អ្នកជំនាញចាត់ទុកសកម្មភាពនេះមិនត្រឹមតែបំផ្លាញញើសឈាមរបស់កសិករ និងម្ចាស់ចម្ការប៉ុណ្ណោះទេ ប៉ុន្តែកំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់អ្នកវិនិយោគឱ្យខ្លាចរអា និងស្ទាក់ស្ទើរក្នុងការបោះទុនវិនិយោគក្នុងវិស័យកសិកម្មផងដែរ ដែលទាមទារឱ្យអាជ្ញាធរដាក់ចេញនូវវិធានការក្តៅជាបន្ទាន់ ដើម្បីទប់ស្តាត់បញ្ហាចាក់ស្រេះមួយនេះ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកវិនិយោគក្នុងវិស័យកសិកម្ម បានសង្កេតឃើញថា បញ្ហាចោរលួចកសិផល និងទ្រព្យសម្បត្តិនានានៅតាមមូលដ្ឋានកំពុងរីករាលដាលទៅជាការលួចអាជីពយ៉ាងធ្ងន់ធ្ងរនាពេលបច្ចុប្បន្ននេះ ដែលវាមិនត្រឹមបង្កអសន្តិសុខសម្រាប់ប្រជាកសិករ ម្ចាស់ចម្ការ និងសហគ្រាសនោះទេ ប៉ុន្តែកំពុងធ្វើឱ្យអ្នកវិនិយោគធំៗហាក់ខ្លាចរអាក្នុងការមកបោះទុនវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជាផងដែរ។ បើតាមអ្នកជំនាញរូបនេះកត្តាដែលជំរុញឱ្យសកម្មភាពចោរកម្មទាំងនេះបន្តកើនឡើងខ្លាំង ដោយសារការអនុវត្តច្បាប់នៅមានកម្រិត ពោលគឺការចាប់បានត្រឹមអប់រំ និងធ្វើកិច្ចសន្យា រួចដោះលែង ដែលមិនអាចធ្វើឱ្យពួកគេរាងចាលឡើយ។ ហើយអ្វីកាន់តែធ្ងន់ធ្ងរនោះ ក្រុមចោរមួយចំនួនមានទាំងអាវុធជាប់ខ្លួន ដើម្បីជំរិតគំរាមដល់ម្ចាស់ចម្ការ និងសមត្ថកិច្ចវិញផងដែរ។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះបានអំពាវនាវឱ្យរាជរដ្ឋាភិបាលដាក់ចេញវិធានការក្តៅ និងដាក់ទោសទណ្ឌឱ្យបានតឹងរ៉ឹងបំផុត ដើម្បីលុបបំបាត់ជំងឺសង្គមមួយនេះឱ្យមានប្រសិទ្ធភាព។
ជាមួយគ្នានេះលោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្មបានគូសបញ្ជាក់ថា បញ្ហាចោរកម្មលួចទិន្នផលដំណាំរបស់កសិករនៅតាមចម្ការនានាពិតជាបានកំពុងកើនឡើងខ្លាំងមែននៅមួយរយៈពេលចុងក្រោយនេះ ដែលទាមទារឱ្យអាជ្ញាធរបង្កើនការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឱ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាពជាងមុន។ សម្រាប់អ្នកជំនាញរូបនេះ ដើមចមនៃបញ្ហានេះអាចបណ្តាលមកពីការអត់ការងារធ្វើរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូច្នេះក្រៅពីការអប់រំណែនាំ អាជ្ញាធរ និងភាគីពាក់ព័ន្ធត្រូវជួយសម្របសម្រួល ស្វែងរកការងារជូនពួកគេធ្វើ ដើម្បីបង្កើតប្រាក់ចំណូល និងកាត់បន្ថយចោរកម្មក្នុងសហគមន៍រយៈពេលវែង។
ពាក់ព័ន្ធបញ្ហានេះដែរលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានសំណូមពរយ៉ាងទទូចឱ្យអាជ្ញាធរចាត់វិធានការក្តៅលើអំពើចោរកម្មកសិផលនេះ ដោយមិនអាចបណ្តែតបណ្តោយទៀតបានឡើយ ដើម្បីស្ដារទំនុកចិត្តដល់វិនិយោគិន និងប្រជាកសិករ។ ជាការកត់សម្គាល់របស់ប្រធានសមាគមរូបនេះ ក្រោយមានការចាត់វិធានការក្តៅពីអាជ្ញារធរខេត្តកំពង់ធំ បញ្ហាចោរកម្មកសិផលនេះហាក់មានការស្ងប់ស្ងាត់បន្តិចក្នុងមូលដ្ឋានខេត្តកំពង់ធំ ប៉ុន្តែនៅតាមបណ្តាខេត្តដទៃទៀតហាក់នៅតែមានបញ្ហានេះកើតឡើងជាដដែលៗ។
គួរជម្រាបថា ការដោះស្រាយបញ្ហាចោរកម្មក្នុងចម្ការមិនមែនត្រឹមតែជាការការពារទិន្នផលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការការពារមុខមាត់សេដ្ឋកិច្ចជាតិ ការវិនិយោគ និងការរក្សាស្ថិរភាពសង្គមក្នុងសហគមន៍កសិកម្មទាំងមូល៕