លោក ថាណាវ៉ាត ផនវិឆៃ (Thanavath Phonvichai) ប្រធានសកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានអះអាងថា ការស្ទង់មតិរបស់ខ្លួនបានបង្ហាញថា អ្នកប្រើប្រាស់ភាគច្រើនជឿថា ការចំណាយសម្រាប់ពិធីបុណ្យចូលឆ្នាំចិន ឆ្នាំនេះនឹងមានការកើនឡើងជាងឆ្នាំមុន។ ការជឿជាក់បែបនេះត្រូវបានរំពឹងមួយផ្នែកលើវិធានការជំរុញទឹកចិត្តរបស់រដ្ឋាភិបាលថៃ ដែលបានបង្កើតឡើងកាលពីចុងឆ្នាំមុន ដោយបានជួយបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់។ ទោះជាយ៉ាងណា អ្នកប្រើប្រាស់នៅតែប្រុងប្រយ័ត្នចំពោះការចំណាយរបស់ពួកគេ និងព្រួយបារម្ភអំពីការកើនឡើងតម្លៃទំនិញសំខាន់ៗ និងការចំណាយលើការធ្វើដំណើរ។
ការស្ទង់មតិនេះបានបង្ហាញថា ការចំណាយរបស់អ្នកប្រើប្រាស់ក្នុងរង្វង់ពេលចូលឆ្នាំចិន ខាងមុខនេះ ត្រូវបានប៉ាន់ស្មានថា នឹងកើនឡើងដល់ជាង១,៥ពាន់លានដុល្លារ មានការកើនឡើង៤,៥% បើធៀបនឹងឆ្នាំមុន។ នេះគឺជាលើកទីមួយហើយ ដែលការចំណាយលើទំនិញប្រើប្រាស់កើនឡើងខ្ពស់បែបនេះ ចាប់តាំងពីការផ្ទុះឡើងនូវជំងឺកូវីដ-១៩ មក។
លោក ថាណាវ៉ាត ជឿជាក់ថា បញ្ហាខ្យល់ពុលដែលកំពុងវាយលុកប្រទេសថៃ ទំនងជាមិនធ្វើឱ្យប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍របស់ថៃ នោះទេ ហើយលោកបន្ថែមថា សេដ្ឋកិច្ចថៃ កំពុងស្ថិតក្នុងដំណាក់កាលនៃការស្ទុះងើបឡើងវិញ ដោយរំពឹងថា សេដ្ឋកិច្ចថៃនឹងសម្រេចបានកំណើនក្នុងរង្វង់៣% នៅឆ្នាំនេះ៕
អត្ថបទ៖ សុខ មង្គល