នៅក្នុងសន្និសីទសារព័ត៌មានរួមមួយ បន្ទាប់ពីមានកិច្ចសន្ទនាជាយុទ្ធសាស្ត្រជុំទី៤រវាងរដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង និងសមភាគីប៉ាគីស្ថាន លោក ប៊ីឡាវាល ប៊ូតូ ហ្សាដារី (Bilawal Bhutto Zardari), លោក ឈីន បានថ្លែងថា ប្រទេសចិនកោតសរសើរចំពោះការគាំទ្រផ្នែកនយោបាយរបស់ប៉ាគីស្ថានលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់ចិន។
លោក ឈីន បាននិយាយទៀតថា ចិននឹងបន្តគាំទ្រប៉ាគីស្ថានក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ជាតិ, ក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍សមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន, និងក្នុងការដើរតួនាទីដ៏ត្រឹមត្រូវរបស់ខ្លួនក្នុងកិច្ចការពិភពលោកនិងតំបន់។
រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពគ្នាថា ប្រទេសទាំងពីរនៅក្នុងយុគសម័យក្រោយជំងឺកូវីដ នឹងបន្តការប្រាស្រ័យទាក់ទងគ្នានៅគ្រប់កម្រិត ក៏ដូចជាការពិគ្រោះយោបល់តាមរយៈយន្តការនានា។ ភាគីទាំងពីរបានបន្តថា ដៃគូទ្វេភាគីនេះក៏នឹងអនុវត្តទាំងស្រុងនូវកិច្ចព្រមព្រៀងសំខាន់ៗដែលសម្រេចបានដោយមេដឹកនាំនៃប្រទេសទាំងពីរ។ លើសពីនេះទៀត យោងតាមរដ្ឋមន្ត្រីទាំងពីររូប ចិននិងប៉ាគីស្ថាននឹងពន្លឿនកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងចិននិងប៉ាគីស្ថាន។
នៅក្នុងជំនួបនោះ ភាគីទាំង២បានសន្យាពន្លឿនគម្រោងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) និងផែនការនិងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម ព្រមទាំងពង្រីកព្រំដែននៃសហប្រតិបត្តិការលើវិស័យនានាទៀត រួមទាំងវិស័យកសិកម្ម បច្ចេកវិទ្យា និងថាមពលថ្មី ដើម្បីជួយប៉ាគីស្ថានឱ្យសម្រេចបានការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្តរភាព។
ឆ្នាំនេះជាខួបលើកទី ១០ នៃការចាប់ផ្តើមគម្រោងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន។ លោករដ្ឋមន្ត្រីការបរទេសចិនបានគូសបញ្ជាក់អំពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃគម្រោងនេះ។
លោក ឈីន បាននិយាយថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃប្រទេសទាំង២ គម្រោងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន បានក្លាយជាគំរូមួយនៃកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ ដែលនាំមកនូវការកែលម្អយ៉ាងសំខាន់នៅក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសប៉ាគីស្ថាន និងអត្ថប្រយោជន៍សេដ្ឋកិច្ចនិងសង្គមជាក់ស្តែងពីគម្រោងប្រមូលផលដំបូងៗមួយចំនួន។
លោក ឈីន បានចង្អុលបង្ហាញថា កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍រួមគ្នារវាងចិន និងប៉ាគីស្ថាននេះ មានបំណងជួយប៉ាគីស្ថានឱ្យអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ។
លោក ឈីន បាននិយាយថា មានចលនាមួយចំនួនបានប្រឌិតការកុហកថា ប្រទេសចិនកំពុងបង្កើតអន្ទាក់បំណុលនៅក្នុងប្រទេសប៉ាគីស្ថាន។ លោក ឈីន បានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានសួរមនុស្សទាំងនោះថា តើពួកគេបានធ្វើអ្វីខ្លះសម្រាប់ការអភិវឌ្ឍនៅប្រទេសប៉ាគីស្ថាន និងទឹកប្រាក់ពិតប្រាកដដែលពួកគេបានវិនិយោគនៅប៉ាគីស្ថាន។ លោក ឈីន ជឿថា ពលរដ្ឋប៉ាគីស្ថានមិនត្រូវការវោហាសាស្ត្រគ្មានប្រយោជន៍ទេ ប៉ុន្តែត្រូវការជំនួយពិតប្រាកដ។
លោកបានសង្កត់ធ្ងន់ថា ស្ថិរភាពគឺជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍ ហើយសន្តិសុខគឺជាមូលដ្ឋាននៃវិបុលភាព។ ប្រទេសចិនសង្ឃឹមថា កម្លាំងនយោបាយទាំងអស់ក្នុងប្រទេសប៉ាគីស្ថាននឹងកសាងការឯកភាពគ្នា, រក្សាស្ថិរភាព, ឆ្លើយតបកាន់តែមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈមខាងក្នុងនិងខាងក្រៅ, ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចនិងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន, និងជំរុញប្រទេសឱ្យធ្វើដំណើរលឿនឆ្ពោះទៅរកការអភិវឌ្ឍន៍ និងការរស់រវើកឡើងវិញ។
ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការតាមដាន និងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើអ្នកប្រព្រឹត្តិការវាយប្រហារភេរវកម្មដែលយកប្រទេសចិនជាគោលដៅ។ ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនិងប្រឆាំងភេរវកម្មឱ្យកាន់តែស៊ីជម្រៅ ហើយបានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការក្នុងកិច្ចការប្រឆាំងភេរវកម្មក្នុងតំបន់ថែមទៀតផង៕
អត្ថបទ៖ សុខ ជា