ការវិនិយោគ

វិនិយោគចិន នៅវៀតណាម កើនឡើងខ្លាំង ខណៈអាម៉េរិកធ្លាក់ចុះ ចំពេលលោក ស៊ី ជិនពីង គ្រោងទៅហាណូយសប្តាហ៍ក្រោយ


ទិន្នន័យផ្លូវការបង្ហាញថា ការវិនិយោគរបស់ចិន នៅវៀតណាម បានកើនឡើងនៅឆ្នាំនេះ ផ្ទុយពីការធ្លាក់ចុះនៃការចំណាយ និងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកនៅក្នុងប្រទេសនេះ។ ជាមួយគ្នានេះមានសេចក្តីរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងទៅបំពេញទស្សនកិច្ច ដ៏កម្រទៅកាន់ប្រទេសវៀតណាម នៅសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាអំពីគម្រោងផ្លូវរថភ្លើងរវាងប្រទេសក្បែរខាងទាំងពីរ។ ការមកនេះ គឺស្របតាមការអញ្ជើញរបស់ប្រធានបក្សកុម្មុយនីស្តវៀតណាម និងក្រោយពេលដំណើររបស់លោក ចូ បៃដិន មកកាន់ប្រទេសនេះកាលេពីខែកញ្ញា។
ការវិនិយោគ
ដោយ

បើយោងតាមស្ថិតិផ្លូវការរបស់ប្រទេសវៀតណាម ការវិនិយោគដែលបានចុះបញ្ជីពីប្រទេសចិន និងហុងកុងរួមបញ្ចូលគ្នាបានកើនឡើងដល់៨,២ពាន់លានដុល្លារ ក្នុងរយៈពេល១១ខែដំបូង នៃឆ្នាំនេះ ដែលបានកើនឡើងពីរដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅពេលដែលប្រទេសចិន មានការរឹតត្បិតកូវីដ-១៩ ដែលធ្វើឱ្យចិនក្លាយជាអ្នកវិនិយោគដ៏ធំបំផុតនៅក្នុងប្រទេសវៀតណាម។

ផ្ទុយទៅវិញពាណិជ្ជកម្មទ្វេភាគីរវាងអាម៉េរិក និងវៀតណាមបានធ្លាក់ចុះ ដោយសារតែអ្នកប្រើប្រាស់របស់សហរដ្ឋអាម៉េរិក បានជួបវិបត្តិតម្លៃនៃការរស់នៅនៅឆ្នាំនេះ ហើយមិនមានការកាត់បន្ថយពន្ធគយណាមួយត្រូវបានយល់ព្រមក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ចូ បៃដិន កាលពីខែកញ្ញាកន្លងទៅ។

ទិន្នន័យដដែលរបស់វៀតណាម បានបង្ហាញថា ការនាំចេញពីវៀតណាមទៅកាន់សហរដ្ឋអាម៉េរិកបានធ្លាក់ចុះ១៥៥ពាន់លានដុល្លារ មកនៅត្រឹមជាង៧៩ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែដំបូង នៃឆ្នាំនេះ ហើយការនាំចូលរបស់សហរដ្ឋអាម៉េរិក ក៏ធ្លាក់ចុះដូចគ្នាដែរ។

តែយ៉ាងណា នៅក្នុងរយៈពេលដូចគ្នានេះ ការនាំចេញរបស់វៀតណាម ទៅកាន់ប្រទេសចិន បានកើនឡើង៥% ដល់ជិត៥០ពាន់លានដុល្លារ បើទោះបីជាការនាំចូលបានធ្លាក់ចុះ ដោយសារតែវៀតណាមភាគច្រើនទិញសមាសធាតុពីចិន ដើម្បីប្រមូលផ្តុំសម្រាប់ការនាំចេញទៅកាន់ប្រទេសលោកខាងលិច។

ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានរាយការណ៍ថា នឹងធ្វើដំណើរមកកាន់ប្រទេសវៀតណាមនៅសប្តាហ៍ក្រោយនេះ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅ​។ បើតាមអ្នកការទូត បាននិយាយថា លោក ប្រហែលជានឹងយល់ព្រមប្រកាសជោគវាសនារួម និងផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ដើម្បីបង្កើនទំនាក់ទំនងការទូតនឹងគ្នា។

យោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងមានវត្តមាននៅទីក្រុងហាណូយនៅថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍ក្រោយនេះ តាមការអញ្ជើញរបស់សមភាគីវៀតណាម លោក ង្វៀន ភូជុង ប្រធានបក្សកុម្មុយនីស្តវៀតណាម។

តាមប្រភពបួនដែលដឹងអំពីបញ្ហានេះបានប្រាប់នីកេអាស៊ីថា មេដឹកនាំចិន និងវៀតណាមនឹងពិភាក្សាគ្នាអំពីគម្រោងផ្លូវដែកដឹកទំនិញនៅភាគខាងជើងប្រទេសវៀតណាម។ ខណៈប្រភពពីរក្នុងនោះបាននិយាយថា ការបណ្តាក់ទុនគម្រោងផ្លូវដែករួមគ្នានោះ នឹងស្ថិតនៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន។ ប្រភពដដែលបានបន្តថា រ៉ែកម្រក៏នឹងស្ថិតនៅក្នុងរបៀបវារៈនៃជំនួបនោះដែរ។ ខណៈប្រទេសទាំងពីរចង់ឱ្យប្រទេសផ្សេងទៀតចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន ដើម្បីប្រើប្រាស់សារធាតុរ៉ែសម្រាប់អាគុយរថយន្តអគ្គិសនី បន្ទះស្រូបពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាផ្សេងទៀត។

យោងតាមទិន្នន័យអង្កេតភូមិសាស្ត្រអាម៉េរិកបង្ហាញថា ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោកបន្ទាប់ពីប្រទេសចិន សម្រាប់ការមានផ្ទុកសារធាតុរ៉ែកម្រច្រើនបំផុត ទោះបីជាគេមិនអាចដឹងច្បាស់ថា តើរ៉ែក្នុងដីទាំងនោះអាចជីកបានប៉ុណ្ណាក្តី។ យ៉ាងណាមិញ ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការ វៀតណាម និងចិន ក៏មានទំនាស់ផលប្រយោជន៍នៅសមុទ្រចិនខាងត្បូងដ៏រ៉ាំរ៉ៃ និងនៅទន្លេមេគង្គដែរ ខណៈប្រទេសដឹកនាំដោយបក្សកុម្មុយនីស្ត​ទាំងពីរនេះ កំពុងមានទំនាក់ទំនងសេដ្ឋកិច្ចជាប់ទាក់ទងគ្នាយ៉ាងខ្លាំងផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត ជំរុញឱ្យប្រទេស OPEC+ ចូលរួមកាត់បន្ថយទិន្នផលប្រេងរួមគ្នា

ព័ត៌មាន
អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងធំជាងគេបំផុតរបស់ពិភពលោក បានអំពាវនាវឱ្យសមាជិកអង្គការ OPEC+ ទាំងអស់ចូលរួមកិច្ចព្រមព្រ…

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មអះអាងថា ស្ថានភាពអតិផរណានៅត្រីមាសទី៣ឆ្នាំនេះ មិនទាន់ដល់កម្រិតត្រូវព្រួយបារម្ភឡើយ

ព័ត៌មាន
ទិន្នន័យដែលបង្ហាញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា កម្រិតអតិផរណាមធ្យមប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ មានអត្រា ១,៤% ធៀបនឹងត្រីមាសមុន និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ