ទន្ទឹមនឹងលំហូរចូលវិនិយោគិនចិនចូលមកខេត្តព្រះសីហនុនេះ ក៏ត្រូវបានមតិមួយចំនួនលើកឡើងថា កំពុងបង្កឲ្យមានផលប៉ះពាល់ដល់ពាណិជ្ជករក្នុងស្រុកផងដែរ ពោលគឺសហគ្រិនក្នុងស្រុកកំពុងមានការប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពីលំហូរចូលនៃការវិនិយោគពីបរទេសនេះ។
ជុំវិញការលើកឡើងខាងលើនេះ លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន WorldBridge Group បានឲ្យ ខេមបូណូមីស ដឹងថា ជាទូទៅ ការអភិវឌ្ឍរមែងតែមានផលវិជ្ជមាន និងអវិជ្ជមានខ្លះដែលខានមិនបានឡើយ។ តែយ៉ាងណា សម្រាប់កម្ពុជាយើង គួរតែត្រៀមខ្លួនទទួលយកទាំងអស់ ហើយរាជរដ្ឋាភិបាលក៏ត្រូវត្រៀមគោលនយោបាយឲ្យបានច្បាស់លាស់ដើម្បីជំរុញឲ្យការអភិវឌ្ឍនោះ ឈានទៅរកភាពរីកចម្រើនប្រកបដោយចីរភាព។
លោកឧកញ៉ាបានគូសបញ្ជាក់ថា ក្នុងនាមជាវិនិយោគិនក្នុងស្រុកមួយរូប លោកបានមើលឃើញពីចំណុចល្អច្រើនរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តព្រះសីហនុនេះ និងជឿជាក់ខ្ពស់លើគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រោះថា បើសិនរាជរដ្ឋាភិបាលមិនមានគោលនយោបាយច្បាស់លាស់ទេ នោះវិនិយោគិនចិនធំៗ ក៏មិនទៅវិនិយោគនៅខេត្តព្រះសីហនុ ដូចបច្ចុប្បន្ននេះដែរ។
លោកឧកញ៉ាបានលើកឡើងយ៉ាងដូច្នេះថា “ជាទូទៅ នៅប្រទេសណាក៏ដូចប្រទេសណាដែរ! ការបើកចំហរការវិនិយោគ រមែងតែងតែមានហូរចូលមកទាំងអ្នកវិនិយោគល្អ និងអ្នកវិនិយោគមិនល្អ ប៉ុន្ដែ បន្តិចទៀតនឹងមានការរែងរកអ្នកវិនិយោគណាដែលល្អ។ មានន័យថា អ្នកធ្វើមិនទៅមុខនឹងត្រូវដួលទៅវិញ អ្នកដែលធ្វើបានល្អ នឹងបន្តដំណើរទៅមុខទៀត ហើយនេះក៏ត្រូវមានការចូលរួមពីគោលនយោបាយគ្រប់គ្រងពីសំណាក់អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។ កាលណារាជរដ្ឋាភិបាលមានគោលការណ៍ច្បាស់លាស់និងច្បាប់ទម្លាប់ដើម្បីគ្រប់គ្រងវិនិយោគិនទាំងនោះ នោះពួកគេនឹងដើរតាមគន្លងអភិវឌ្ឍរបស់យើង”។
អគ្គនាយកក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យធំៗនៅកម្ពុជារូបនេះ បានបន្ថែមទៀតថា ទិសដៅអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យដូចទៅនឹងខេត្ត ស៊ិនជិន ប្រទេសចិន ឬទីក្រុងម៉ាកាវទី២នេះ គឺពិតជាចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ បើតាមទស្សនវិស័យរបស់លោកឧកញ៉ាផ្ទាល់ នៅរយៈពេល១០ឆ្នាំខាងមុខទៀត ខេត្តព្រះសីហនុ នឹងក្លាយជាតំបន់ដ៏មានសក្ដានុពលបំផុតសម្រាប់កម្ពុជា ឬអាចរីកចម្រើនខ្លាំងជាងខេត្តសៀមរាបទៅទៀត។
លោកឧកញ៉ាអះអាងបែបនេះ ដោយសារមើលឃើញប៉ូលសេដ្ឋកិច្ចបីសំខាន់ៗរបស់ខេត្តជាប់សមុទ្រមួយនេះ គឺវិស័យទេសចរណ៍ ឧស្សាហកម្ម និងវិស័យដឹកជញ្ជូន។ ជាក់ស្ដែង លោកបានគូសបញ្ជាក់ថា វិស័យសណ្ឋាគារនៅខេត្តព្រះសីហនុក៏មានវិសាលភាព នៅមិនទាន់គ្រប់គ្រាន់ឆ្លើយតបទៅនឹងតម្រូវការនាពេលអនាគតនៅឡើយទេ។
វិនិយោគិនក្នុងស្រុកដែលកំពុងលេចធ្លោខ្លាំងក្នុងវិស័យជំនួញដដែលនេះ បានគូសបញ្ជាក់ទៀតថា ជាការពិត លំហូរចូលនៃការវិនិយោគពីសំណាក់វិនិយោគិនចិនមកកាន់ខេត្តព្រះសីហនុ ក៏ដូចជាកម្ពុជា គឺប្រយោជន៍ធំនឹងត្រូវបានទៅអ្នកវិនិយោគនោះ ប៉ុន្ដែ កម្ពុជាក៏ទទួលបានប្រយោជន៍ច្រើនពីការវិនិយោគនោះផងដែរ។ តួយ៉ាង រាជរដ្ឋាភិបាលនឹងទទួលបានប្រាក់ចំណូលពន្ធបន្ថែមកាន់តែច្រើន ប្រជាជនក្នុងស្រុកនឹងទទួលបានការងារធ្វើ ព្រមជាមួយនឹងឱកាសក្លាយជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើម ក៏ដូចជាដៃគូពាណិជ្ជកម្ម ជាមួយភាគីចិនជាដើម។
ទាក់ទងទៅនឹងការអភិវឌ្ឍនៅខេត្តព្រះសីហនុនេះដែរ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់បានលើកឡើងដែរថា រាជរដ្ឋាភិបាលបានបើកចំហរទ្វាស្វាគមន៍វិនិយោគិន និងភ្ញៀវទេសចរបរទេសទាំងអស់ មិនថាតែជនជាតិចិនមួយនោះទេ។
ឯកឧត្តមបានគូសបញ្ជាក់ដែរថា សម្រាប់កម្ពុជា ក៏ដូចជាប្រទេសនៅទូទាំងពិភពលោកដែរ គឺអនុវត្តទីផ្សារសេរី ហើយរាជរដ្ឋាភិបាលក៏មិនទុកវិនិយោគិនក្នុងស្រុកចោលនោះដែរ និងសង្ឃឹមថា សហគ្រិនវ័យក្មេងក្នុងស្រុកកម្ពុជា នឹងបន្តរួបរួមគ្នាដើម្បីអភិវឌ្ឍប្រទេសរបស់យើងទាំងអស់គ្នា។
ទោះយ៉ាងណា លំហូរចូលនៃកំណើនអ្នករកស៊ីជនជាតិចិន និងទេសចរចិនមកខេត្តព្រះសីហនុ ក៏ត្រូវបានប្រជាពលរដ្ឋក្នុងខេត្តនេះ ធ្លាប់បានរអ៊ូរទាំថា កំពុងបង្កឲ្យមានភាពអវិជ្ជមានមួយចំនួនសម្រាប់បរិយាកាសរស់នៅក្នុងខេត្តនេះ ដូចជាកន្លងមក ជនជាតិចិនខ្លះ បានបង្កនូវបញ្ហាអសន្ដិសុខមួយចំនួនជាដើម។ តែយ៉ាងណាក៏ដោយ កន្លងមក ក៏ឃើញមានការចុះអន្តរគមន៍ពីអាជ្ញាធរនៅតំបន់នោះយ៉ាងសស្រាក់សស្រាំផងដែរ៕