ប្រព័ន្ធផ្សព្វផ្សាយចិនមួយចំនួនកំពុងបង្កើនការចេញផ្សាយអត្ថបទរបស់ពួកគេ ដោយធ្វើការរិះគន់ជប៉ុនកាន់តែខ្លាំងឡើង ពាក់ព័ន្ធនឹងការបញ្ចេញទឹកកាកសំណល់វិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ារបស់ជប៉ុន ចូលទៅក្នុងសមុទ្រ។ កាលពីថ្ងៃទី២៩ខែសីហា ចំណងជើងនៅលើទំព័រកាសែត Global Times ដែលមានទំនងទំនងជាមួយបក្សកុម្មុយនិស្តចិនមួយបានសរសេរក្នុងបទវិចារណកថាមួយក្រោមចំណងជើងថា៖ «ជប៉ុនកំពុងប្រើមធ្យោបាយគួរឱ្យស្អប់ខ្ពើមដើម្បីបង្វែរការស្ដីបន្ទោសទៅលើប្រទេសចិន»។
បទវិចារណកថានេះ គឺចង់រិះគន់ជប៉ុន ចំពោះការចោទពលរដ្ឋចិនថា បានបង្កការរំខានយាយីដល់ស្ថាប័នជប៉ុននៅក្នុងប្រទេសចិន ដែលវាហាក់ដូចជាថា ជប៉ុនកំពុងព្យាយាមមើលឃើញខ្លួនឯងថា ជាជនរងគ្រោះជាជាងអ្នកប្រព្រឹត្តទៅវិញ នៅក្នុងបរិបទដ៏ចម្រូងចម្រាសមួយនេះ។
ខ្លឹមសារអត្ថបទដដែលនេះបានបន្តថា វាគឺជប៉ុនហ្នឹងហើយ ដែលបានបង្កហានិភ័យ និងគ្រោះថ្នាក់បរិស្ថានមិនធ្លាប់មានពីមុនមកនៅសមុទ្រប៉ាស៊ីហ្វិក ហើយថាអាជ្ញាធរជប៉ុនមានចេតនាបង្កើនចិត្តគំនិតប្រឆាំងចិននៅក្នុងសង្គមជប៉ុន និងការប្រឆាំងគ្នារវាងពលរដ្ឋចិន និងជប៉ុន។
ចំណែកក្រុមព័ត៌មានហិរញ្ញវត្ថុ យីសៃ (Yicai) បានអត្ថាធិប្បាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា រដ្ឋាភិបាលជប៉ុនសុខចិត្តចំណាយប្រាក់លើយុទ្ធនាការទំនាក់ទំនងសាធារណៈជាជាងការទទួលយកវិធីសាស្រ្តបន្សុទ្ធទឹកកាត់បន្ថយគ្រោះថ្នាក់សម្រាប់ទឹកកខ្វក់មួយនេះ។
ទោះយ៉ាងណា អ្នកសង្កេតការណ៍មួយចំនួននិយាយថា ថ្នាក់ដឹកនាំរបស់ទីក្រុងប៉េកាំងកំពុងប្រើការបង្ហូរទឹកហ្វូគូស៊ីម៉ានេះ ដើម្បីបង្វែរការមិនពេញចិត្តរបស់សាធារណជន ដែលកំពុងកើនឡើង ខណៈដែលចិនកំពុងដោះស្រាយវិបត្តិទីផ្សារអចលនទ្រព្យ ដែលធ្វើឲ្យយុវជនអត់ការងារធ្វើកាន់តែអាក្រក់ និងការធ្លាក់ចុះហិរញ្ញវត្ថុក្នុងតំបន់។
កាលពីថ្ងៃទី២៩ខែសីហា ប្រទេសជប៉ុនក៏បានគំរាមដែរថា ខ្លួននឹងលើកយកករណីការហាមឃាត់នាំចូលគ្រឿងសមុទ្រជប៉ុនទៅកាន់ប្រទេសចិន ទៅពិភាក្សានៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
ចំណែកនៅប្រទេសកូរ៉េខាងត្បូងឯណោះវិញ នៅថ្ងៃទី ៣០ ខែសីហា ការិយាល័យប្រធានាធិបតីកូរ៉េបានបង្ហាញមុខម្ហូបអាហារសមុទ្រមួយចំនួនសម្រាប់អាហារពេលល្ងាចរបស់លោក យុន ស៊ុកយែល ប្រធានាធិបតីកូរ៉េ និងមន្ត្រីមួយចំនួនទៀត ដើម្បីបង្ហាញសារទៅក្រុមប្រឆាំង ដែលបានធ្វើការតវ៉ាប្រឆាំងនឹងការបញ្ចេញទឹកនេះថា អាហារសមុទ្រទាំងនេះ គឺមានសុវត្ថិភាព ពោលគឺក្នុងបំណងថា កូរ៉េខាងត្បូងមិនមានចំណាត់ការក្ដៅអ្វីទៅកាន់ជប៉ុនវិញទោះទេ ពាក់ព័ន្ធនឹងរឿងការបង្ហូរទឹកកាកសំណល់វិទ្យុសកម្មចូលក្នុងសមុទ្រនេះ បើទោះបីជាថ្មីៗនេះ មានពលរដ្ឋកូរ៉េខាងត្បូងជាច្រើនបាននាំគ្នាបានធ្វើកូដកម្មតវ៉ាក៏ដោយ។
រដ្ឋបាលរបស់លោក យុន បានប្រកាន់ជំហរថា កូរ៉េនឹងគាំទ្រការសម្រេចចិត្តរបស់ជប៉ុនក្នុងការបញ្ចេញទឹកចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដរាបណាវិធានការនេះបានអនុវត្តស្របតាមច្បាប់អន្តរជាតិ និងស្តង់ដារសុវត្ថិភាពនុយក្លេអ៊ែរតែប៉ុណ្ណោះ៕