ប្រធានាធិបតីចិន-រដ្ឋមន្ត្រីកាណាដា

ប្រធានាធិបតីចិនស្តីបន្ទោសនាយករដ្ឋមន្ត្រីកាណាដានៅកណ្តាលចំណោម ក្រោយធ្វើឱ្យបែកធ្លាយកិច្ចសន្ទនាបិទទ្វារមួយនៅកិច្ចប្រជុំកំពូលG20


ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃពុធទី១៦វិច្ឆិកា បានរិះគន់ចំៗ និងដោយផ្ទាល់មាត់តែម្តង ទៅកាន់នាយករដ្ឋមន្ត្រីកាណាដាលោក ចាស់ស្ទីន ទ្រូដូ (Justin Trudeau) ជុំវិញការបណ្ដោយឲ្យមានការលេចធ្លាយនៃកិច្ចសន្ទនាគ្នា ក្នុងជំនួបប្រជុំបិទទ្វារទ្វេភាគីរបស់ពួកគេ នៅឯកិច្ចប្រជុំកំពូល G20។ នេះជារឿងកម្រខ្លាំងណាស់ដែលមេដឹកនាំចិន លោកស៊ី បានបង្ហាញការមិនពេញចិត្តដោយត្រង់ៗ និងចំពោះមុខ ជាសាធារណៈបែបនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ចិនស្តីបន្ទោសកាណាដាដែលធ្វើឱ្យលេចធ្លាយព័ត៌មានកិច្ចប្រជុំបិទទ្វារ!

នៅក្នុងខ្សែវីដេអូមួយដែលបានបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយរបស់កាណាដាបង្ហាញថា លោកស៊ី និងលោកទ្រូដូ កំពុងឈរនៅជិតគ្នានិងសន្ទនាគ្នាទៅវិញទៅមកភ្លាមៗ តាមរយៈអ្នកបកប្រែ ហើយមើលទៅលោកស៊ី ជីនពីង ហាក់បានបង្ហាញការមិនសប្បាយចិត្ត ដោយលោកនិយាយបណ្តើរ និងធ្វើកាយវិការគ្រវីក្បាលបណ្តើរ ហាក់បង្ហាញពីការខកចិត្ត។

ប្រធានាធិបតីចិនលោស៊ី ជីនពីង បាននិយាយទៅកាន់លោក ទ្រូដូ តាមរយៈអ្នកបកប្រែ ហើយត្រូវក្រុមអ្នកសារព័ត៌មានថតបាន ដោយមានខ្លឹមសារយ៉ាងដូច្នេះថា «គ្រប់យ៉ាងដែលយើងបានពិភាក្សាត្រូវបានបែកធ្លាយទៅដល់អ្នកកាសែត! គេមិនដែលធ្វើបែបនេះឡើយ។ វាជារឿងមិនសមរម្យនោះទេ។ បើសិនយើងមានភាពស្មោះត្រង់នឹងគ្នានោះ យើងអាចប្រាស្រ័យទាក់ទងគ្នាបានល្អ ជាមួយនឹងការគោរពគ្នាទៅវិញទៅមក បើមិនអ៊ីចឹងទេនឹងមិនងាយបានលទ្ធផលល្អឡើយ» ។

ការសម្តែងការមិនពេញចិត្តរបស់មេដឹកនាំចិនរូបនេះ ធ្វើឡើងបន្ទាប់ពីជំនួបទ្វេភាគីបិទទ្វាររវាងចិន-កាណាដា ត្រូវបានបែកធ្លាយព័ត៌មានដោយមានការចុះផ្សាយអំពីក្តីបារម្ភធ្ងន់ធ្ងររបស់រដ្ឋាភិបាលកាណាដា ជុំវិញសេចក្តីរាយការណ៍កាលពីដើមខែវិច្ឆិកា ដែលអះអាងថា ចិនកំពុងប្រើប្រាស់ចារកម្មបញ្ជ្រៀតឥទ្ធិលមកក្នុងការបោះឆ្នោតនៅកាណាដា។

គួររំឭកថា កាលពីដើមខែនេះ ទូរទស្សន៍កាណាដាឈ្មោះ Global News បានចុះផ្សាយរបាយការណ៍មួយថា មានបណ្តាញលួចលាក់មួយបានផ្តល់លុយទៅឲ្យបេក្ខជនឈរឈ្មោះបោះឆ្នោតនាការបោះឆ្នោតនៅកាណាដាថ្មីៗនេះ និងព័ត៌មានទី២ ជាព័ត៌មានស្តីពីការបើកការស៊ើបអង្កេតរបស់រដ្ឋអំណាចកាណាដា ពីវត្តមានប៉ុស្តិ៍ប៉ូលិសចិនខុសច្បាប់នៅក្នុងតំបន់ Grand Toronto។

ក្រោយរងការរិះគន់ស្តីបន្ទោសពីប្រធានាធិបតីចិនបែបនេះ នាយករដ្ឋមន្ត្រីកាណាដាបានឆ្លើយតបទៅវិញថា «នៅប្រទេសកាណាដា យើងជឿជាក់លើការសន្ទនាដោយសេរី បើកចំហ និងស្មោះត្រង់នឹងគ្នា ហើយនោះជាអ្វីដែលយើងនឹងបន្តធ្វើ។ យើងនឹងបន្តធ្វើការងាររួមគ្នាប្រកបដោយការស្ថាបនា ប៉ុន្តែវាក៏នឹងមានរឿងដែលយើងមិនយល់ស្របគ្នា ជៀសមិនរួច»។

ក៏ប៉ុន្តែ មុនពេលលោកទ្រូដូនិយាយមិនទាន់រួចពីមាត់ផង លោកស៊ី ជីនពីង សម្តែងកាយវិការរៀងហួសចិត្តបន្តិច ហើយបានកាត់សម្តីលោកទ្រូដូ ដោយនិយាយថា៖ យើងចាំបង្កើតលក្ខខណ្ឌជាមួយគ្នាច្បាស់លាស់សិនទៅ រួចលោកស៊ីក៏ញញឹមហើយចាប់ដៃលោកទ្រូដូ រួចក៏ដើរចេញទៅបាត់។

គួរជម្រាបថា ទាំងក្រសួងការបរទេសចិន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ក៏មិនបានផ្សព្វផ្សាយអ្វីអំពីកិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរដែរ។ អ្នកទាំងពីរបានបើកកិច្ចប្រជុំក្រៅផ្លូវការអស់រយៈពេល ១០នាទីប៉ុណ្ណោះ នៅក្រៅកិច្ចប្រជុំកំពូល G20 កាលពីថ្ងៃអង្គារ។ នេះបើយោងតាមប្រភពរដ្ឋាភិបាល។

បើយោងតាមគេហទំព័រក្រសួងការបរទេសចិនលោកស៊ី ជីនពីង បានបើកកិច្ចប្រជុំទ្វេភាគីជាផ្លូវការចំនួន៩ ជាមួយប្រមុខរដ្ឋនានាក្នុងពេលដែលលោកមានវត្តនៅក្នុងកិច្ចប្រជុំកំពូលនៅឥណ្ឌូនេស៊ីមួយនេះ។

ចំណែកភាគីកាណាដាវិញ ក៏មិនដែលចេញផ្សាយពីលទ្ធផលនៃជំនួបជាមួយប្រទេសចិនជាផ្លូវការណាមួយដែរ។ ប៉ុន្តែនាយករដ្ឋមន្ត្រីទ្រូដូបានបង្ហើបខ្លះៗថា លោកបានមានការសន្ទនាទៅកាន់លោកស៊ី ជីនពីង នៅក្នុងសន្និសីទសារព័ត៌មានមួយក្រោយបិទបញ្ចប់កិច្ចប្រជុំកំពូលG20។

សូមបញ្ជាក់ថា ជំនួបរវាងមេដឹកនាំចិន និងកាណាដានេះជាជំនួបដំបូងក្នុងរយៈពេល៣ឆ្នាំចុងក្រោយ បន្ទាបពីទំនាក់ទំនងរវាងប្រទេសទាំងពីររកាំរកោសនឹងគ្នាចាប់តាំងពី សំណុំរឿងរបស់ក្រុមហ៊ុន Huawei។ លោកទ្រូដូកាលពីដើមខែវិច្ឆិកា ក៏បានចេញមកព្រមាន ពីការដែលប្រទេសចិនកំពុងលេងល្បែងឈ្លានពានជាមួយលទ្ធិប្រជាធិបតេយ្យ និងស្ថាប័នរបស់កាណាដា។

អ្វីដែលគួរកត់សម្គាល់មួយទៀតនោះ គឺនៅត្រង់ថា នៅក្រោយពេលមានការរិះគន់របស់ចិនលើកាណាដារួច ស្រាប់តែគម្រោងជួបគ្នារវាងមេដឹកនាំអង់គ្លេសថ្មីលោក Rishi Sunak និងលោកស៊ី ជីនពីងត្រូវបានគេលុបចោលវិញភ្លាមៗ ក្រោមហេតុផលដែលលោកស៊ុនណាក់ រវល់ប្រជុំបញ្ហាវាយប្រហារមីស៊ីលនៅប៉ូឡូញ។ បើគ្មានការលុបចោលជំនួបនោះទេ លោកស៊ុនណាក់ទំនងនឹងក្លាយជាមេដឹកនាំអង់គ្លេសដំបូងគេក្នុងពេល៥ឆ្នាំចុងក្រោយ ដែលនឹងជួបនិយាយទល់មុខនឹងមេដឹកនាំចិន៕




អត្ថបទបន្ទាប់


អ្នកទោសជិត៦ពាន់នាក់ត្រូវបានរបបយោធាមីយ៉ាន់ម៉ាដោះលែង ក្នុងថ្ងៃបុណ្យគម្រប់ខួបថ្ងៃឯករាជ្យជាតិ

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសនយោបាយរាប់ពាន់នាក់ រួមទាំងសេដ្ឋវិទូអូស្ត្រាលីលោក សៀន ថូនេល (Sean Turnell), អតីតឯកអគ្គរដ្ឋទូ…

លោកចូបៃឌិន សាទរជ័យជំនះរបស់គណបក្សសាធារណៈឈ្នះការបោះឆ្នោតសភា និងស្វាគមន៍ការវិលត្រឡប់របស់លោកត្រាំ

ទន្ទឹមនឹងការសាទរនូវជ័យជំនះរបស់គណបក្សសាធារណរដ្ឋ ដែលបានឈ្នះការបោះឆ្នោតសម្រាប់គ្រប់គ្រងសំឡេងភាគច្រើននៅក្នុងសភា លោកចូ បៃឌិន ដែលជាប្រធានាធិប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ