គម្រោងហេដ្ឋារចនាសម្ព័ន្ធ

ក្រុមប្រឹក្សារដ្ឋចិន បញ្ជាឱ្យបណ្ដារដ្ឋបាលមូលដ្ឋានដែលជំពាក់បំណុលរុំកោះ បញ្ឈប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ


ក្រុមប្រឹក្សារដ្ឋចិន បានបញ្ជាឱ្យបណ្ដារដ្ឋបាលមូលដ្ឋានដែលជំពាក់បំណុលរុំកោះពន្យារពេល ឬបញ្ឈប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនដែលទទួលបានហិរញ្ញប្បទានពីរដ្ឋ ដើម្បីទប់ហានិភ័យបំណុល ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំង កំពុងព្យាយាមជំរុញសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
គម្រោងហេដ្ឋារចនាសម្ព័ន្ធ
ដោយ

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា ក្រុមប្រឹក្សារដ្ឋចិន បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការគ្រប់គ្រងបំណុលរបស់រដ្ឋបាលមូលដ្ឋានទូទាំងប្រទេសចិន ដែលមានទំហំសរុបរហូតដល់ទៅ១៣ទ្រីលានដុល្លារ ហើយជាវិធានការក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រុមប្រឹក្សារដ្ឋចិន បានចេញសេចក្តីណែនាំឱ្យបណ្ដាធនាគាររដ្ឋ និងរដ្ឋបាលមូលដ្ឋានក្នុងតំបន់ចំនួន១២ផ្សេងគ្នាទូទាំងប្រទេសចិន ពន្យារពេល ឬបញ្ឈប់គម្រោងនានា ដែលបញ្ចប់ការសាងសង់បានតិចជាងពាក់កណ្ដាល។

រដ្ឋាភិបាលក្រុងប៉េកាំង បាននិងកំពុងពង្រឹងការគ្រប់គ្រងបំណុលក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដើម្បីកាត់បន្ថយហានិភ័យនានាដែលអាចជះមកលើប្រទេសចិន និងស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេសនេះ ខណៈកំពុងព្យាយាមជំរុញកំណើនដែលបណ្ដារដ្ឋបាលមូលដ្ឋានពឹងផ្អែកជាយូរមកហើយលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។

ប្រភពដែលនិយាយក្នុងលក្ខខណ្ឌអនាមិកបានទម្លាយឱ្យដឹងថា គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានក្រុមប្រឹក្សារដ្ឋចិនបញ្ជាឱ្យពន្យារពេល ឬបញ្ឈប់ការសាងសង់ទាំងនោះរួមមានទាំងគម្រោងផ្លូវល្បឿនលឿន ការសាងសង់ឡើងវិញ និងពង្រីកអាកាសយានដ្ឋាន និងគម្រោងផ្លូវដែកក្នុងក្រុងផងដែរ ដោយលើកលែងតែគម្រោងលំនៅឋានដែលមានតម្លៃសមរម្យប៉ុណ្ណោះ។

ទោះជាយ៉ាងណា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សារដ្ឋចិន ដែលមានតួនាទីជាអ្នកឆ្លើយសំណួររបស់សារព័ត៌មានសម្រាប់ក្រុមប្រឹក្សានេះ មិនបានឆ្លើយតបសំណើសុំការបំភ្លឺជុំវិញបញ្ហានេះនោះទេ។

ក្រុមប្រឹក្សារដ្ឋចិនកាលពីពេលកន្លងទៅ បានរឹតបន្តឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលមូលដ្ឋានក្នុងតំបន់ចំនួន១២ផ្សេងគ្នា ទូទាំងប្រទេសចិន ដើម្បីដោះស្រាយបញ្ហាបំណុល និងបានកំណត់ថា តើគម្រោងទទួលបានហិរញ្ញប្បទានពីរដ្ឋណាខ្លះដែលអាចចាប់ផ្ដើមដំណើរការបាន។ បន្ថែមលើនេះក្រុមប្រឹក្សារដ្ឋចិន បានបញ្ជាឱ្យរដ្ឋបាលមូលដ្ឋាននានាបញ្ឈប់រាល់គម្រោងក្រោមកិច្ចសហការរវាងវិស័យរដ្ឋ និងឯកជន ដែលមានបញ្ហា និងបានដាក់ការរឹតបន្តឹងផ្សេងៗទៀតទៅលើការវិនិយោគផងដែរ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


សមាគមអ្នកចិញ្ចឹមសត្វអះអាងថា កម្ពុជាមានលទ្ធភាពអាចផ្គត់ផ្គង់សាច់គ្រប់គ្រាន់ ដោយមិនចាំបាច់នាំចូល

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អះអាងថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់សាច់សម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងព…

ក្រុមហ៊ុនយក្ស Amazon គ្រោងបោះទុន១៥ពាន់លានដុល្លារ ដើម្បីពង្រីកទីផ្សារសេវាកម្ម Cloud នៅជប៉ុន

ក្រុមហ៊ុន Amazon Web Services (AWS) បានទម្លាយឱ្យដឹងកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅថា ខ្លួនគ្រោងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់រហូតដល់ទៅជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ