បើយោងតាមស្ថិតិផ្លូវការរបស់ប្រទេសវៀតណាម ការវិនិយោគដែលបានចុះបញ្ជីពីប្រទេសចិន និងហុងកុងរួមបញ្ចូលគ្នាបានកើនឡើងដល់៨,២ពាន់លានដុល្លារ ក្នុងរយៈពេល១១ខែដំបូង នៃឆ្នាំនេះ ដែលបានកើនឡើងពីរដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅពេលដែលប្រទេសចិន មានការរឹតត្បិតកូវីដ-១៩ ដែលធ្វើឱ្យចិនក្លាយជាអ្នកវិនិយោគដ៏ធំបំផុតនៅក្នុងប្រទេសវៀតណាម។
ផ្ទុយទៅវិញពាណិជ្ជកម្មទ្វេភាគីរវាងអាម៉េរិក និងវៀតណាមបានធ្លាក់ចុះ ដោយសារតែអ្នកប្រើប្រាស់របស់សហរដ្ឋអាម៉េរិក បានជួបវិបត្តិតម្លៃនៃការរស់នៅនៅឆ្នាំនេះ ហើយមិនមានការកាត់បន្ថយពន្ធគយណាមួយត្រូវបានយល់ព្រមក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ចូ បៃដិន កាលពីខែកញ្ញាកន្លងទៅ។
ទិន្នន័យដដែលរបស់វៀតណាម បានបង្ហាញថា ការនាំចេញពីវៀតណាមទៅកាន់សហរដ្ឋអាម៉េរិកបានធ្លាក់ចុះ១៥៥ពាន់លានដុល្លារ មកនៅត្រឹមជាង៧៩ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែដំបូង នៃឆ្នាំនេះ ហើយការនាំចូលរបស់សហរដ្ឋអាម៉េរិក ក៏ធ្លាក់ចុះដូចគ្នាដែរ។
តែយ៉ាងណា នៅក្នុងរយៈពេលដូចគ្នានេះ ការនាំចេញរបស់វៀតណាម ទៅកាន់ប្រទេសចិន បានកើនឡើង៥% ដល់ជិត៥០ពាន់លានដុល្លារ បើទោះបីជាការនាំចូលបានធ្លាក់ចុះ ដោយសារតែវៀតណាមភាគច្រើនទិញសមាសធាតុពីចិន ដើម្បីប្រមូលផ្តុំសម្រាប់ការនាំចេញទៅកាន់ប្រទេសលោកខាងលិច។
ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានរាយការណ៍ថា នឹងធ្វើដំណើរមកកាន់ប្រទេសវៀតណាមនៅសប្តាហ៍ក្រោយនេះ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅ។ បើតាមអ្នកការទូត បាននិយាយថា លោក ប្រហែលជានឹងយល់ព្រមប្រកាសជោគវាសនារួម និងផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ដើម្បីបង្កើនទំនាក់ទំនងការទូតនឹងគ្នា។
យោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងមានវត្តមាននៅទីក្រុងហាណូយនៅថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍ក្រោយនេះ តាមការអញ្ជើញរបស់សមភាគីវៀតណាម លោក ង្វៀន ភូជុង ប្រធានបក្សកុម្មុយនីស្តវៀតណាម។
តាមប្រភពបួនដែលដឹងអំពីបញ្ហានេះបានប្រាប់នីកេអាស៊ីថា មេដឹកនាំចិន និងវៀតណាមនឹងពិភាក្សាគ្នាអំពីគម្រោងផ្លូវដែកដឹកទំនិញនៅភាគខាងជើងប្រទេសវៀតណាម។ ខណៈប្រភពពីរក្នុងនោះបាននិយាយថា ការបណ្តាក់ទុនគម្រោងផ្លូវដែករួមគ្នានោះ នឹងស្ថិតនៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន។ ប្រភពដដែលបានបន្តថា រ៉ែកម្រក៏នឹងស្ថិតនៅក្នុងរបៀបវារៈនៃជំនួបនោះដែរ។ ខណៈប្រទេសទាំងពីរចង់ឱ្យប្រទេសផ្សេងទៀតចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន ដើម្បីប្រើប្រាស់សារធាតុរ៉ែសម្រាប់អាគុយរថយន្តអគ្គិសនី បន្ទះស្រូបពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាផ្សេងទៀត។
យោងតាមទិន្នន័យអង្កេតភូមិសាស្ត្រអាម៉េរិកបង្ហាញថា ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោកបន្ទាប់ពីប្រទេសចិន សម្រាប់ការមានផ្ទុកសារធាតុរ៉ែកម្រច្រើនបំផុត ទោះបីជាគេមិនអាចដឹងច្បាស់ថា តើរ៉ែក្នុងដីទាំងនោះអាចជីកបានប៉ុណ្ណាក្តី។ យ៉ាងណាមិញ ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការ វៀតណាម និងចិន ក៏មានទំនាស់ផលប្រយោជន៍នៅសមុទ្រចិនខាងត្បូងដ៏រ៉ាំរ៉ៃ និងនៅទន្លេមេគង្គដែរ ខណៈប្រទេសដឹកនាំដោយបក្សកុម្មុយនីស្តទាំងពីរនេះ កំពុងមានទំនាក់ទំនងសេដ្ឋកិច្ចជាប់ទាក់ទងគ្នាយ៉ាងខ្លាំងផងដែរ៕