មេដឹកនាំចិនលោក ស៊ី គ្រោងជួបលោក ពូទីន ជាលើកដំបូងនៅក្រៅប្រទេស់

ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងចាកចេញពីប្រទេសជាលើកដំបូង ដើម្បីទៅជួបជាមួយបុរសខ្លាំងរុស្ស៊ី កពូទីន នៅសប្ដាហ៍នេះ


លោក Xi Jinping ប្រធានាធិបតីចិននឹងឈានជើងចាកចេញពីប្រទេសជាលើកដំបូងក្នុងរយៈពេលជាង២ឆ្នាំមកនេះ ដើម្បីធ្វើដំណើរទស្សនកិច្ចនៅសប្តាហ៍នេះ ទៅកាន់តំបន់អាស៊ីកណ្ដាល ហើយក៏គ្រោងជួបជាមួយលោក Vladimir Putin ផងដែរ។ ដំណើរទស្សនកិច្ច គឺនឹងត្រូវធ្វើឡើង នៅមុនមួយខែនៃថ្ងៃរៀបចំសមាជបក្សកុម្មុយនិស្តចិន ដែលជាអ្វីដែលគេមើលឃើញថា ជាការពង្រឹងអំណាចយ៉ាងរឹងមាំរបស់លោកស៊ីជីនពីងចាប់តាំងពីសម័យលោកម៉ៅ សេទុងមក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងចាកចេញពីប្រទេសជាលើកដំបូង ដើម្បីទៅជួបជាមួយបុរសខ្លាំងរុស្ស៊ី កពូទីន នៅសប្ដាហ៍នេះ

មែនទែនទៅ ដំណើរទស្សនកិច្ចក្រៅប្រទេសរបស់លោក ស៊ី ជីនពីងនេះ គឺជាលើកដំបូងបង្អស់ហើយចាប់តាំងពីការរាត្បាតជំងឺកូវីដ១៩ ក្នុងប្រទេសចិន ដោយលោកនឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកាហ្សាក់ស្ថាននៅថ្ងៃពុធ ទី ១៤ ខែកញ្ញានេះ។

បើតាមការបញ្ជាក់ដោយមន្ត្រីកាហ្សាក់ស្ថាន និងវិមានក្រឹមឡាំង បន្ទាប់ពីនោះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងជួបលោក ពូទីន ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុងសាម៉ាខិន (Samarkand) ក្នុងប្រទេសអ៊ូសបេគីស្ថានផងដែរ។

គួរគូសជម្រាបដែរថា អង្គការសហប្រតិបត្តិការសៀងហៃ ដែលរួមមាន រុស្ស៊ី ចិន ឥណ្ឌា ប៉ាគីស្ថាន និងរដ្ឋអាស៊ីកណ្តាលចំនួនបួន ដែលគ្រោងនឹងទទួលយកអ៊ីរ៉ង់ផងនោះ ជាអង្គការថ្នាក់តំបន់ដ៏ធំមួយដែលធ្វើសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសន្តិសុខនៅតំបន់អឺរ៉ាស៊ីទាំងមូល។

លោក យ៉ូរី យ៉ូសាកូវ (Yuri Ushakov) ជំនួយការទទួលបន្ទុកគោលនយោបាយការបរទេសរបស់លោក Putin បានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា ប្រធានាធិបតីរុស្ស៊ីត្រូវបានគេរំពឹងថានឹងជួបលោក ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំកំពូលសៀងហៃ។ ប៉ុន្តែ វិមានក្រឹមឡាំងបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីកិច្ចពិភាក្សានោះទេ ហើយភាគីចិនក៏មិនទាន់បញ្ជាក់ពីគម្រោងធ្វើដំណើររបស់លោក ស៊ី ជីនពីង ឲ្យបានច្បាស់នៅឡើយដែរ។

វាពិតជាសំខាន់ណាស់ដែរដា កិច្ចប្រជុំតទល់មុខគ្នារវាងមេដឹកនាំទាំងពីរនេះ នឹងបង្ហាញពីការគាំទ្រគ្នាទៅវិញទៅមក និងសរបញ្ជាក់ពីការប្រឆាំងរបស់ខ្លួន ចំពោះជំហររបស់ប្រទេសលោកខាងលិច ដែលដាក់ទណ្ឌកម្មរុស្សីចំពោះសង្គ្រាមនៅអ៊ុយក្រែន និងការលូកដៃរបស់អាមេរិកនៅក្នុងសំណុំរឿងកោះតៃវ៉ាន់របស់ចិន។

ភាពជាដៃគូ «គ្មានដែនកំណត់» ត្រូវបានគេមើលឃើញថា កាន់តែមានភាពស៊ីជម្រៅរវាងមហាអំណាចទើបរះ គឺប្រទេសចិន និងមហាអំណាចយោធា និងធនធានគឺប្រទេសរុស្ស៊ី គឺជាការវិវត្តភូមិសាស្ត្រនយោបាយដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានធ្វើឲ្យប្រទេសបស្ចិមលោកមានការព្រួយបារម្ភមែនទែន។

លោក Alexander Korolev សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ New South Wales (UNSW) បាននិយាយថា ដំណើរទស្សនកិច្ចនេះ «ឆ្លុះបញ្ជាំងថា ប្រទេសចិនមានមិនត្រឹមតែមានឆន្ទៈបន្តទំនាក់ទំនងជាមួយរុស្សីដូចសព្វមួយដងប៉ុណ្ណោះទេ ថែមទាំងសបង្ហាញយ៉ាងច្បាស់ពីការពន្លឿននូវសម្ព័ន្ធភាពឲ្យកាន់តែរឹងមាំផងដែរ។

មួយវិញទៀត លោក ស៊ីជីនពីង បានជួបលោក Putin ដោយផ្ទាល់៣៨ដងមកហើយ ចាប់តាំងពីបានក្លាយជាប្រធានាធិបតីរបស់ប្រទេសចិនក្នុងឆ្នាំ២០១៣មក ប៉ុន្តែលោកមិនដែលបានជួបជាមួយលោក Joe Biden ដោយផ្ទាល់នៅឡើយទេ ចាប់តាំងពីលោក ចូ ដៃដិន បានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ២០២១នោះ។

ទន្ទឹមនឹងគ្នានេះ បន្ទាប់ពីប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូផ្ទួនៗនោះ វិមានក្រឹមឡាំងត្រូវបានគេសង្កេតថា កំពុងរើខ្លួន និងងាកមករកតំបន់អាស៊ីកាន់តែខ្លាំងទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ដូចជាការពង្រីក និងពង្រឹងសម្ព័ន្ធមិត្ត សន្តិសុខ និងពាណិជ្ជកម្មជាដើម។

ជាមួយគ្នា លោក ពូទីន កាលពីសប្តាហ៍មុនបាននិយាយថា ខ្លួនបានយល់ព្រមលើការនាំចេញឧស្ម័នទៅកាន់ប្រទេសចិនតាមបំពង់បង្ហូរឧស្ម័នថ្មីគឺ បំពង់ស៊ីបេរី២របស់ក្រុមហ៊ុន Gazprom ដែលតភ្ជាប់ពីប្រទេសរុស្សីឆ្លងកាត់ប្រទេសម៉ុងហ្គោលី ទៅកាន់ប្រទេសចិន ហើយវាអាចផ្ទុកឧស្ម័នបាន៥០ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ ដែលស្មើប្រហែលនឹងមួយភាគបីនៃការនាំចេញឧស្ម័នរបស់រុស្សីទៅអឺរ៉ុប ឬស្មើនឹងបរិមាណប្រចាំឆ្នាំរបស់បំពង់បង្ហូរ Nord Stream 1៕




អត្ថបទបន្ទាប់


ប្រធានទីភ្នាក់ងារ USAID ប្រាប់ឲ្យស្រីលង្កា ដោះស្រាយអំពើពុករលួយរបស់ខ្លួនសិន មុននឹងអាចរកច្រកចេញពីវិបត្តិសេដ្ឋកិច្ចដ៏រាំរ៉ៃ

មន្ត្រីការទូតអាមេរិកដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសស្រីលង្កា កាលពីថ្ងៃអាទិត្យ ទី ១១ ខែ កញ្ញា បានជំរុញឱ្យអាជ្ញាធរប្រទេសកោះនេះ ដោះស្រាយអំពើព…

ឥណ្ឌូនេស៊ីពិចារណាទិញប្រេងពីរុស្ស៊ី ចំពេលកំពុងជួបភាពវឹកវរដោយសារប្រេងឡើងថ្លៃ និងអតិផរណាកើនខ្ពស់

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo កំពុងតែពិចារណាចូលរួមជាមួយប្រទេសឥណ្ឌា និងប្រទេសចិនក្នុងការទិញប្រេងពីប្រទេសរុស្ស៊ី ដើម្បីបន្ថយសម្ពាធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ