹងថា ក្រុមហ៊ុន Ford ចង់កាត់បន្ថយការងារ ២៥០០កន្លែងនៅក្នុងផ្នែកអភិវឌ្ឍផលិតផល និងការងារ៧០០កន្លែង សម្រាប់មុខតំណែងរដ្ឋបាល ក្នុងនោះទីតាំងរោងចក្រនៅអាល្លឺម៉ង់ គឺនឹងទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។

ក្រុមអ្នកវិភាគលើកឡើងថា ការឡើងថ្លៃនូវគ្រឿងបង្គុំសម្រាប់ផលិតអាគុយរថយន្តអគ្គិសនី និងការព្យាករពីកំណើនសេដ្ឋកិច្ចយឺតនៅអាមេរិក និងអឺរ៉ុប កំពុងដាក់សម្ពាធទៅលើក្រុមហ៊ុនផលិតរថយន្ត ឱ្យកាត់បន្ថយការចំណាយរបស់ពួកគេ។ លើសពីនេះអ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ សង្គ្រាមតម្លៃរថយន្តអគ្គិសនី ដែល Tesla បានលក់បញ្ចុះតម្លៃរថយន្តថ្មីៗនេះ កាន់តែបង្កើនសម្ពាធខ្លាំងថែមទៀត ចំពោះគូប្រជែងដូចជា Ford ជាដើម។

អ្នកនាំពាក្យម្នាក់នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Ford ក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិកបាននិយាយថា ការពិភាក្សាជាមួយក្រុមប្រឹក្សាការងារអាល្លឺម៉ង់ កំពុងបន្តធ្វើឡើង ហើយថាក្រុមហ៊ុន Ford នឹងត្រូវប្រកួតប្រជែងកាន់តែច្រើន ខណៈដែលខ្លួនផ្លាស់ប្តូរទៅផ្តោមលើការផលិតរថយន្តអគ្គិសនី។

សូមរំលឹកថា កាលពីឆ្នាំមុន Ford បានប្រកាសថា នឹងវិនិយោគទឹកប្រាក់២ពាន់លានដុល្លារ ដើម្បីពង្រីកផលិតកម្មនៅរោងចក្ររបស់ខ្លួនក្នុងទីក្រុងកូឡូញ (Cologne) ប្រទេសអាល្លឺម៉ង់ ដើម្បីផលិតប្រភេទរថយន្តអគ្គិសនីសម្រាប់ទីផ្សារដ៏ធំនេះ។ បច្ចុប្បន្នរោងចក្រនេះ បានផលិតរថយន្ត Ford Fiesta ព្រមទាំងម៉ាស៊ីន និងប្រអប់លេខរបស់វារួចហើយ៕

អត្ថបទ ៖ នៅ សំភី




អត្ថបទបន្ទាប់


អតិផរណានៅប្រទេសវេណេស៊ុយអេឡាថយចុះមកត្រឹមកម្រិតជាង ២៣០%ក្នុងឆ្នាំ២០២២

ព័ត៌មាន
ប្រទេសវេណេស៊ុយអេឡា ដែលគេស្គាល់ថា ស្ថិតក្នុងចំណោមប្រទេសដែលមានកម្រិតអតិផរណាខ្ពស់ជាងគេបំផុតក្នុងពិភពលោកនោះ កំពុងមានទំនោរអតិផរណាថមថយចុះម…

កម្ចីអភិវឌ្ឍន៍របស់ចិនផ្ដល់ដល់ប្រទេសកំពុងរីកចម្រើនមានអត្រាទាបបំផុតក្នុងរយៈពេល១៣ឆ្នាំក្រោយ

ព័ត៌មាន
ការផ្តល់កម្ចីអភិវឌ្ឍន៍តាមរយៈធនាគារគោលនយោបាយពាណិជ្ជកម្មសំខាន់ៗចំនួនពីររបស់ចិន បានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល១៣ឆ្នាំចុងក្រោយ ពោលគឺធ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ