កីឡាអូឡាំពិកនឹងដំណើរការធម្មតា

ចិនថានឹងគ្មានការបិទខ្ទប់ក្រុងប៉េកាំងព្រោះអូមីក្រុងទេ និងធានាមិនឲ្យប៉ះពាល់ដល់កីឡាអូឡាំពិក


បើទោះបីជាចិនកំពុងមានក្តីបារម្ភពីកំណើនកូវីដ១៩នៅក្នុងប្រទេស ពិសេសវត្តមានកូវីដ១៩អូមីក្រុងនៅក្នុងសហគមន៍យ៉ាងណាក្តី ក៏ចិនគ្មានផែនការបិទខ្ទប់រដ្ឋធានីប៉េកាំង ឬមួយផ្លាស់ប្តូរគោលនយោបាយទប់ស្កាត់កូវីដ១៩ សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងខែកុម្ភះខាងមុខនេះទេ ពោលគឺអ្វីៗនូវតែបន្តធ្វើតាមផែនការដែលធ្លាប់បានគ្រោងទុកកន្លងមកដដែល។ នេះជាការអះអាងប្រកបដោយភាពជឿជាក់ពីគណៈកម្មាការរៀបចំកីឡាអូឡាំពិករបស់ចិន ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
ប្រជាពលរដ្ឋចិនកំពុងឈរតំរង់ជួររងចាំការធ្វើតេស្តកូវីដ១៩

មក​ទល់​នឹង​ពេល​នេះ​វិធានការ​កូ​វី​ដ​១៩​ដែល​កំពុង​អនុវត្ត​នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង បាន​និង​កំពុង​ដំណើរការ​ទៅ​យ៉ាង​រលូន និង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​យ៉ាង​ពេញដៃ​ពី​រដ្ឋអំណាច​។ អាជ្ញាធរ​បាន​រៀបចំ​ឲ្យ​អ្នក​មក​ចូលរួម​កីឡា​អូ​ឡាំ​ពិ​ក​ពី​ប្រទេស​ដទៃ ដើរហើរ និង​រស់នៅ​ដាច់​ដោយឡែក​ពី​ប្រជាជន​នៅ​ក្នុងស្រុក​។ នេះ​បើ​តាម​លោក ហ័​ង ឈុ​ន (Huang Chun) ជា​មន្ត្រី​ផ្នែក​កីឡា​ទទួល​បន្ទុក​ការ​ត្រួតត្រា​ជំងឺឆ្លង នៃ​គណៈកម្មការ​អូ​ឡាំ​ពិ​ក​រដូវរងា​ទីក្រុង​ប៉េ​កាំ​ង​។

មន្ត្រី​រូប​នេះ​សង្កត់ធ្ងន់​ថា គ្មាន​ឡើយ​ការ​បិទ​ខ្ទប់​ទីក្រុង​ប៉េ​កាំ​ង និង​សូ​ម្បី​តែ​ការ​បិទ​ខ្ទប់​ខេត្ត​ដែល​នៅ​ជុំវិញ​រដ្ឋធានី​របស់​ចិន​មួយ​នេះ​ក៏​គ្មាន​ដែរ​។

ការ​លើក​ឡើង​ប្រកបដោយ​សុទិដ្ឋិនិយម​របស់​អាជ្ញាធរ​ចិន​ដូចនេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​កូ​វី​ដ​១៩ ពិសេស​មេរោគ​បំប្លែង​ខ្លួន​អូ​មី​ក្រុង កំពុង​មាន​ឥទ្ធិពល​មក​លើ​គោលនយោបាយ​គ្មាន​កូ​វី​ដ​១៩​ដ៏​តឹង​រឹង​នៃ​រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង​។ ជាក់ស្តែង ទីក្រុង​ធំ​ៗ និង​សំខាន់​ៗ​មួយ​ចំនួន​របស់​ចិន កំពុង​ស្ថិត​ក្រោម​ការ​តាមដាន​យ៉ាង​ដិត​ដល់ ហើយ​ខ្លះ​ទៀត​ក៏​កំពុង​ស្ថិត​ក្រោម​ការ​បិទ​ខ្ទប់​ផង​ដែរ​។

ស្ថិត​នៅ​ភាគ​ខាងលិច​រដ្ឋធានី​ប៉េ​កាំ​ង ទីក្រុង​កំពង់​ផែ​ដ៏​សំខាន់​ធាន​ជី​ន (Tianjing) បាន​បើក​យុទ្ធនាការ​ធ្វើតេស្តរ​កកូ​វី​ដ​ទ្រង់ទ្រាយ​ធំ លើ​ប្រជាជន​ចំនួន​១៤​លាន​នាក់​។ យុទ្ធនាការ​នេះ​បាន​ចាប់ផ្តើម​តាំង​តែ​ពី​ថ្ងៃអាទិត្យ​ទី​៩​មក​រា​ម្ល៉េះ ក្រោយ​ពី​បាន​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​ជិត ២០​នាក់ ក្នុង​នោះ ២​នាក់​មាន​ផ្ទុកមេរោគ​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង​។ អាជ្ញាធរ​ក្រុង​មួយ​នេះ កំពុង​មានការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ណាស់ ព្រោះ​ក្រុង​ធាន​ជី​ន ស្ថិត​នៅ​រយៈ​ចម្ងាយ​ធ្វើ​ដំណើរ​ប្រមាណ​តែ​ជាង​១​ម៉ោង ពី​ទីក្រុង​ប៉េ​កាំ​ង​ដែល​ត្រូវ​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងារ​ប៉ុណ្ណោះ​។

ទីក្រុង​អាន​យ៉ាង នៃ​ខេត្ត​ហឺ​ណា​ន របស់​ចិន​ដែល​មាន​ប្រជាជន​រស់នៅ​ជាង ៥​លាន​នាក់ កាលពីដើម​ស​ប្តា​ហ៍​នេះ ត្រូវ​បាន​អាជ្ញាធរ​ហាមប្រាម​ពលរដ្ឋ មិន​ឲ្យ​ចេញពីផ្ទះ និង​មិន​ឲ្យ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នោះ​ទេ ក្រោយ​បាន​រក​ឃើញ​ករណី​ឆ្លង និង​សង្ស័យ​ថា​បាន​ឆ្លង​កូ​វី​ដ​១៩ ជា​បន្តបន្ទាប់​។ ដោយឡែក ក្រុង​ស៊ី​អាន ដែល​ជា​កន្លែង​ផ្ទុះ​ឆ្លង​កូ​វី​ដ​១៩​ខ្លាំង​ក្នុង​រលក​ឆ្លង​ថ្មី​នៅ​ចិន​លើក​នេះ បាន​ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​៣​នៃ​ការ​បិទ​ខ្ទប់​ហើយ​។

គួរ​កត់​សម្គាល់ថា រលក​ឆ្លង​នៅ​ចិន​លើក​នេះ មិន​អាច​ប៉ះពាល់​ដល់ទី​ក្រុង​ប៉េ​កាំ​ង​និយាយ​ជា​រួម និង​និយាយ​ដោយឡែក​ដល់​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ក្តី ប៉ុន្តែ​អាជ្ញាធរ​រដ្ឋធានី​របស់​ចិន​មួយ​នេះ​កាលពី​ថ្ងៃ​ច័ន្ទ បាន​ស្នើ​ឲ្យ​ពលរដ្ឋ​កុំ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ទីក្រុង​បើ​មិន​ចាំបាច់ ពិសេស​នៅ​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​។ 

សូម​ជម្រាប​ថា កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​នៅ​ទីក្រុង​ប៉េ​កាំ​ង នឹង​ចូល​មក​ដល់​ក្នុង​ពេល​ជាង​៣​ស​ប្តា​ហ៍​ទៀត​ប៉ុណ្ណោះ ខណៈ​មក​ទល់​នឹង​ពេល​នេះ គណៈកម្មការ​មិន​ទាន់​បង្ហើប​ថា នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ក្នុងស្រុក​បាន​ចូល​ទស្សនា​ដែរ ឬ​យ៉ាងណា​នៅឡើយ​ទេ​។ មក​ទល់​នឹង​ពេល​នេះ មាន​អត្ត​ព​លិ​ក​ប្រមាណ ៧.៦០០​នាក់​ហើយ​បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ដំណើរការនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារចិន កាន់តែបង្ហាញភាពវិជ្ជមាន

ព័ត៌មាន
ដំណើរការនាំចេញផ្លែមៀនប៉ៃលិន និងត្រីប្រា ទៅកាន់ទីផ្សារប្រទេសចិន កាន់តែខិតជិតមកដល់ហើយក្រោយរដ្ឋបាលគយប្រទេសចិន បានធ្វើការវិភាគហានិភ័យ ន...

ជប៉ុនបង្ហាញគំនិតផ្តួចផ្តើមការវិនិយោគលើដំណើរការផលិតកម្មនៅក្នុងតំបន់អាស៊ាន

ព័ត៌មាន
ប្រទេសជប៉ុន បានបង្ហាញគំនិតផ្តួចផ្តើមទាក់ទងនឹងការវិនិយោគនៅក្នុងតំបន់អាស៊ាន ដែលផ្តោតលើដំណើរការផលិតកម្ម ដូចជា ខ្សែចង្វាក់ផ្គត់ផ្គង់ ការត...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ