ចូបៃឌិន-ដូណាល់ ត្រាំ

លោកចូបៃឌិន សាទរជ័យជំនះរបស់គណបក្សសាធារណៈឈ្នះការបោះឆ្នោតសភា និងស្វាគមន៍ការវិលត្រឡប់របស់លោកត្រាំ


ទន្ទឹមនឹងការសាទរនូវជ័យជំនះរបស់គណបក្សសាធារណរដ្ឋ ដែលបានឈ្នះការបោះឆ្នោតសម្រាប់គ្រប់គ្រងសំឡេងភាគច្រើននៅក្នុងសភា លោកចូ បៃឌិន ដែលជាប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ ក៏បានស្វាគមន៍ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ក្នុងការវិលចូលរួមក្នុងការប្រណាំងប្រជែងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤។
លោកចូបៃឌិនស្វាគមន៍ការវិលត្រឡប់របស់លោកត្រាំ

ការស្វាគមន៍នេះ ដ្បិតក្រុមប្រជាធិបតេយ្យជឿជាក់ថា ការវិលត្រឡប់របស់លោកត្រាំ អាចនឹងជួយឱ្យលោក ចូ បៃដិន នឹងអាចឈ្នះក្នុងអាណត្តិទី២ ជាបន្តទៀត ព្រោះគេចាត់ទុកអតីតប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋរូបនេះ ថាជាអ្នកនយោបាយដែលងាយរងគ្រោះ និងចាញ់រួចទៅហើយ ប៉ុន្តែក្រុមរបស់លោក បៃដិន ក៏បានព្រួយបារម្ភពីផលប៉ះពាល់នៃយុទ្ធនាការដ៏ជូរចត់ដែលអាចកើតមាននៅអាមេរិកផងដែរ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅថ្ងៃទី១៦ វិច្ឆិកា បានសាទរចំពោះក្រុមសាធារណរដ្ឋ ដែលបានឈ្នះការបោះឆ្នោត និងដឹកនាំសំឡេងភាគច្រើនក្នុងសភា ក្រោយពីមានការបោះឆ្នោតពាក់កណ្ដាលអាណត្តិកាលពីសប្ដាហ៍មុន។ លោកចូ បៃឌិន បាននិយាយថា លោកនឹងធ្វើការជាមួយក្រុមសាធារណរដ្ឋ ដើម្បីផ្ដល់ជាប្រយោជន៍ដល់ពលរដ្ឋអាមេរិកាំង។

ទន្ទឹមនឹងការសាទរនេះ ជំនួយការ និងទីប្រឹក្សាជាច្រើននាក់របស់លោកចូ បៃដិន បានផ្តល់ការវាយតម្លៃរបស់ពួកគេពីរបៀបដែលប្រធានាធិបតី និងក្រុមរបស់លោកបានមើលឃើញចំពោះការចូលរួមប្រកួតប្រជែងរបស់លោក ត្រាំ ក្នុងការបោះឆ្នោតឆ្នាំ២០២៤ ក្រោយពីលោក ត្រាំ បានធ្វើប្រកាសច្បាស់ៗកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា។ អតីតប្រធនាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានខិតខំប្រឹងខ្លាំងណាស់ក្នុងការប្រកួតប្រជែងជាមួយដៃគូប្រជែងដ៏មានសក្តានុពលសម្រាប់ទទួលបានការគាំទ្រឲ្យឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤។

គេនៅចាំបានថា លោក បៃដិន ដែលបានឈ្នះលោក ត្រាំ នៅក្នុងការបោះឆ្នោតឆ្នាំ២០២០ដ៏ចម្រូងចម្រាស ហើយមកដល់ពេលនេះ នៅតែមានការរក្សាភាពស្ងប់ស្ងាត់ជាសាធារណៈនៅឡើយចំពោះការសម្រេចចិត្តរបស់លោក ត្រាំ។ នៅពេលក្រុមអ្នកកាសែតបានសួរលោក បៃដិន និងប្រធានាធិបតីបារាំងលោក អេម៉ាញូអែល ម៉ាក្រុង នៅឯកិច្ចប្រជុំជី២០នៅកោះបាលីថាតើពួកគេមានប្រតិកម្មយ៉ាងណាចំពោះការប្រកាសរបស់លោក ត្រាំ ក្នុងការវិលត្រឡប់មកប្រជែងការបោះឆ្នោតនៅឆ្នាំ២០២៤នោះ? មេដឹកនាំទាំង២នេះបានមើលមុខគ្នានិងញញឹមដាក់គ្នាមួយភ្លែតបន្ទាប់មកលោក បៃដិន បាននិយាយថា គឺពិតជាមិនចាប់អារម្មណ៍នោះទេ។

ជំនួយការរបស់លោក បៃដិន បានចាត់ទុកលោក ត្រាំ ថាជាមនុស្សម្នាក់ងាយរងគ្រោះ និងចាញ់រួចទៅហើយ។ ពួកគេក៏បានពណ៌នាលោក ត្រាំ ថាជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក តាមរយៈការអះអាងមិនពិតជាបន្តបន្ទាប់របស់ខ្លួនថា ការបោះឆ្នោតឆ្នាំ២០២០បានកេងបន្លំសន្លឹកឆ្នោតរបស់លោកយ៉ាងទូលំទូលាយ ជាការអះអាងមួយដែលជំរុញឱ្យក្រុមគាំទ្ររបស់លោកសម្រុកចូលវាយប្រហារអគារសភារបស់អាមេរិកនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ប្រធានាធិបតីចិនស្តីបន្ទោសនាយករដ្ឋមន្ត្រីកាណាដានៅកណ្តាលចំណោម ក្រោយធ្វើឱ្យបែកធ្លាយកិច្ចសន្ទនាបិទទ្វារមួយនៅកិច្ចប្រជុំកំពូលG20

ព័ត៌មាន
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃពុធទី១៦វិច្ឆិកា បានរិះគន់ចំៗ និងដោយផ្ទាល់មាត់តែម្តង ទៅកាន់នាយករដ្ឋមន្ត្រីកាណាដាលោក ចាស់ស្ទីន ទ្…

លោក ស៊ី ជីនពីង កំពុងបែរខ្នងដាក់លោក ពូទីន និងងាកទៅរកបស្ចិមលោក ដើម្បីស្តារមុខមាត់លើឆាកអន្តរជាតិឡើងវិញ ឬយ៉ាងណា?

ព័ត៌មាន
ប្រទេសចិន បានបង្ហាញឲ្យពិភពលោកឃើញអំពីការចូលរួមក្នុងឆាកអន្តរជាតិកាន់តែសកម្មជាងមុន ដោយមិនទុកខ្លួនឯងឲ្យនៅឯកោនោះទេ ខណៈដែលមេដឹកនាំកំពូលៗរប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ