តែយ៉ាងណា ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍កម្ពុជា រំពឹងថា ចរន្តភ្ញៀវទេសចរចិន ចូលមកកម្សាន្តនៅកម្ពុជា នៅឆ្នាំ២០២៥ នេះ នឹងមានកំណើនល្អប្រសើរជាងឆ្នាំមុន ដ្បិតថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ខាងមុខនេះ កម្ពុជាទទួលបានការកក់កញ្ចប់ដំណើរកម្សាន្តពីភ្ញៀវទេសចរចិន ច្រើនជាងឆ្នាំមុន។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានចាត់ទុកការឈរលេខរៀងទី៣ ក្នុងចំណោមភ្ញៀវទេសចរបរទេសដែលបានមកកម្សាន្តនៅកម្ពុជា ច្រើនជាងគេ កាលពីឆ្នាំមុនរបស់ភ្ញៀវទេសចរចិន ជាសញ្ញាណបង្ហាញពីភាពល្អប្រសើរជាបណ្តើរៗរបស់ភ្ញៀវទេសចរចិន ចូលកម្សាន្តនៅកម្ពុជា។ តាមរយៈលទ្ធផលនេះធ្វើឱ្យអ្នកជំនាញរូបនេះរំពឹងថា ភ្ញៀវទេសចរចិន ទំនងជាអាចវិលត្រឡប់ទៅកាន់ដំណែងជាភ្ញៀវទេសចរបរទសលំដាប់លេខរៀងទី១ ដែលចូលមកកម្សាន្តនៅកម្ពុជា ច្រើនជាងគេ នៅឆ្នាំនេះ ដោយសារបច្ចុប្បន្នការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទសទាំងពីរកាន់តែមានភាពរលូនជាងមុន។ យ៉ាងណាមិញ ស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីចិន កាន់តែខិតជិតចូលមកដល់ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ការកក់កញ្ចប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរចិន ចូលមកកម្ពុជានៅឆ្នាំនេះក៏មានច្រើនជាងឆ្នាំមុនផងដែរ។
ជាមួយគ្នានេះលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា រំពឹងថានៅក្នុងឆ្នាំ២០២៥នេះ កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរចិន បានកាន់តែច្រើនថែមទៀត ដ្បិតថា ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ កំពុងខិតខំប្រឹងប្រែងដាក់ចេញនូវគោលនយោបាយនានា ដើម្បីជំរុញកំណើនភ្ញៀវទេសចរចិន ចូលមកកម្ពុជា បន្ថែមទៀត។
តែយ៉ាងណា អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ដើម្បីអាចទាក់ទាញភ្ញៀវទេសចរចិន ចូលមកកម្ពុជា បានកាន់តែច្រើននោះ កម្ពុជា ក៏ត្រូវរៀបចំផ្ទះរបស់ខ្លួនឱ្យបានរួចរាល់ជាមុនផងដែរ ជាពិសេសទៅលើបញ្ហាសន្តិសុខសុវត្ថិភាពតែម្តង។
បើតាមការបញ្ជាក់របស់លោកជំទាវ ហ៊ុន ដានី អ្នកនាំពាក្យក្រសួងទេសចរណ៍ តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរកម្ពុជា-ចិន ពិសេសជាមួយប្រមុខការទូតចិន ប្រចាំកម្ពុជា ក្រសួងទេសចរណ៍ រំពឹងថា នៅឆ្នាំ២០២៥ នេះ កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរចិន កើនឡើងបន្ថែមទៀតក្នុងរង្វង់ប្រមាណ១,១លាននាក់ ខណៈនៅពេញមួយឆ្នាំ២០២៤ កន្លងទៅ កម្ពុជា ទទួលបានភ្ញៀវទេសចរចិន ជាង៨៤ម៉ឺននាក់ កើនឡើងប្រមាណ៥៥% បើធៀបនឹងឆ្នាំ២០២៣។
លោកជំទាវ ហ៊ុន ដានី បានបញ្ជាក់ដែរថា ក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រដើម្បីទាក់ទាញភ្ញៀវទេសចរចិន ចូលមកកម្ពុជា ផងដែរ តាមរយៈការផ្សព្វផ្សាយទីផ្សារទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារចិន ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមគ្នា និងការផ្លាស់ប្តូរវប្បធម៌ ប្រជាជននិងប្រជាជនជាដើម។ កាលពីពេលថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានចាត់តាំងថ្នាក់ដឹកនាំរបស់ក្រសួងឱ្យទទួលបន្ទុកសម្របសម្រួលដឹកនាំ និងជំរុញទីផ្សារទេសចរចិន នៅគ្រប់គោលដៅសំខាន់ៗរបស់ចិន សំដៅទាក់ទាញភ្ញៀវទេសចរចិនឱ្យចូលមកកម្ពុជា កាន់តែច្រើនបន្ថែមទៀតផងដែរ៕