ជាអតីតមន្ត្រីគណៈកម្មការសុខាភិបាលជាតិរបស់ចិន ជាសាស្ត្រាចារ្យ និងបច្ចុប្បន្នជា ប្រធានក្រុមអ្នកជំនាញ ខាងប្រឹក្សាយោបល់ដល់រដ្ឋាភិបាលចិន អំពីការឆ្លើយតបនឹងមេរោគឆ្លងកូវីដ១៩ គឺលោកឡាំង វ៉ាននៀន បាននិយាយថា ទោះបីជាអ្នកដែលបានឆ្លងកូវីដ១៩ ហើយធ្លាក់ខ្លួនឈឺខ្លាំង ឬរហូតដល់ស្លាប់ នៅក្នុងប្រទេសចិននៅមានចំនួនតិចក៏ដោយ ប៉ុន្តែសម្រាប់ប្រទេសចិន ដែលមានប្រជាជនច្រើនជាងគេដល់ទៅ ១ពាន់៤រយលាននាក់នោះ ចាត់ទុកថា ករណីទាំងអស់ឆ្លង ឬស្លាប់នេះ ទោះតិចឬច្រើន វាគឺជាការគម្រាមកំហែងសម្រាប់ប្រទេសចិនទាំងមូល។
លោកឡាំង វ៉ាននៀន ថ្លែងដូចនេះ នៅក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកចិនមួយកាលពីយប់ថ្ងៃអាទិត្យសប្តាហ៍មុន។ មន្ត្រីជាន់ខ្ពស់ចិនរូបនេះ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា វាចាំបាច់ត្រូវតែស្ថិតក្រោមការគ្រប់គ្រង ហើយទោះមានការឆ្លងរាលដាលមែន ក៏មិនត្រូវបានអនុញ្ញាតឱ្យមានករណីជំងឺធ្ងន់ធ្ងរ និងការស្លាប់ជាច្រើននោះដែរ។
គួរជម្រាបថា បច្ចុប្បន្នចិនកំពុងអនុវត្តវិធានការគ្មានកូវីដ១៩របស់ខ្លួន ដោយធ្វើយ៉ាងណាព្យាយាមឃុំគ្រងការឆ្លងរាលដាលក្នុងសហគមន៍ឲ្យមានទំហំតូច និងឈានទៅកំចាត់អស់ការចម្លងតែម្តង។ យ៉ាងមិញគិតត្រឹមដើមខែធ្នូនេះ ចិនកំពុងមានការរាលដាលនៅ៤តំបន់ផ្សេងៗគ្នា ក្នុងនោះមានតំបន់ម៉ុងហ្គោលី តំបន់ហៃឡុងជាំង យូណាន និងខេត្តហឺប៉ីជាដើម។
វិធានការទប់ស្កាត់កូវីដ១៩របស់ចិន ភាគច្រើនគឺសំដៅដល់ការបិទព្រំប្រទល់តំបន់ ការរឹតត្បិតការធ្វើដំណើរ ក៏ដូចជាការបិទខ្ទប់តំបន់តូចៗផងដែរ។ លើសពីនេះទៀត ជាមួយនឹងគោលនយោបាយគ្មានកូវីដ១៩ ចិននៅតែបន្តអនុវត្ត ការធ្វើតេស្តជាប្រចាំ ការធ្វើចត្តាឡីស័ករយៈពេលវែងជាដើម ដែលទាំងនេះសុទ្ធសឹងតែផ្ទុយពីអ្វីដែលប្រទេសជាច្រើននៅជុំវិញពិភពលោកកំពុងអនុវត្ត។
គួរកត់សម្គាល់ថា កាលពីពេលថ្មីៗនេះចិនធ្លាប់បានព្រមានថា ប្រសិនបើខ្លួនហ៊ានបើកចំហប្រទេសដូចសហរដ្ឋអាមេរិក និងបារាំង និងលោកខាងលិចមួយចំនួន នោះចិនអាចប្រឈមមុខនឹងការឆ្លងជំងឺកូវីដ១៩ ច្រើនដល់ទៅជាង ៦៣ម៉ឺននាក់ ក្នុងមួយថ្ងៃ៕